រាជធានីភ្នំពេញ ៖ ម៉ាស៊ីន Server Computer ចំនួនពីរគ្រឿង តាមរយៈលោកវរសេនីយ៍ឯក សេង រតនៈ នាយការិយាល័យបោះពុម្ពផ្សាយទីចាត់ការឃោសនាព័ត៌មានវិទ្យាអគ្គបញ្ជាការត្រូវបានសប្បុរសជននៅសហរដ្ឋអាមេរិកនាំយកមកប្រគល់ជូនទីចាត់ការបុគ្គលិកនៃអគ្គបញ្ជាការ កាលពីរសៀលថ្ងៃទី១២ មិថុនា ២០១៣ ។
ពិធីប្រគល់នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ជឹម សុខ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបុគ្គលិក និងឧត្តមសេនីយ៍ឯក ខឹម សន ទីប្រឹក្សាអគ្គបញ្ជាការ និងជានាយកចាត់ការឃោសនាព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់នាយក នាយករង និងនាយការិយាល័យក្នុងទីចាត់ការបុគ្គលិក និងទីចាត់ការឃោសនាព័ត៌មានជាច្រើនរូបទៀត ។ នេះជាលើកទី២ហើយដែលលោកវរសេនីយ៍ឯក សេង រតនៈ បាននាំយកសម្ភារព័ត៌មានវិទ្យាមកប្រគល់ឱ្យទីចាត់ការបុគ្គលិកអគ្គបញ្ជាការ ដែលលើកទីមួយនៅអំឡុងខែមករា ឆ្នាំ២០១២ ហើយលើកទីពីរនេះសម្ភារម៉ាស៊ីនចំនួន២គ្រឿងមានតម្លៃជាង២ម៉ឺនដុល្លារអាមេរិក ។
លោក ជឹម សុខ បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សេង រតនៈ និងសប្បុរសជនរស់នៅសហរដ្ឋអាមេរិកដែលបានផ្តល់សម្ភារព័ត៌មានវិទ្យាដល់ទីចាត់ការបុគ្គលិកក្នុងការចូលរួមចំណែកអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ។ នេះបានបញ្ជាក់ថា ទោះបីបងប្អូនរស់នៅនិងធ្វើការនៅឆ្ងាយពីស្រុកកំណើតក៏ពិតមែន ក៏ប៉ុន្តែបងប្អូននៅតែមានទឹកចិត្តស្នេហាជាតិ ស្រឡាញ់មាតុប្រទេសរបស់ខ្លួន ហើយបានគិតគូររួមចំណែកដល់ខេមរភូមិន្ទឱ្យកាន់តែមានឆន្ទៈមោះមុតថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។
លោក ជឹម សុខ បានបញ្ជាក់ទៀតថា ជំនាញបុគ្គលិកត្រូវការចាំបាច់ណាស់ចំពោះម៉ាស៊ីន Server Computer ដើម្បីគ្រប់គ្រងឯកសារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យា ដែលប្រទេសកម្ពុជាឥឡូវកំពុងតែអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន ៕
ចែករំលែកព័តមាននេះ