ខេត្តកោះកុង ៖ មន្ត្រីរបស់អង្គការហាឡូត្រាស់ម្នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារគ្រាប់មីនផ្ទុះឡើង ខណៈពួកគេកំពុងបំពេញបេសកកម្មប្រមូលគ្រាប់មីនជាច្រើនគ្រាប់ដាក់ក្នុងកេសសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១២ មិថុនា នៅចំណុចវរសេនាតូចលេខ៣០៣ នៃតំបន់ប្រតិបត្តិការសឹកកោះកុង ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ក្រោយកើតហេតុ មន្ត្រីដោះមីនរបស់អង្គការហាឡូត្រាស់ដែលរងរបួសធ្ងន់២នាក់ត្រូវបានបញ្ជូនតាមអូប័រមកកាន់មន្ទីរពេទ្យបង្អែកខេត្តកាលពីវេលាម៉ោង៧យប់ ។ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក គេក៏បញ្ជូនទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញទាំងយប់ ។
តាមការបញ្ជាក់របស់ក្រុមមន្ត្រីខាងលើឱ្យដឹងថា អ្នករងរបួសមាន ១-ឈ្មោះ គង់ វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ និង២-ឈ្មោះ យុទ្ធ យួយ ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកឯអ្នកស្លាប់ឈ្មោះ មូល ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ។
លោកវរសេនីយ៍ទោ រ៉ម មុន្នីសុផា មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៣០៣ បញ្ជាក់ថា ក្រុមមន្ត្រីខាងលើមានសមាជិក៦នាក់ និងអ្នកបើកបរ២នាក់បានទទួលបេសកកម្មឱ្យមកប្រមូលគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅចំណុច២០៧ គិរីរម្យ ហើយបានបោះទីតាំងឈរជើងនៅក្នុងវរសេនាតូចលេខ៣០៣ អស់រយៈពេល១សប្តាហ៍មកហើយ និងបានប្រមូលគ្រាប់មីនចាស់ៗមិនទាន់ផ្ទុះបានប្រមាណពី៥០ទៅ៦០គ្រាប់ ហើយខណៈពេលពួកគេកំពុងលើកគ្រាប់មីនដាក់ចូលក្នុងកេសសុវត្ថិភាព ស្រាប់តែគ្រាប់មីនមួយគ្រាប់បានផ្ទុះឡើងបណ្តាលឱ្យគ្រាប់មីននៅក្នុងកេសទាំងអស់ត្រូវខ្ទាតខ្ចាត់ខ្ចាយអស់ បង្កឱ្យរងរបួស និងស្លាប់ដល់ក្រុមមន្ត្រីខាងលើនេះតែម្តង ។ នៅពេលនេះក្រុមមន្ត្រីខាងលើបានដកកម្លាំងត្រឡប់ទៅរាជធានីភ្នំពេញវិញទាំងយប់អស់ហើយ ៕
ចែករំលែកព័តមាននេះ