ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ​ប៊ុន​​ហាន​ ​និង​ ​ស៊ូ ​វណ្ណៈ​ ​ត្រូវ​​ការ​​ឈ្នះ​​គូ​​ប្រកួត​​ក្នុង​​ជុំ​​ទី​4​​ដូច​គ្នា​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ ទី​១៤​ មិថុនា​នេះ​ ការប្រកួត​ពូល​B ជម្រើស​ជើង​ឯក​ដណ្តើម​ខ្សែ​ក្រវាត់​របស់​ក្រុម​ហ៊ុន​សេង​​ ហុង​ហេង​ នឹង​ចាប់​ផ្តើម​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មានជ័យ​ដូច​ការគ្រោង​ទុក​ ។ ក្នុង​ចំណោម​អ្នក​មាន​ពិន្ទុ​ខ្ពស់​ទាំង​៦​ កីឡាករ​ ថៃ​ ប៊ុន​ហាន​ និង​ កីឡាករ​ ស៊ូ វណ្ណៈ​​ ត្រូវគេ​កត់​សម្គាល់​ថា ត្រូវ​ការ​៣​ពិន្ទុ​សម្រាប់​ល្ងាច​នេះ​ខ្លាំង​ក្លា​បំផុត​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ ទី​១៤​ មិថុនា​នេះ​ ការប្រកួត​ពូល​B ជម្រើស​ជើង​ឯក​ដណ្តើម​ខ្សែ​ក្រវាត់​របស់​ក្រុម​ហ៊ុន​សេង​​ ហុង​ហេង​ នឹង​ចាប់​ផ្តើម​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មានជ័យ​ដូច​ការគ្រោង​ទុក​ ។ ក្នុង​ចំណោម​អ្នក​មាន​ពិន្ទុ​ខ្ពស់​ទាំង​៦​ កីឡាករ​ ថៃ​ ប៊ុន​ហាន​ និង​ កីឡាករ​ ស៊ូ វណ្ណៈ​​ ត្រូវគេ​កត់​សម្គាល់​ថា ត្រូវ​ការ​៣​ពិន្ទុ​សម្រាប់​ល្ងាច​នេះ​ខ្លាំង​ក្លា​បំផុត​ ដើម្បី​ទប់​ខ្លួន​ឯង​កុំ​ឱ្យ​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​ខ្វែង​ក្នុង​ពេល​ដ៏​ខ្លី ។​ ជំនួប​​៣​​​ប្រកួត​កន្លង​មក​ កីឡាករ​ ថៃ​ ប៊ុនហាន​ មក​ពី​ក្លិប​បូរី​នាគ​រាជ និង​កីឡាករ​ ស៊ូ វណ្ណៈ​ មក​ពីក្លិប​យុវ​កីឡាខេត្ត​កណ្តាល​ មាន​៧​ពិន្ទុ​ស្មើ​គ្នា​ ខណៈ​ដែល​ពួក​គេ​ចាញ់​ពិន្ទុ​តែ​កីឡាករ​ នូវ ស៊ីថា​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិតែ​ម្នាក់​គត់​ ដែល​មាន​រហូត​ទៅ​ដល់​៩​ពិន្ទុ​ ព្រោះ​តែ​គេ​មិន​ដែល​ចាញ់ ។​

ជា​មួយ​នឹង​ឱកាស​ឈរ​ក្នុង​លេខ​រៀង​ទី​២​នេះ ទើប​កីឡាករ​ទាំង​ពីរ​សម្តែង​ការ​តាំង​ចិត្ត​យ៉ាង​លើស​លប់​ដើម្បី​ប្រជែង​យក​៣​ពិន្ទុ​បន្ថែម​ក្នុង​ជុំ​ទី​៤​នេះ ។​
កីឡាករ​ ថៃ​ ប៊ុន​ហាន​ អះ​អាង​ថា​ លោក​មិន​អាច​ចាញ់​បាន​ទេ​សម្រាប់​ការ​ប្រកួត​នា​ល្ងាច​នេះ​ ដើម្បី​កុំ​ឱ្យ​បាត់​តំណែង​ដែល​លោក​ខំ​ប្រឹង​ប្រែង​តាំងពី​ដើមទី​មក​ ហើយ​មិន​បាន​ឡើង​ទៅ​ប្រកួត​ខ្វែង​ដណ្តើម​ខ្សែ​ក្រវាត់​របស់​ក្រុម​ហ៊ុន​សេង​ ហុង​ហេង ។ លោក​មាន​ជំនឿ​ថា​ ៣​ពិន្ទុ​សម្រាប់​ល្ងាច​នេះ​ពិត​ជា​មិន​ពិបាក​នោះ​ទេ​ ដោយ​សារ​តែ​គូ​ប្រកួត​ដែល​លោក​ប៉ះ​ជា​មួយ​ មិន​មែន​ជាដៃគូ​ថ្មី​ដែល​លោក​មិន​ធ្លាប់​ដឹង​ពី​សមត្ថ​ភាព ។​

តាម​សេចក្តី​ប្រកាស​ លោក​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ សុខ​ វិរៈ​ មក​ពី​ក្លិប​សំរោង​កោង​ដែល​មាន​តែ​៣​ពិន្ទុ​ក្នុងការ​ប្រកួត​ទាំង​៣​លើក​ ដែល​អ្នក​ទស្សនា​ការប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​នេះ​​រំពឹង​ដូចគ្នា​ថា​ លោក​ពិត​ជា​អាច​ទៅ​រួច ។​ សំអាង​លើការ​បរាជ័យ​ទាំង​៣​លើក​របស់ សុខ វិរៈ​ ទើប ថៃ​ ប៊ុន​ហាន​ កាន់​តែ​មាន​ជំនឿ​១០០%​ ថា​ ខ្លួន​ពិត​ជា​ក្តោប​ក្តាប់​បាន​១០​ពិន្ទុ​ក្រោយ​ពី​ការ​ប្រកួត​លើក​នេះ ។​

កីឡាករ​ ស៊ូ វណ្ណៈ​ ឯ​ណេះ​វិញ​ ថ្វីដ្បិត​ថា​ត្រូវ​ឡើង​រេញ​ប៉ះ​ជា​មួយ​កីឡាករ​ នូវ ស៊ីថា ដែល​មាន​៩​ពិន្ទុ​ក្នុងដៃ ប៉ុន្តែ​លោក​ហាក់​មាន​ការតាំង​ចិត្ត​រួចជាស្រេច​ហើយ​ថា​ នឹង​អាចឈ្នះ​ដូចគ្នា​សម្រាប់​ល្ងាច​នេះ ។​ បើ​លោក​ចាញ់​ក្នុង​ជុំ​នេះ​ វា​មិន​មែន​ជា​រឿង​សង្ឃឹម​កើត​ទេ​សម្រាប់​ឱកាស​ឡើង​ទៅ​ប្រកួត​ខ្វែង​ក្នុង​វគ្គ​បន្ទាប់​ដែល​លោក​រំពឹង​ទុក ។​ អញ្ចឹង​ហើយ​ទើប​កាន់​តែ​ធ្វើ​ឱ្យ​លោក​បង្ហាញ​ការ​ប្រយ័ត្ន​ប្រយែង​ជាមួយ​នឹង​ការ​ត្រៀម​ជាស្រេច​ដើម្បី​ទប់​កណ្តាប់​ដៃ​ និង​រន្ទះ​ជើង​ដ៏​ខ្លាំង​ក្លា​របស់​កីឡាករ នូវ ស៊ីថា​ កុំ​ឱ្យ​សម្រេច​គោល​ដៅ​សម្រាប់​ជុំ​ទី​៤ ។​ លោក​បញ្ជាក់​ថា​ នូវ ស៊ីថា​ មិន​ទាន់​ចាញ់​សោះ​ក្នុង​៣​ប្រកួត​មុន​ ប៉ុន្តែ​លោក​ក៏​មិន​អាច​បណ្តោយ​ឱ្យ​ចាញ់​កីឡាករ​រូប​នេះ​បាន​ដែរ​ ដើម្បី​ឆ្លង​ឱ្យ​ផុត​ឱកាស​ធ្លាក់​តំណែង ។​

ការ​តាំង​ចិត្ត​របស់​កីឡាករទាំង​ពីរ​ ថៃ ប៊ុន​ហាន ត្រូវ​គេជឿ​ថា​អាច​កើត​ឡើង​ ប៉ុន្តែ​សម្រាប់​ ស៊ូ វណ្ណៈ​ ហាក់​ត្រូវ​គេ​ភ័យ​បារម្ភ​បន្តិច​ ។​ ទោះ​បី​យ៉ាង​ណា​ លទ្ធ​ផល​ជាក់​ស្តែង​មិន​អាច​សំអាង​ថា អ្នក​ខ្លាំង​ជាអ្នក​ឈ្នះ​នោះ​ទេ​ ដោយ​សារ​តែ​ការ​ប្រកួត​នៅ​លើ​រេញ​ វា​ទាមទារ​នូវ​សំណាង​មួយ​ផង​ដែរ ។​ នៅ​ក្នុង​ជុំ​នេះ​ដែរ​ កីឡាករ​ យ៉ាម ពិសិដ្ឋ​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ និង​កីឡាករ​ ហ៊ុន​ គីរី​ មក​ពី​ក្លិប​តាព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿង​ញៀន​ ដែល​មាន​៥​ពិន្ទុ​ស្មើ​គ្នា​ នឹង​ជួប​ប្រកួត​គ្នា​ ដែល​កីឡាករ​ទាំង​ពីរ​នេះ​ហាក់​ពិបាក​សង្ឃឹម​ទៅ​ប្រកួត​ខ្វែង​បន្តិច​ គឺ​លើក​លែងតែ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​រក​បាន​៦​ពិន្ទុ​ពី​ការ​ប្រកួត​២​លើក​ចុង​ក្រោយ ។​ ចាំ​មើល​មើល៍​ តើ​កីឡាករ​ដែល​តាំង​ចិត្ត​អាច​ដណ្តើម​ពិន្ទុ​បាន​ឬ​មិន​បាន​សម្រាប់​ល្ងាច​នេះ ៕​