រាជធានីភ្នំពេញ ៖ ក្រុមចម្ការកៅស៊ូបឹងកេតពេលនេះនៅតែរក្សាតំណែងជួរមុខក្នុងតារាងបានយ៉ាងល្អដដែល បើទោះជាលេងចាញ់ក្រុមគិរីវង់សុខសែនជ័យ ៥-៧ នៅពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃពុធទី១២ មិថុនា ក្នុងក្របខ័ណ្ឌបាល់ទាត់Metfone Cambodian League 2013 យ៉ាងណាក៏ដោយ ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺក្រុមគិរីវង់សុខសែនជ័យបានធ្វើឱ្យក្រុមខ្លាំងចម្ការកៅស៊ូបឹងកេតស្គាល់រសជាតិនៃការបរាជ័យជាលើកទី២ ។
នៅក្នុងតង់ទី១ក្រុមទាំង២មានលទ្ធភាពរកបានគ្រាប់បាល់២ស្មើ ។ ២គ្រាប់របស់ក្រុមចម្ការកៅស៊ូបឹងកេតរកបានដោយខ្សែប្រយុទ្ធBISAN GEORGE ពាក់អាវលេខ៣៦ នៅនាទីទី១៤ និងកីឡាករសុខ ផេង ពាក់អាវលេខ២៧ នៅនាទីទី៣២ ។ ចំណែក២គ្រាប់របស់ក្រុមគិរីវង់សុខសែនជ័យរកបានដោយកីឡាករ NWAKUNA FRIDAY ពាក់អាវលេខ១៨ នៅនាទីទី៣០ និង៤០ ។ ចូលដល់តង់ទី២ក្រុមចម្ការកៅស៊ូបឹងកេតរកបាន៣គ្រាប់បន្ថែមទៀត ក្នុងនោះ១គ្រាប់ រកបានដោយកីឡាករសួង វីរៈ ពាក់អាវលេខ៤១ នៅនាទីទី៦៦ និង២គ្រាប់ទៀតរកបានដោយកីឡាករ BISAN GEORGE ពាក់អាវលេខ៣៦ នៅនាទីទី៧០ និង៧៤ ។
ចំណែកឯក្រុមគិរី វង់សុខសែនជ័យ មានឱកាសរកបាន៥គ្រាប់បន្ថែមទៀតដោយកីឡាករសាវ័ន រតនវិសារ ពាក់អាវលេខ១៩ នៅនាទីទី៧៣ និង៨៥ , កីឡាករ GIWA BOLAJI AKEEM ពាក់អាវលេខ៥ នៅនាទីទី៧៦ , កីឡាករញឹម សុវណ្ណារ៉ា ពាក់អាវលេខ២៦នៅនាទីទី៨២ និងកីឡាករNWA KUNA FRIDAY នៅនាទីទី៩០+២ ។ ក្រុមគិរីវង់សុខសែនជ័យ បើទោះជាទទួលបានជ័យជម្នះលើក្រុមចម្ការកៅស៊ូបឹងកេតក៏ ដោយក៏គេមិនអាចឡើងមកដល់ក្រុមកំពូលតារាងទាំង៤បានដែរ បានត្រឹមរំកិលឡើងពីលេខរៀងទី៦ មកនៅលេខរៀងទី៥ ក្នុងតារាងប៉ុណ្ណោះ ។ ក្រុមនេះប្រកួតបាន១៤លើក ក្នុងនោះឈ្នះ៦ ស្មើ ៣ ចាញ់ ៥ មាន១២ពិន្ទុ រីឯក្រុមចម្ការកៅស៊ូបឹងកេតវិញប្រកួតបាន១៣លើក ឈ្នះ១០ ស្មើ១ ចាញ់ ២ មាន៣១ពិន្ទុ ៕
ចែករំលែកព័តមាននេះ