កាលពីថ្ងៃពុធ ទី១២ មិថុនាកន្លងទៅនេះ ធនាគារពិភពលោក (WB) បានទម្លាក់ការព្យាករកំណើនរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចសាកលនៅក្នុងឆ្នាំ២០១៣ នេះ ប៉ុន្តែបាននិយាយថា កំណើនទំនងជាមានលំនឹងល្អប្រសើរជាងកាលពី មុនវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។
សេដ្ឋកិច្ចសាកលត្រូវបានគេរំពឹងថា នឹងកើនក្នុងអត្រាប្រចាំឆ្នាំ២,២% នៅក្នុងឆ្នាំនេះ ដោយសារមានកំណើន៥,១% នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ របាយការណ៍បាននិយាយថា កំណើនទាំងស្រុងមិនខ្លាំងណាស់ណាទេ ពីព្រោះប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនបានរើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុតិចតួច ។
លោក Kaushik Basu អ្នកសេដ្ឋសាស្ត្រជាន់ខ្ពស់របស់ធនាគារពិភពលោកនិយាយថា ការប៉ាន់ស្មាននាពេលនេះគឺស្រដៀងគ្នានឹងអ្វីដែលយើងបាននិយាយកាលពី៦ខែមុន ។ នៅក្នុងសេដ្ឋកិច្ចសាកលដែលច្របូកច្របល់នេះជាដំណឹងល្អមួយនៅពេលដែលអ្នកមានរយៈពេល២ ដែលមិនមានការប្រែប្រួល និងការផ្លាស់ប្តូរណាមួយកើតឡើង ។ជាការកត់សម្គាល់ កំណើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ត្រូវបានញាំញីដោយដំណើរដើរថយក្រោយនៃសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ។ ជាក់ស្តែង ប្លុកប្រទេសទាំង១៧បានធ្លាក់ចុះកំណើន០,៦% ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តំបន់ពាក់កណ្តាលសាហារ៉ារបស់អាហ្វ្រិកនឹងទទួលបានកំណើនល្អប្រសើរនៅក្នុងឆ្នាំនេះជាមួយនឹងកំណើនដល់៤,៩% ដោយសារមានកត្តាតម្រូវការក្នុងស្រុកខ្ពស់ និងលំហូរសាច់ប្រាក់ចេះតែកើនឡើងពីកម្មករក្រៅប្រទេស ។ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចប្រទេសចិននឹងកើនបាន៧,៧% នៅក្នុងឆ្នាំនេះ ពោលគឺធ្លាក់ចុះពី៨,៤% ហើយប្រទេសឥណ្ឌានឹងកើនបាន៦,១% ខណៈដែលប្រេស៊ីលធ្លាក់ចុះដល់២,៩% ។ ចំណែកសេដ្ឋកិច្ចអាមេរិកវិញនឹងកើនបាន២% នៅក្នុងឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ