រាជធានីភ្នំពេញ ៖ គ្រូបង្គោលផ្នែកចរាចរណ៍ផ្លូវគោកចំនួន៧២រូបមកពី២៤រាជធានី-ខេត្ត បានទទួលវគ្គបណ្តុះបណ្តាលស្តីពីការអប់រំសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍រយៈពេល២ថ្ងៃ ដែលរៀបចំឡើងនៅសាលប្រជុំអគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៣ មិថុនា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអប់រំសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋនៅសហគមន៍រយៈពេល២ថ្ងៃនេះ ស្ថិតក្រោមកិច្ចសហការរវាងនាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ និងអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) ។ វគ្គបណ្តុះបណ្តាលនេះ មន្ត្រីនគរបាលជាគ្រូបង្គោលទទួលបានចំណេះដឹងបន្ថែមទៀតស្តីពីសុវត្ថិភាពចរាចរណ៍ វិធីសាស្រ្តអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ជាពិសេសអំពីការបើកបរមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។
ក្រៅពីភារកិច្ចរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពនៅលើដងផ្លូវ និងតាមទីសាធារណៈ នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិបានខិតខំមួយជំហានទៀត ក្នុងការកាត់បន្ថយចំនួនជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលដើម្បីចុះអប់រំផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំឱ្យបានយល់ដឹង និងអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ ។
ការជំរុញ និងលើកកម្ពស់ការពាក់មួកសុវត្ថិភាព និងការមិនបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាប្រធានបទចម្បងដែលត្រូវផ្តោតការយកចិត្តទុកដាក់ ។ ការចុះអប់រំនៅតាមភូមិ-ឃុំនេះនឹងធ្វើឡើងដោយសហការជាមួយក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅក្នុងមូលដ្ឋាន ។
លោក គង់ សុវណ្ណ នាយកអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) បានសម្តែងក្តីរីករាយ ក្នុងការបង្កើតឡើងនូវកិច្ចសហការរវាងអគ្គស្នងការនគរបាលជាតិជាមួយនឹងកាកបាទក្រហមកម្ពុជា ក្នុងការរួមគ្នាចុះអប់រំសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋតាមភូមិ-ឃុំ ។
ក្នុងនាមជាសហគមន៍ផ្តល់ជំនួយក្នុងគម្រោងសុវត្ថិភាពចរាចរណ៍ ១០ប្រទេសដែលទទួលបានថវិកាពីមូលនិធិប៊្លមប៊ើកភីលែនត្រូភី លោករីករាយដោយឃើញមានកិច្ចសហការបែបនេះ ហើយតាមរយៈកិច្ចសហការខាងលើ លោកសង្ឃឹមថាប្រជាពលរដ្ឋក្នុងមូលដ្ឋានគោលដៅ ជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនឹងចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសរួមគ្នាប្រើប្រាស់មួកសុវត្ថិភាព និងមិនបើកបរក្រោយពេលពិសាគ្រឿងស្រវឹង ៕
ចែករំលែកព័តមាននេះ