ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ មិថុនា ប៉ូលិសចរាចរសណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែត បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចរង្វង់ក្នុងសង្កាត់ប៉ោយប៉ែត រហូតដល់សង្កាត់ផ្សារកណ្តាល ។សមត្ថកិច្ចបានបញ្ជាឱ្យអាជីវករដែលដាក់តាំងលក់គ្រឿងសំណង់ តូបលក់ដូរ ដែលហៀរដល់ចិញ្ចើមផ្លូវឱ្យត្រូវរុះរើថយក្រោយឱ្យបាន៥ម៉ែត្រពីចិញ្ចើមផ្លូវ ។ ជាការកត់សម្គាល់ក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់នេះ ប៉ូលិសបានជួយរើ និងជញ្ជូនជាមួយអាជីវករទាំងនោះ ។ ប៉ូលិសបានណែនាំអាជីវករលក់ហ្គាសតាមដងផ្លូវទាំងអស់មិនត្រូវចតរថយន្ត២ជួរឬប្រសេចប្រសាចទេ ។
លោក សៅ សារឿន នាយផ្នែកចរាចរសណ្តាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែតឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះគឺអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការនគរបាលក្រុង ក្នុងគោលបំណងកែលម្អសោភ័ណភាពក្រុង ។ គួរបញ្ជាក់ថា ការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិរបស់សមត្ថកិច្ចនៅក្រុងប៉ោយប៉ែត បានធ្វើឡើងជារឿយៗ ប៉ុន្តែហាក់ដូចជាពុំសូវមានប្រសិទ្ធភាពប៉ុន្មាននោះទេ ប្រៀបដូចជាវិធានការវែកចក ដែលអ្នកភូមិព្រួយបារម្ភពោលគឺ ក្រោយពីសមត្ថកិច្ចត្រឡប់ទៅវិញ ការដាក់តាំងលក់តាមដងផ្លូវនៅតែកើតមានព្រោងព្រាតដដែល ។
ទោះជាបែបណា លោក សៅ សារឿន បានបញ្ជាក់ថា បើក្រោយពីមានការណែនាំហើយគ្រប់គ្នានៅតែមិនស្តាប់ លោកនឹងស្នើសុំគោលការណ៍ពីថ្នាក់លើ ដើម្បីប្រើវិធានការណ៍ក្តៅតែម្តង ៕
ចែករំលែកព័តមាននេះ