ខេត្តបាត់ដំបង ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងរបស់លោកនាយកវិទ្យាល័យនេតយ៉ង់ ត្រូវបានក្មេងអន្ធពាលដែលគេសង្ស័យថា ជាសិស្សបានប្រើដុំថ្មគប់បំបែកកញ្ចក់ខ្ទេចផ្នែកខាងក្រោយ កាលពីវេលាម៉ោង៩ និង៣០ព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ ខណៈដែលលោកចតទុកក្នុងបរិវេណនៃវិទ្យាល័យនេតយ៉ង់ ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។
មុនពេលកើតហេតុ គេឃើញជនដៃដល់ចូលទៅគប់រថយន្តនោះ ដោយក្រុមនោះជិះម៉ូតូ២គ្រឿង ដោយ១គ្រឿងជិះគ្នា២នាក់ឈប់ខាងមុខវិទ្យាល័យ រីឯមួយគ្រឿងទៀតជិះហួសទៅចាំក្បែររង្វង់មូលលោកតាដំបងគ្រញូង លុះជនដៃដល់គប់បំបែកកញ្ចក់រថយន្តរួច ក៏ឡើងជិះម៉ូតូឌុបគ្នាគេចខ្លួនជាបន្តបន្ទាប់ភ្លាមៗដែរ ។
គួរបញ្ជាក់ថា លោកមានបញ្ហាជាមួយយុវជន៥នាក់ ដែលស្លៀកពាក់មិនមែនជាសិស្ស ហើយពួកគេបានបង្កជម្លោះជាមួយសិស្សក្នុងវិទ្យាល័យ ពេលនោះលោកក៏បានចូលទៅរារាំង និងបានបណ្តេញជនអន្ធពាលទាំងនោះឱ្យចេញបំបែកហ្វូងអស់ទៅ ។ រីឯរូបលោកក៏ចូលទៅកន្លែងធ្វើការធម្មតាវិញ ។ លុះនៅវេលាម៉ោង៩ និង៣០នាទី មានសិស្សមកប្រាប់ថា រថយន្តរបស់លោកត្រូវគេគប់បែកកញ្ចក់ខ្ទេចអស់ហើយ ៕
ចែករំលែកព័តមាននេះ