រាជធានីភ្នំពេញ ៖ ជនសង្ស័យអនាថាម្នាក់ត្រូវម្ចាស់ហាងលក់សម្លៀកបំពាក់ដឺបេសចាប់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលមិត្តភាព ខណៈពេលជននេះចូលទៅសម្ងំលាក់ខ្លួននៅក្នុងហាងប៉ុនប៉ងធ្វើសកម្មភាពលួចរបស់របរនៅក្នុងហាង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១២ មិថុនា នៅហាងលក់សម្លៀកបំពាក់ដឺបេសស្ថិតនៅតាមមហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងហាងលក់សម្លៀកបំពាក់ដឺបេសបានឱ្យដឹងថា ខណៈពេលពួកគេរៀបចំបិទទ្វារហាងហើយដើេរចូលទៅងូតទឹកក្នុងបន្ទប់ ស្រាប់តែប្រទះឃើញជនអនាថាម្នាក់នេះនៅសម្ងំពូននៅមុខបន្ទប់ទឹក មិនដឹងជាលួចចូលទៅសម្ងំទីនោះតាំងពីពេលណាមកទេ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលស្រែកឆោឡោ ហើយបុគ្គលិកក្នុងហាងនាំគ្នាចាប់បានវាយមួយដៃមួយជើង រួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍មិត្តភាពយកទៅធ្វើការសាកសួរ ។
ប្រភពដដែលបន្តទៀតថា ជនខាងលើតែងតែមកស្នាក់នៅជិតហាងរបស់គាត់ ហើយគាត់តែងតែបាត់របស់របរ និងបាត់លុយជារឿយៗ ប៉ុន្តែមិនដែលចាប់បានជនដែលប្រព្រឹត្តនោះទេ ទើបតែពេលនេះប្រទះឃើញជនសង្ស័យនៅពូនសម្ងំក្នុងហាង ក៏ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង ៕
ចែករំលែកព័តមាននេះ