ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉្លឹ​ង​ៗ…​តើ​ឈ្មោះ​ស្ថានីយ​ប្រេង​ណាខ្លះ​លក់​មិន​ស្មោះត្រង់ ?

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រតិបត្តិការ​រយៈពេល​ពេញ​១​ថ្ងៃ​(១៣ វិច្ឆិកា​) លោក មាន ចំណាប់ អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ រួម​ជាមួយនឹង​លោក…

ខេត្តតាកែវ ៖ ប្រតិបត្តិការ​រយៈពេល​ពេញ​១​ថ្ងៃ​(១៣ វិច្ឆិកា​) លោក មាន ចំណាប់ អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់ និង​បង្ក្រាប​ការ​ក្លែងបន្លំ រួម​ជាមួយនឹង​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​បាន​រក​ឃើញ​ថា ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្នុង​ខេត្តតាកែវ​មួយ​ចំនួន​រកស៊ី​មិន​ស្មោះត្រង់​ទេ​លោភលន់​ណាស់ ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានឱ្យ​ដឹង​ថា​ក្នុង​ចំណោម​១៣​ស្ថានីយ​​​មាន​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​៩ បាន​អនុវត្ត​ខុស​ពី​ការ​ណែនាំ​និង​ក្លែងបន្លំ លួច​បន្លំ​លី​ត្រ ដោយ​ចាក់​មិន​គ្រប់​ចំនួន​លី​ត្រ​ហើយ​នេះ​ជា​ការ​លួច​បន្លំ​ភ្នែក​ដល់​អ្នក​ប្រើ​ប្រាស់ ដោយ​ស្ថានីយ​ចាក់​ប្រេង​របស់​ពួក​គាត់ គឺ​មិន​បាន​អនុលោម​តាម​បរិមាណ និង​ខ្លះ​ទៀត​ថែម​ទាំង​មិន​បាន​អនុលោម​តាម​គុណភាព​ថែម​ទៀត ។ លោក​ថា ក្នុង​ការ​ចាក់​ប្រេង​ចំនួន​១០០​លី​ត្រ មាន​ខ្លះ​បាត់​ចំនួន​ប្រេង ចាប់ពី​ចន្លោះ​៧​លី​ត្រ​ទៅ​៩​លី​ត្រ​ជា​បរិមាណ​មួយ​ដ៏​ច្រើន​ដែល​ម្ចាស់​ស្ថានីយ​ខូច​លួច​បរិមាណ ។

លោក​ប្រធាន​សាខា​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​ការ​កើត​មាន​បញ្ហា​នេះ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​បាន​អញ្ជើញ​រាល់​គ្រប់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​នៅ​ក្នុង​ខេត្ត មក​ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ អប់រំ ណែនាំ​ពី​ការ​ក្លែងបន្លំ​ជាមួយនឹង​ម្ចាស់​ស្ថានីយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ និង​ការ​អប់រំ​ណែនាំ​តាម​រយៈ​ការ​ចុះ​ពិនិត្យ​នៅ​តាម​ស្ថានីយ​ជា​លើក​ទី​១ ម្តង​រួច​មក​ហើយ បង្ហាញ​ឈ្មោះ​ម្ចាស់​ស្ថានីយ​ប្រេង​ទាំងនេះ​នៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ដើម្បី​ឱ្យ​មហាជន​បានដឹង​ច្បាស់ ។

លោក​ថា មិនតែប៉ុណ្ណោះ​បាន​យក​ប្រេង​សាំង ប្រេងម៉ាស៊ូត របស់​ស្ថានីយ​ដែល​មិន​អនុ​វត្ត​តាម​នោះ ទៅ​ពិនិត្យ​បន្ត​នៅ​មន្ទីរ​ពិសោធ ក្នុង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថែម​ទៀត នៅ​ពេល​មាន​លទ្ធផល​យ៉ាងណា មន្ត្រី​ជំនាញ​នឹង​ចុះ​អនុវត្ត​ច្បាប់​ផ្ទាល់​ជាមួយនឹង​ម្ចាស់​ស្ថានីយ​តែ​ម្តង ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បាន​ប្រាប់​ឱ្យ​ក្រុម​អ្នក​សារ​ព័ត៌មាន​បានដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ក្នុង​ខេត្តតាកែវ​នេះ គឺ​យើង​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​ស្ថានីយ​ចាក់​ប្រេង​ចំនួន​១៣​ទីតាំង ក្នុង​នោះ​មាន ៤​ទីតាំង គឺ​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា​ដែល​ក្រសួង​បាន​កំណត់។

ដោយឡែក​ចំពោះ​ម្ចាស់​ស្ថានីយ​ចំនួន​៩ គឺ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​២​ស្ថានីយ មិន​អនុ​លោម​ភាព​ផ្នែក​បរិមាណ​ផង និង​គុណភាព​ផង បាន​ន័យ​ថា មិន​គ្រប់​លី​ត្រ ហើយ​ប្រេង​សាំង​ធម្មតា ដាក់​ស្លា​កថា​ប្រេងសាំង​ស៊ុប​ពែរ​បន្លំ​ភ្នែក​អតិថិជន ។ ៧​ស្ថានីយ​ទៀត មិន​អនុលោម​ទៅ​លើ​បរិមាណ ដោយ​ប្រេង​ចាក់​មិន​គ្រប់​រង្វាស់រ​ង្វ​ល់ ដោយ​ក្នុង​ប្រេង​ចំនួន​១០០​លី​ត្រ​បាត់​ប្រេង​ចាប់ពី​ចន្លោះ​៧​លី​ត្រ ឡើង​ទៅ​៩​លី​ត្រ ដែល​នេះ​គឺជា​ការ​ក្លែងបន្លំ​ភ្នែក​អតិថិជន​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​កេង​ប្រ​វញ្ច​ហួសហេតុ​ពេក ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ចំពោះ​ស្ថានីយប្រេងឥន្ធនៈ​ទាំង​៩​នោះ មាន​៥​ស្ថានីយ​ដែល​ខុស​ទៅ​លើ​បរិមាណ​និង​គុណភាព​ធ្ងន់ធ្ងរ ។ ការ​ចាក់​ប្រេង​ចំនួន​១០០​លី​ត្រ មាន​ខ្លះ​លួច​ចាប់ពី​ចន្លោះ​៧​លី​ត្រ​ទៅ​៩​លី​ត្រ​មាន ៖ ទី​១-​ស្ថានីយ​ប្រេង ឈាវ លាំង ស្លា​គូ ។ ទី​២-​ស្ថានីយ​ប្រេង ជៀក​ច្រូ​វ ។ ទី​៣-​ស្ថានីយ​ប្រេង សុ​ភក្តិ​តាកែវ ។ ទី​៤-​ស្ថានីយ​ប្រេង ដំណាក់​សេក ។ទី​៥-​ស្ថានីយប្រេងឥន្ធនៈ​អង្គតាសោម ។

ដោយឡែក​៤​ទីតាំង​ទៀត​ខុស​លើ​បរិមាណ​ដែរ តែ​មាន​កម្រិត​ទាប​បំផុត ដែល​ចាក់​ប្រេង​១០០​លី​ត្រ បាត់​ប្រេង​ចាប់ពី​១​លី​ត្រ​ទៅ​៣​លី​ត្រ​រួម​មាន​៖

ទី​១-​ស្ថានីយ​ប្រេង​តេ​លា​អង្គតាសោម ។

ទី​២-​ស្ថានីយ​ប្រេង​១​មក​រា របស់​លោក អ៊ុ​ង ជា​កុក ដែល​ជា​ស្ថានីយ​ប្រេង​រដ្ឋ​បាន​ផ្ញើ​ទុក ឱ្យ​ខាង​សាលាខេត្ត មន្ទីរ​ជុំវិញ​ខេត្ត​ប្រើប្រាស់ រួម​ជាមួយ​សមត្ថកិច្ច​ទាំង​៣​អង្គភាព​ប្រើប្រាស់​បំពេញការងារ​ផង​ដែរ ។ លោក​ថា ស្ថានីយ​១​មក​រា​នេះ មិន​ដែល​ស្តាប់​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ឡើយ ។

ទី​៣-​ស្ថានីយ​ប្រេង ម៉ា​រី​យ៉ា​ន ។

ទី​៤-​ស្ថានីយ​ប្រេង​វណ្ណៈ​ស្រី​នាង​ស្លា​គូ ។​ក្រុម​មន្ត្រី​ជំនាញ​ថា​បើសិនជា​ស្ថានីយ​ប្រេង​ទាំង​៤​នេះ​នៅ​តែ​បន្ត​លក់​លួច​លី​ត្រ​និង​កេង​បន្លំ​គុណភាព​បន្ត​ទៀត ខាង​ជំនាញ​នឹង​រាយ​ការណ៍​​ទៅ​ដល់​ក្រសួងពាណិជ្ជកម្ម ដើម្បី​បិទ​ស្ថានីយ​ប្រេង​ទាំង​អស់នោះ​មិន​ឱ្យ​លក់​បន្ត​ទៀត​ឡើយ ។

ជា​ការ​កត់​សម្គាល់ការ​ព្រមាន​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ពិតជា​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈ តែ​រាល់​វិធានការ​នេះ​មិន​ទាន់​លេច​ចេញ​ជា​រូបភាព​ជាក់ស្តែង​លើ​ស្ថានីយ​ប្រេង​ណាមួយ​នោះ​ទេ ។

បញ្ហា​ដែល​បាន​កើតឡើង​នៅ​តាម​ស្ថានីយ​នេះ មិនមែន​ជា​លើក​ដំបូង​ទេ តែ​វា​បាន​កើត​មាន​យូរ​មក​ហើយ រហូត​ដល់​ពេល​នេះ​អ្នក​ប្រើប្រាស់​យានយន្ត​ទំនើប​ៗ​បាន​ងាក​មក​ប្រើ​ប្រេង​តូ​តា​ល់ កាល់​តិច និង​ភី​ធី​ធី ដោយ​មាន​ជំនឿ​លើ​ស្តង់ដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ