ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ស្រាវជ្រាវ​អាថ៌​កំបាំង តើ​ព្រែក​បុរាណ​មួយ​ទាក់ទង​នឹង​ការ​សង់​អង្គរ?

1 អាទិត្យ មុន
  • ភ្នំពេញ

ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​ដំណើរការ​ស្រាវជ្រាវ​នៅ​ព្រែក​បុរាណ​មួយ​កន្លែង ដែល​មានឈ្មោះ​ថា

ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បើក​ដំណើរការ​ស្រាវជ្រាវ​នៅ​ព្រែក​បុរាណ​មួយ​កន្លែង ដែល​មានឈ្មោះ​ថា «​ព្រែក​ស្រមោច​» ដែល​មាន​ប្រភព​ចាប់ពី​ភ្នំ​គូលែន ចុះ​រហូត​ដល់​កំពង់​ឃ្លាំង ជាប់មាត់​ទន្លេសាប ។

លោក ទិន ទីណា អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ និង​ជា ប្រធាន​គម្រោង បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​ស្វែងរក​ចម្លើយ​ជុំវិញ​សំណួរ​មួយ​ចំនួន ដែល​រួម​មាន ៖ តើ​គេ​ជីក​ព្រែក​ដ៏​ធំ​នេះ ដើម្បី​ទាញ​យក​ទឹក​ប្រើប្រាស់? បើ​ដូច្នេះ ហេតុ​អ្វី ក៏​ទទឹង​ធំ​ម្ល៉េះ? ដើម្បី​ដឹក​ជញ្ជូន​ភាជន៍ ពី​កន្លែង​ផលិត​នៅ​លើ​ភ្នំ​គូលែន ចុះ​មក​ទន្លេសាប? ឬ​មួយ​មាន​តួនាទី​ជា​ផ្លូវ​ដឹក​ថ្ម​ពី​អូរ​ថ្ម​ដាប់ ដែល​ជា​កន្លែង​ដាប់​យក​ថ្ម ទៅ​កសាង​ប្រាសាទ​នៅ​អង្គរ?

លោក​បាន​បន្ត​ថា នៅ​ក្នុង​ដំណើរការ​ស្រាវជ្រាវ ក្រុមការងារ​បាន​ប្រើប្រាស់​រូបថត​ពីលើ​អាកាស ដែល​បោះពុម្ព​ក្នុង​ឆ្នាំ​១៩៤១ និង​រូបភាព​ពីលើ​អាកាស​តាម​រយៈ Google Earth ។

លោក​បាន​បន្ត​ថា តាម​ឯកសារ​ដែល​ជា​មូលដ្ឋាន ព្រែក​ស្រមោច​នេះ វា​សណ្ដូក​តាម​ទិស​ខាងជើង​ទៅ​ត្បូង ចេញពី​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ជាប់មាត់​ទន្លេសាប កាត់​តាម​ផ្លូវជាតិ​លេខ​៦ ត្រង់​ភូមិ​ថ្នល់​ចែក ឃុំ​ដំ​ដែក ឡើង​ទៅ​ដល់​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម​។

លោក​បាន​បន្ត​ថា តាម​ការ​ស្រាវជ្រាវ​នៅ​ដំណាក់កាល​ទី​១ បាន​បង្ហាញ​ថា ព្រែកជីក​នេះ លាតសន្ធឹង មិន​ដល់​ភ្នំ​គូលែន​ទេ គឺ​នៅ​ត្រឹម​ម្ដុំ​វត្ត​សំរោង​តែ​ប៉ុណ្ណោះ ព្រោះ​ពុំ​មាន​ស្លាកស្នាម​បន្ត​ទៀត​ទេ​។ ព្រែកជីក​នេះ មាន​ប្រវែង​សរុប​២៣​គីឡូម៉ែត្រ កន្លែង​ខ្លះ​មាន​ទទឹង​ពី​៣០០​ម៉ែត្រ កន្លែង ខ្លះ​មាន​ទទឹង​១៥០​ម៉ែត្រ និង​មាន​កម្ពស់​ជាង​៤​ម៉ែត្រ​។

ក្រុម​អ្នក​ស្រាវជ្រាវ សន្និដ្ឋាន​ថា ប្រភព​ទឹក​ហូរ​ចូល​ព្រែក​នេះ អាច​មាន​ប្រភព​២​សំខាន់​ៗ គឺ ទី​១. ប្រភព​ទឹក​ពី​ភ្នំ​គូលែន ស្ថិត​នៅ​ខាងជើង​វាលរាប​អង្គរ រួច​ហូរ​ចូល​ព្រែកជីក​នេះ និង​ទី​២. ប្រហែល​ទឹក​ឡើង​មក​ពី​ទន្លេសាប ច្រាល​ចូល​ក្នុង​ព្រែក តែ​អ្នក​ស្រាវជ្រាវ​នៅ​ពុំ​ដឹង​ថា ព្រែកជីក​ដ៏​ធំ​នេះ កសាង​នៅ​សម័យ​ណា​ទេ តែ​គេ​អាច​សន្និដ្ឋាន​ថា អាច​កើត​មុន​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ឬ​ប្រហែល​អាច​ជា​មុន​នោះ​យូរ​ផង​។

ក្រោយមក ប្រហែលជា​ព្រែកជីក​នេះ មាន​ដំណើរការ​រអាក់រអួល និង​ខូចខាត​ដោយ​អន្លើ ទើប​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ធ្វើ​ផ្លូវ មាន​ទាំង​ស្ពាន​មួយ​ចំនួន ដែល​សព្វ​ថ្ងៃនេះ ក្លា​យមក​ជា​ផ្លូវជាតិ​លេខ​៦ កាត់​ព្រែកជីក​ឱ្យ​ដាច់​ជា​ពីរ​ផ្នែក​នៅ​ត្រង់​ចំណុច «​ថ្នល់​ចែក​» ម្តុំ​ភូមិ​ថ្នល់​ចែក ឃុំ​ដុំ​ដែក ស្រុក​សូទ្រនិគម​។ អ្នកស្រុក រស់នៅ​តាម​ទំនប់​ព្រែកជីក​មួយ​ចំនួន​នៅ​ចាំ​ត​ៗ​គ្នា​ថា ព្រែក​ស្រមោច ឬ​ផ្លូវ​សំពៅ​នេះ ជា​ផ្លូវទឹក​បុរាណ​មួយ ដែល​មាន​សំពៅ ចរាចរណ៍​ចុះឡើង​ចន្លោះ​ពី​ទន្លេសាប ទៅ​ដល់​ភ្នំ​គូលែន និង​ជា​ផ្លូវ​ដឹក​ជញ្ជូន​ថ្ម ទៅ​សាងសង់​ប្រាសាទ​នៅ​អង្គរ​ដែរ​។

នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ក្រុម​ស្រាវជ្រាវ បាន​បន្ត​ធ្វើ​កំណាយ​នៅ​ទីតាំង​ភូមិ​ថ្មី ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ក្នុង​បំណង​ឈ្វេងយល់​បន្ថែម​ពី​ព្រែក​ស្រមោច និង​ឈ្វេងយល់​ពី​ការ​តាំងទី​របស់​ប្រជាជន និង​ពេលវេលា​ដែល​ពួក​គេ​រស់នៅ​ទី​នេះ​។ ក្នុង​ពេល​ធ្វើ​កំណាយ​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ កុលាលភាជន៍​ខ្លះ​ៗ​ដូច​ជា កុលា​ល​ភា​ជ​ផុយ និង​ភាជន៍​មាន​ស្រទាប់​រលោង ដែល​មាន​អាយុកាល​មុន​សម័យ​អង្គរ​ផង​៕

ដោយ ៖ ស ផាត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ