ខេត្តបាត់ដំបង៖ ក្មេងស្រីវ័យជំទង់ម្នាក់ត្រូវម្ដាយមីងចិត្តឃោរឃៅក្ដៅដូចភ្លើងទាញពូថៅកាប់ចិញ្ច្រាំត្រង់ក្បាល និងលើផ្ទៃមុខគ្មានប្រណីដៃស្លាប់យ៉ាងរន្ធត់នៅលើគ្រែ កាលពីវេលាម៉ោងវេលាម៉ោង១ និង៣០នាទីឈានចូលថ្ងៃទី១៩ ឧសភា នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ដោយគ្រាន់តែខឹងក្មួយស្រីដើរលេងយប់ និងនិយាយទូរស័ព្ទឮខ្លាំង ពេលយប់ជ្រៅរំខានដល់ដំណេកខ្លួន។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង គឹមហ៊ាង ស្រីអាយុ១៦ឆ្នាំ (ក្មួយ) រីឯជនសង្ស័យឈ្មោះ ពៅ ដាវី ស្រីអាយុ៤៥ឆ្នាំ (មីងជីដូនមួយ) រស់នៅចំណុចកើតហេតុ។ ប្រភពបានឲ្យដឹងទៀតថា ជនដៃដល់បានប្រើប្រាសពូថៅកាប់យ៉ាងសាហាវទៅលើក្មួយស្រី ខណៈនាងកំពុងដេកលក់នៅលើគ្រែក្នុងផ្ទះ ហើយសមត្ថកិច្ចក៏បានចុះទៅនាំខ្លួនស្ត្រីរូបនេះយកទៅកាន់ប៉ុស្ដ៏រដ្ឋបាលភ្លាមៗដែរ ក្រោយទទូលបានសេចក្ដីរាយការណ៍។

លោក សុខ សារិន អធិការស្រុកបវេល បានប្រាប់ថា លោកបានដឹនាំមន្ត្រីជំនាញចុះទៅកាន់ចំណុចកើតហេតុ ដើម្បីនាំខ្លួនជនសង្ស័យភ្លាមៗ ក្រោយទទូលបានដំណឹងនេះ។ លោកបានស្រង់ចម្លើយបឋមរបស់ជនសង្ស័យថា ខ្លួនពិតជាបានយកពូថៅកាប់សមម្លាប់ក្មួយស្រីមែន ដោយសារតែខឹងក្មួយស្រីតែងដើរលេងយប់ៗជ្រៅទើបចូលផ្ទះ។

ពេលចូលផ្ទះដេកហើយ នៅនិយាយទូរស័ព្ទឮខ្លាំងៗ រំខានដំណេកគាត់ ដេកមិនលក់ដដែលៗហាមមិនស្ដាប់ទើបគាត់ខឹងក៏ទាញពូថៅកាប់សម្លាប់ក្មួយតែម្ដងទៅ។ ប៉ុន្តែបើតាមពិនិត្យផ្ទាល់ ជនសង្ស័យហាក់មិនសតិមិនប្រក្រតីផង។ ប្រភពពីអ្នកភូមិក៏បាននិយាយស្រដៀងគ្នានឹងចម្លើយជនសង្ស័យដែរ។ អ្នកភូមិនិយាយថា ជនរងគ្រោះ គឺជាក្មួយជីដូនមួយរបស់ជនសង្ស័យ។

ជនរងគ្រោះមានតែម្ដាយ ដែលធ្វើការងារនៅក្រុងបាត់ដំបង ហើយកូនស្រីស្នាក់នៅជាមួយម្ដាយ
មីងខាងលើ។ ប្រភពដដែលបានបញ្ជាក់ថា កន្លងទៅជនរងគ្រោះ ធ្លាប់ទៅធ្វើការងារនៅភ្នំពេញ ហើយបានមកលេងផ្ទះកាលបុណ្យចូលឆ្នាំខ្មែរ តែនាងមិនបានត្រឡប់ទៅភ្នំពេញវិញទេក្រោយចូលឆ្នាំ ហើយក៏បានស្នាក់នៅជាមួយម្ដាយមីងជីដូនមួយ (ម្ដាយជនរងគ្រោះ និង ជនដៃដល់ ជាបងប្អូនជីដូនមួយ)។

ប៉ុន្តែក្នុងរយៈពេលនៃការស្នាក់នៅជាមីង នាងតែងដើរលេង ហើយយប់ៗជ្រៅទើបចូលផ្ទះ។ ដូច្នេះហើយទើបម្ដាយមីងចេះតែខឹងសម្បារ ម្យ៉ាងជនដៃដល់ហាក់មានសតិមិនល្អផង និង មានចិត្តឆេវឆាវទៀត ទើបទាញពូថៅកាប់សម្លាប់ក្មួយស្រីទាំងកំរោលតែម្ដង ។ លោក សុខ សារិន អធិការស្រុកថ្មគោល បាននិយាយថា ជនរងគ្រោះត្រូវជនដៃដល់កាប់នឹងពូថៅត្រូវជាច្រើនកន្លែង ត្រង់ក្បាលនិងលើផ្ទៃមុខ (ដូចចិញ្ច្រាំប្រហុក) បណ្ដាលឲ្យស្លាប់ភ្លាមៗនៅលើគ្រែ។

លោកបានបញ្ជាក់ថា ក្រោយមន្ត្រីមូលដ្ឋានបានរាយការណ៏ លោកក៏បានដឹកនាំកម្លាំងជំនាញចុះទៅកាន់ចំណុចកើតហេតុ និង បាននាំខ្លួនម្ដាយមីងមកសួរនាំ ហើយស្ត្រីរូបនេះក៏បានសារភាព ដែលចម្លើយជនសង្ស័យ ដូចការលើកឡើងខាងលើនេះមែន។ នេះជាមូលហេតុ ដែលនាំឲ្យម្ដាយមីងចិត្តក្ដៅដូចភ្លើង សម្រេចចិត្តទាញពូថៅ កាប់សម្លាប់ក្មួយស្រីយ៉ាងឃោឃៅ។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ