ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ព្រែកជីក​បុរាណ​ដែល​ដូនតា​ខ្មែរ​ប្រើ​ជា​ផ្លូវទឹក​​ដឹថ្មទៅ​សង់​ប្រាសាទ​ក្នុង​តំបន់​អង្គរ​

1 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រែក​ស្រមោច​ជា​ព្រែកជីក​បុរាណ​សាងសង់​មុន​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​ប្រវែង​២៣​គីឡូម៉ែត្រ និង​ទទឹង​ធំ​ដល់​ទៅ​៣០០​ម៉ែត្រ ។ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤  មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ…

ខេត្តសៀមរាប ៖ ព្រែក​ស្រមោច​ជា​ព្រែកជីក​បុរាណ​សាងសង់​មុន​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​ប្រវែង​២៣​គីឡូម៉ែត្រ និង​ទទឹង​ធំ​ដល់​ទៅ​៣០០​ម៉ែត្រ ។ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤  មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ និង​បកស្រាយ​អំពី​ការ​ពិត​មួយ​ចំនួន​នៃ​ព្រែកជីក​បុរាណ​មួយ​ដ៏​វែង​នៅ​ក្នុង​ទឹកដី​ខេត្ត​សៀម​រាម ដែល​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​ដូនតា​ខ្មែរ​ឈ្មោះ​ថា «​ព្រែក​ស្រមោច​» ។

ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឆ្លើយ​តប​នូវ​សំណួរ​ជា​ច្រើន​អំពី​ព្រែកជីក​បុរាណ​មួយ​នេះ​ដូច​ជា​៖ តើ​បុព្វបុរស​ខ្មែរ​ជីក​ព្រែក​ដ៏​ធំ​នេះ​ដើម្បី​តែ​ទាញ​យក​ទឹក​ប្រើប្រាស់​នោះ ហេតុ​អ្វី​ក៏​ជីក​ទទឹង​ធំ​ម្ល៉េះ? តើ​ព្រែកជីក​នេះ សម្រាប់​តែ​ដឹក​ជញ្ជូន​ភាជន៍​ពី​កន្លែង​ផលិត​នៅ​លើ​ភ្នំ​គូលែន ចុះ​មក​ទន្លេសាប? ឬ​មួយ​មាន​តួនាទី​ជា​ផ្លូវ​ដឹក​ថ្ម​ពី​អូរ​ថ្ម​ដាប់​ដែល​ជា​កន្លែង​ដាប់​យក​ថ្ម​ទៅ​កសាង​ប្រាសាទ​នៅ​អង្គរ​នោះ?

ច​ម្ង​ល់​ទាំងនេះ​ហើយ​ដែល​ក្រុម​ស្រាវជ្រាវ​ត្រូវ​ធ្វើការ​ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់​ថា តើ​ព្រែកជីក​បុរាណ​នេះ​មាន​ប្រភព​ពី​ណា​ទៅ​ដល់​ត្រឹមណា? មាន​តួនាទី​អ្វី​ឱ្យ​ប្រាកដ?

លោក ទិន ទីណា អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ជា​ប្រធាន​គម្រោង​បាន​បញ្ជាក់​ថា ក្រុម​ស្រាវជ្រាវ​បាន​ប្រើប្រាស់​រូបថត​ពីលើ​អាកាស​ដែល​បោះពុម្ព​ក្នុង​ឆ្នាំ​១៩៤១ និង​រូបភាព​ពីលើ​អាកាស​តាម​រយៈ Google Earth បាន​បង្ហាញ​ថា ព្រែក​ស្រមោច​សណ្ដូក​តាម​ទិស​ខាងជើង​ទៅ​ត្បូង​ចេញពី​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ជាប់មាត់​ទន្លេសាប កាត់​តាម​ផ្លូវជាតិ​ល​ខេ​៦ ត្រង់​ភូមិ​ថ្នល់​ចែក ឃុំ​ដំ​ដែក ឡើង​ទៅ​ដល់​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ។ 

ការ​ស្រាវជ្រាវ​នៅ​ដំណាក់កាល​ទី​១​បង្ហាញ​ថា ព្រែកជីក​នេះ លាតសន្ធឹង​មិន​ដល់​ភ្នំ​គូលែន​ទេ គឺ​នៅ​ត្រឹម​ម្ដុំ​វត្ត​សំរោង​តែ​ប៉ុណ្ណោះ ព្រោះ​ពុំ​មាន​ស្លាកស្នាម​បន្ត​ទៀត​ទេ​។ ព្រែកជីក​នេះ​មាន​ប្រវែង​សរុប​២៣​គីឡូម៉ែត្រ កន្លែង​ខ្លះ​មាន​ទទឹង​ពី​៣០០​ម៉ែត្រ កន្លែង​ខ្លះ​មាន​ទទឹង​១៥០​ម៉ែត្រ និង​មាន​កម្ពស់​ជាង​៤​ម៉ែត្រ ។

ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា ប្រភព​ទឹក​ហូរ​ចូល​ព្រែក​នេះ​អាច​មាន​ប្រភព​២​សំខាន់​ៗ៖ ទី​១-​ប្រភព​ទឹក​ពី​ភ្នំ​គូលែន​ស្ថិត​នៅ​ខាងជើង​វាលរាប​អង្គរ រួច​ហូរ​ចូល​ព្រែកជីក​នេះ ទី​២-​ប្រហែល​ទឹក​ឡើង​មក​ពី​ទន្លេសាប ច្រាល​ចូល​ក្នុង​ព្រែក ។

លោក ទិន ទីណា បន្ត​ថា យើង​ពុំ​ដឹង​ថា ព្រែកជីក​ដ៏​ធំ​នេះ កសាង​នៅ​សម័យ​ណា​ទេ តែ​គេ​អាច​សន្និដ្ឋាន​ថា អាច​កើត​មុន​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ឬ​ប្រហែល​អាច​ជា​មុន​នោះ​យូរ​ផង​។ តែ​ក្រោយមក ប្រហែលជា​ព្រែកជីក​នេះ​មាន​ដំណើរការ​រអាក់រអួល និង​ខូចខាត​ដោយ​អន្លើ ទើប​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ធ្វើ​ផ្លូវ មាន​ទាំង​ស្ពាន​មួយ​ចំនួន​កាត់​ព្រែកជីក​ឲ្យ​ដាច់​ជា​ពីរ​ផ្នែក​នៅ​ត្រង់​ចំណុច “​ថ្នល់​ចែក​” ម្តុំ​ភូមិ​ថ្នល់​ចែក ឃុំ​ដុំ​ដែក ស្រុក​សូទ្រនិគម ដែល​សព្វ​ថ្ងៃនេះ​ក្លា​យមក​ជា​ផ្លូវជាតិ​លេខ​៦ ។

អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ទៀត​ថា យោង​តាម​អ្នកស្រុក​រស់នៅ​តាម​ទំនប់​ព្រែកជីក​មួយ​ចំនួន​នៅ​ចាំ​ត​ៗ​គ្នា​ថា ព្រែក​ស្រមោច ឬ​ផ្លូវ​សំពៅ​នេះ ជា​ផ្លូវទឹក​បុរាណ​មួយ​ដែល​មាន​សំពៅ​ចរាចរណ៍​ចុះឡើង​ចន្លោះ​ពី​ទន្លេសាប​ទៅ​ដល់​ភ្នំ​គូលែន និង​ជា​ផ្លូវ​ដឹក​ជញ្ជូន​ថ្ម​ទៅ​សាងសង់​ប្រាសាទ​នៅ​អង្គរ​ដែរ ។

ប្រធាន​គម្រោង​ស្រាវជ្រាវ​ព្រែកជីក​ស្រមោច​បន្ថែម​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ក្រុម​ស្រាវជ្រាវ​បាន​បន្ត​ធ្វើ​កំណាយ​នៅ​ទីតាំង​ភូមិ​ថ្មី ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ក្នុង​បំណង​ស្វែង​យល់​បន្ថែម ពី​ព្រែក​ស្រមោច និង​ស្វែង​យល់​ពី​ការ​តាំងទី​របស់​ប្រជាជន និង​ពេលវេលា​ដែល​ពួក​គេ​រស់នៅ​ទី​នេះ ។ ក្នុង​ពេល​ធ្វើ​កំណាយ​នេះ យើង​បាន​រក​ឃើញ​ឃើញ កុលាលភាជន៍​ខ្លះ​ៗ​ដូច​ជា​កុលា​ល​ភា​ជ​ផុយ និង​ភាជន៍​មាន​ស្រទាប់​រលោង​ដែល​មាន​អាយុកាល មុន​សម័យ​អង្គរ​ផង​ដែរ ៕