ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រកាស​ដាក់​ទណ្ឌកម្ម​បណ្តា​ក្រុមហ៊ុន​ការពារ​ជាតិ​អា​មេ​រិ​ក ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់

1 ខែ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន នៅ​ថ្ងៃ​ទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន នៅ​ថ្ងៃ​ទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ការពារ​ជាតិ​អា​មេ​រិ​ក​ចំនួន ៣ ជុំវិញ​ការ​លក់​អាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ស្រប​ពេល​កោះ​មួយ​នេះ កំពុង​ស្វាគមន៍​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​។

ប្រភព​ពី​សារព័ត៌មាន The Straits Times របស់​ប្រទេស​សិង្ហ​បុរី បានឱ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ប្រកាស​ថា ក្រុមហ៊ុន​ការពារ​ជាតិ​អា​មេ​រិ​ក​ចំនួន ៣ ដែល​រួម​មាន General Atomic Aeronautical Systems ក្រុមហ៊ុន General Dynamics Land Systems និង​ក្រុមហ៊ុន Boeing Defense, Space & Security នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ «​អង្គភាព​មិន​គួរ​ឱ្យ​ទុកចិត្ត​» របស់​ទីក្រុង​ប៉េ​កាំ​ង​។

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន ស៊ី​ន​ហួ (Xinhua) បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ការពារ​ជាតិ​អា​មេ​រិ​ក​ទាំង ៣ នឹង​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​សកម្មភាព​នាំ​ចូល ឬ នាំ​ចេញ ដែល​ទាក់ទង​នឹង​ប្រទេស​ចិន ហើយ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើការ​វិនិយោគ​ថ្មី នៅ​ក្នុង​ប្រទេស​ចិន ផង​ដែរ​។ លើស​ពី​នេះ​ទៀត នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ទាំង ៣ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​ចិន ខណៈ​ពេល​ដែល​ប័ណ្ណ​ការងារ​ពួក​គេ នឹង​ត្រូវ​បាន​ដកហូត​វិញ​។

ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក ឡៃ ជី​ង​តេ (Lai Ching-te) នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៤ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​យោធា​ចិន ដែល​កំពុង​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ប្រទេស​ចិន​នៅ​តែ​អះអាង និង​ទាមទារ​កោះ​តៃវ៉ាន់ ដែល​ជា​ផ្នែក​នៃ​ទឹកដី​របស់​ខ្លួន ហើយ​បាន​ចាត់​ទុក​វត្តមាន​លោក ឡៃ ជី​ង​តេ វ័យ​៦៤​ឆ្នាំ គឺជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់ ដែល​នឹង​នាំ​មក​នូវ​សង្គ្រាម ដ៏​ដូច​ជា​ភាព​អន្តរាយ​ដល់​កោះ​មួយ​នេះ​។

សហរដ្ឋអាមេរិក គឺជា​ដៃគូ​ដ៏​សំខាន់​បំផុត​របស់​កោះ​តៃវ៉ាន់ ហើយ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​ផង​ដែរ​។ កាលពី​ខែមេសា​កន្លង​ទៅ សហរដ្ឋអាមេរិក​បាន​អនុម័ត​កញ្ចប់​ជំនួយ​យោធា​ដ៏​ធំ​មួយ​សម្រាប់​កោះ​តៃវ៉ាន់ ដោយ​ក្នុង​នោះ​រួម​ទាំង​កញ្ចប់​ជំនួយ ១.៩​ពាន់​លាន​ដុល្លារ សម្រាប់​បំពេញបន្ថែម​ឧបករណ៍​យោធា និង​ការ​ហ្វឹកហ្វឺន​។ ២​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ហិរញ្ញប្បទាន​យោធា​បរទេស សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់ ដែល​ក្រោយមក ប្រទេស​ចិន​បាន​ព្រមាន​ថា សកម្មភាព​នេះ នឹង​បង្កើន​ហានិភ័យ​នៃ​ជម្លោះ នៅ​តាម​បណ្តោយ​ច្រក​សមុទ្រ​តៃវ៉ាន់​៕ រូបភាព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ