ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ប័ណ្ណ​កម្ម​សិទ្ធិដីធ្លី​ជូន​ពលរដ្ឋ​ជាង២​ពាន់​គ្រួសារ ​ក្នុងស្រុក​ចំនួន​៣ នៅខេត្តកំពត

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត​ ៖ ​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ ដែល​មាន​ភូមិ​ព្រៃ​ស្បូវ ភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​

ខេត្តកំពត​ ៖ ​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ ដែល​មាន​ភូមិ​ព្រៃ​ស្បូវ ភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​ឈូក​, ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី​ និង​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា​ខាង​​ជើង ស្រុក​ដងទង់ មាន​មក​ទទួល​បណ្ណ​កម្ម​សិទ្ធ (​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស​អចលនវត្ថុ​) ពី​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត ដែល​ពិធី​ប្រគល់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​បរិវេណ​សាលាស្រុក​ឈូក នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤​។

ថ្លែង​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​បណ្ណ​កម្ម​សិទ្ធ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា ក្រោម​ការ​យកចិត្តទុកដាក់ និង​ចង្អុលបង្ហាញ​ចាប់តាំងពី​អាណត្តិ​នៃ​ការ​ដឹកនាំ​ប្រទេស​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រហូត​មក​ដល់​អាណត្តិ​នៃ​ការ​ដឹកនាំ​បន្ត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី សម្តេច​ទាំង​ពី​បាន​ដាក់​ចេញ​នូវ​វិធានការ ក៏​ដូច​ជា​ការ​ចង្អុលបង្ហាញ​មក​កាន់​អាជ្ញាធរ​រាជធានី​-​ខេត្ត និង​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​តាម​បណ្តា​ខេត្ត ឱ្យ​ព​ន្លឿ​ន​ក្នុង​ការ​ចេញ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី (​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស​អចលនវត្ថុ​) ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​បំផុត​។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា ដោយ​មានការ​ខិតខំ​ប្រឹងប្រែង​រវាង​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ខេត្តកំពត​សម្រេច​បានការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជាក់ស្តែង​រយៈពេល​ពីរ​ថ្ងៃនេះ ការ​ចែក​បណ្ណ​កម្ម​សិទ្ធ​ជូន​ពលរដ្ឋ​បាន​ប្រមាណ​ជាង​៨​ពាន់​ក្បាលដី ដែល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​ជំនាញ ក៏​ដូច​ជា​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ត​ថា យើង​អាច​មាន​ពេលវេលា​ចូលរួម​សំណេះសំណាល ព្រមទាំង​ទទួល​បាន​នូវ​បណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ស្របច្បាប់​របស់​រដ្ឋាភិបាល​នា​ពេល​នេះ គឺ​កើតឡើង​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​ពលរដ្ឋ​ត្រូវ​បាន​គិតគូ​យ៉ាង​ដិត​ដល់​ពី​ប្រមុខ​ដឹកនាំ​ប្រទេស​  ដូច្នេះ​យើង​ទាំងអស់​គ្នា​មិន​ត្រូវ​ភ្លេចគុណ​ចំពោះ​វីរៈភាព​នៃ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ដែល​ជា​អ្នក​បាន​ផ្តល់​នូវ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​នោះ​ឡើយ​។

យោង​តាម​របាយការណ៍​របស់​លោក ព្រាប សុ​ផាត ប្រធាន​ស្តីទី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត​បានឱ្យ​ដឹង​ថា ការ​ចែក​បណ្ណ​កម្ម​សិទ្ធ (​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស​អចលនវត្ថុ​) នា​ពេល​នេះ​គឺ​មាន​ចំនួន​៤​ភូមិ ស្ថិត​ក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​ដងទង់ ជុំ​គិរី និង​ស្រុក​ឈូក ដែល​មាន​ក្បាលដី​សរុប​ចំនួន ៦,៨៤១​ក្បាលដី ស្មើនឹង ២,១៣០​គ្រួសារ​។ ក្នុង​នោះ​ភូមិ​ព្រៃ​ស្បូវ ឃុំ​នារាយណ៍ ស្រុក​ឈូក មាន​ក្បាលដី​សរុប​ចំនួន ១,១៦០​ក្បាលដី ស្មើនឹង ៥១៤​គ្រួសារ​, ភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​ឈូក មាន​ក្បាលដី​សរុប​ចំនួន ១,៨៨៥​ក្បាលដី ស្មើនឹង ៧៦៦​គ្រួសារ​, ភូមិ​ខ្ព​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី មាន​ក្បាលដី​សរុប​ចំនួន ១,៧៦៦​ក្បាលដី ស្មើនឹង ៧៥៩​គ្រួសារ និង​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ មាន​ក្បាលដី​សរុប​ចំនួន ២,០៣០​ក្បាលដី ស្មើនឹង​៩១​គ្រួសារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ