ខេត្តស្វាយរៀង ៖ សវនាការលើសំណុំរឿងលោកឈូក បណ្ឌិត ត្រូវបានបន្តនៅព្រឹកនេះទៀត ដែលគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល២ថ្ងៃហើយ ចាប់ពីថ្ងៃទី១២ដល់១៣ មិថុនា ២០១៣ ។
នៅសាលសវនាការសាលាដំបូងខេត្តស្វាយរៀងនាពេលនេះកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសស្មុគស្មាញ។ ប្រភពព័ត៌មានពីកន្លែងជំនុំជម្រះនាពេលនេះឱ្យដឹងថា សំណុំរឿងខាងលើ ស្រាប់តែលោកឈូក បណ្ឌិត ត្រូវក្លាយជាសាក្សីទៅវិញ ហើយលោក ស ចន្ថា ជាអធិការរងនៃអធិការដ្ឋាននគរបាលក្រុងបាវិត ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានក្លាយជាជនត្រូវចោទលើសំណុំរឿងបាញ់កម្ម ការិនី៣នាក់ ឱ្យរបួសក្នុងព្រឹត្តិការណ៍បាតុកម្មកាលពីថ្ងៃទី២០ កុម្ភៈ ២០១២ កន្លងទៅ ដែលការបត់បែនរបស់តុលាការខេត្តស្វាយរៀងនេះហើយនាំឱ្យស្មុគស្មាញពិបាកយល់ ។ ករណីដែលតុលាការចោទប្រកាន់ទៅលើលោក ស ចន្ថា ថា ជាអ្នកចាញ់វិញនេះ គឺគ្រាន់តែសំអាងថា លោក ស ចន្ថា មានប្រើកាំភ្លើងដូចគ្រាប់ដែលបាញ់ទៅលើកម្មករ… ប៉ុន្តែយ៉ាងណាក៏ដោយ សាក្សីប៉ូលិសច្រើននាក់បាននិយាយថា លោក ស ចន្ថា មិននៅកន្លែងកើតហេតុទេ ពេលកំពុងកើតមានបាតុកម្មនោះ ព្រោះលោកនៅកន្លែងរថយន្តទឹកដែលត្រៀមអន្តរាគមន៍ទៅលើរោងចក្រស៊ីកូឯណោះទេ ។
ព្រឹកនេះតុលាការបានកោះហៅសាក្សីថ្មី៥នាក់ទៀតឱ្យចូលបំភ្លឺ បន្ទាប់ពីសាក្សី៥នាក់មុនមាន៣នាក់ឆ្លើយថា លោក ស ចន្ថា មិននៅកន្លែងកើតហេតុទេ, ចំណែកម្នាក់ឆ្លើយថា ឃើញលោកឈូក បណ្ឌិត កាន់កាំភ្លើងនៅកន្លែងកើតហេតុ រីឯម្នាក់ទៀតឆ្លើយថា ឃើញលោក ស ចន្ថា នៅក្នុងហេតុការណ៍នោះដែរ ។
គួរបញ្ជាក់ថា សាក្សីទាំង៥នាក់ក្រោយនេះសុទ្ធតែមានសមាសភាពជាប៉ូលិសក្រុងបាវិត ហើយម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឆ្លើយថា ខ្លួនឃើញផ្ទាល់ភ្នែកលោកឈូក បណ្ឌិត ជាអ្នកបាញ់កម្មការិនី កាលពីរឿងក្តីឡើងដល់សាលាឧទ្ធរណ៍ ហើយពេលនេះគាត់នៅរក្សាចម្លើយដដែល ។ គួររំលឹកថា លោក ស ចន្ថា ត្រូវបានគេរកឃើញថា មានប្រើកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម ដែលប្រើគ្រាប់ដូចគ្នាទៅនឹងគ្រាប់ដែលគេរកឃើញក្នុងហេតុការណ៍បាញ់កម្មការិនីទាំង៣នាក់នោះ ទើបពេលនេះលោករងការចោទប្រកាន់ជំនួសលោកឈូក បណ្ឌិកត ហើយលោកឈូក បណ្ឌិត បានក្លាយជាសាក្សីវិញ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកប្រើកាំភ្លើងដូចគ្នាមានច្រើននាក់… អ្វីដែលសំខាន់ គឺសាក្សីឃើញអ្នកណាបាញ់ផ្ទាល់ភ្នែក ៕
ចែករំលែកព័តមាននេះ