ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ប្រទីប​រាជធានី និង​ការ​រៀបចំ​តុបតែង​សួនច្បារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​មើល​ប្រទីប​រាជធានី…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​មើល​ប្រទីប​រាជធានី និង​ការ​រៀបចំ​ការ​តុបតែង នៅ​មាត់ទន្លេ ជាប់​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី ជ្រោយចង្វារ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ត្រៀម​ទទួល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ឆាប់​ៗ​ខាង​មុខ​នេះ​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៨​នេះ មាន​ប្រទីប​ចំនួន​១៥ លើស​ឆ្នាំ​២០១៧​កន្លង​ទៅ​ចំនួន​២ គឺ​ប្រទីប​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ប្រទីប​របស់ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​។

ជីវប្រវត្តិ​ប្រទីប​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ យោង​តាម​របាយ​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ប្រទីប​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៨​នេះ​មាន​៖ ទី​១.​រចនាបថ​នៃ​ការ​ស្ថាបនា​ប្រទីប​រាជធានី​ភ្នំពេញ ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​កម្ពស់​១៥,៥០​ម៉ែត្រ និង​មាន​បណ្តោយ​២៧​ម៉ែត្រ រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​ប្រណីត​នៃ​រូបគំនូរ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​ជាទី​តាំង​ប្រវត្តិសាស្ត្រ នៃ​ការ​កកើត​ទីក្រុង​ដ៏​ចំណាស់​នេះ និង​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ទី​២.​រាជធានី​ភ្នំពេញ ត្រូវ​បាន​កសាង និង​រៀបចំ​ឡើង​នៅ​លើ​កូនភ្នំ​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច ក្នុង​អំឡុង​ឆ្នាំ​១៣៧២ ដោយ​ស្ថាបនិក​ដំបូង​បង្អស់​គឺ​លោកយាយ​ពេញ​។

លោកយាយ​ពេញ គឺ​អ្នកមាន​ភោគ​សម្បត្តិ​បរិបូណ៌ មាន​ទីលំនៅ​ស្ថិត​នៅ​ក្បែរ​ច្រាំង​ទន្លេ​បូ​ន​មុខ និង​ជា​អ្នក​ដែល​បាន​ដឹកនាំ ប្រជាពលរដ្ឋ​ក្នុង​សម័យ​នោះ​ចូលរួម​ដង្ហែ​ព្រះ​បដិមា​ចំនួន​៤​ព្រះ​អង្គ​យក​ទៅ​តម្កល់​ទុក​លើ​កូនភ្នំ ដែល​គេ​នាំ​គ្នា​ហៅ​ថា «​ភ្នំ​ដូនពេញ​»​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ លុះ​ចំណេរ​ក្រោយមក​ក្នុង​រជ្ជកាល ព្រះបាទ​ពញាយ៉ាត ទីតាំង​នេះ ត្រូវ​បាន​សាងសង់​ជា​រាជធានី​ស្ថិត​នៅ​តាម​បណ្តោយ​ចំណុចប្រសព្វ ទន្លេចតុមុខ ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​ព្រហ្ម​វិហារធម៌​របស់​ព្រះមហាក្សត្រ​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​។

ទី​៣.​ក្រៅ​អំពី​រូបគំនូរ​រមណីយដ្ឋាន​វត្ត​ភ្នំ ប្រទីប​នេះ ក៏​ត្រូវ​បាន​រចនា​លម្អ​ទៅ​ដោយ​រូប​សត្វ​តោ​១​គូ ដែល​ជា​ស្តេច​នៃ​សត្វចតុប្បាទ មាន​ឫទ្ធ​អំណាច​លើស​អស់សត្វ​ឯទៀត ដាក់​បញ្ឈរ​យ៉ាង​សង្ហា​ប្រកបដោយ ភាព​ម៉ឺងម៉ាត់ ហាក់បីដូចជា​ឆ្មាំ​ចាំ​យាម​ការពារ​ដែន​អាណាចក្រ​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ជំហរ​ដ៏​អង់អាច​ក្លាហាន​មុះ​មុត​ជាទី​បំផុត​។ ទី​៤.​ចំពោះ​រូប​ព្រះ​ចេតិយ និង​វត្ត ស្ថិត​នៅ​លើ​កំពូល​រមណីយដ្ឋាន​វត្ត​ភ្នំ អម​ដោយ​ជណ្តើរ​ក្បាល​នាគរាជ​១​គូ ត្រូវ​បាន​រចនា​ឡើង​ដោយ​យក​លំនាំ​រចនា​បទ​ខ្មែរ​សុទ្ធសាធ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំនឿ ដ៏​លើសលប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពុទ្ធសាសនិក​កាន់​ព្រះពុទ្ធ​សាសនា និង​ភាព​សុខដុម​នី​យ​កម្ម​នៃ​វិស័យ​សាសនា​ក្នុង​សង្គម​កម្ពុជា ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ​។

ទី​៥.​ចំណែកឯ​ដើម​ត្នោត​១​គូ​នៅ​អម​ព្រះ​ចេតិយ គឺជា​និមិត្តរូប​នៃ​បរិស្ថាន​ធម្មជាតិ ដ៏​ស្រស់បំព្រង​របស់​រាជធានី​ភ្នំពេញ «​ទីក្រុង​ដ៏​ស្រស់ប្រិមប្រិយ​» រង់ចាំ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​វត្តមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ដែល​អញ្ជើញ​មក​ទស្សនា​កម្សាន្ត លំហែកាយ ជួបជុំ​មិតភក្តិ​ក្រុម​គ្រួសារ ធ្វើ​លំ​ហាត់ប្រាណ រាំ​កម្សាន្ត និង​លេង​កីឡា​ដើម្បី​សុខភាព​ក្នុង​រាជធានី​ភ្នំពេញ​។ ទី​៦.​នៅ​ខាង​មុខ​នៃ​ប្រទីប​រាជធានី​ភ្នំពេញ មាន​តាំង​លម្អរូប​បង្គោល​អគ្គិសនី រំលេច​ទៅ​ដោយ​អក្សរឆ្លាក់ យ៉ាង​ច្បាស់​ថា «​រាជធានី​ភ្នំពេញ​»​។

ពន្លឺ​ដ៏​ស្រទន់​នៃ​បង្គោល​អគ្គិសនី​ក្នុង​ស្បៃ​រាត្រី​ដ៏​ត្រកាល គឺជា​និមិត្តរូប​បង្ហាញ​ពី​ភាព​ភ្លឺ​ចែងចាំង ល្បី​សុះសាយ​របស់​ទីក្រុង​មួយ​នេះ លើ​គ្រប់​ផ្នែក គ្រប់​វិស័យ ទាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ ដែល​ស្តែង​ឡើង​តាម​រយៈ ការ​ខិតខំ​អភិវឌ្ឍ​ឥត​ឈប់​ឈរ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ចង្អុលបង្ហាញ​ជាប់​ជា​ប្រចាំ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​។ ទី​៧.​បច្ចុប្បន្ន​នេះ​រាជធានី​ភ្នំពេញ​មាន​ផ្ទៃដី​សរុប ៦៩២,៦៤​គីឡូ​ម៉ែត្រការ៉េ ចែក​ចេញ​ជា​១២​ខណ្ឌ និង​១០៥​សង្កាត់​។ រាជធានី​នេះ គឺជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ នយោបាយ​វប្បធម៌ កា​ទូត អប់រំ​សិក្សាធិការ ពាណិជ្ជកម្ម លំនៅ​ដ្ឋា​ន​ប្រក​ម​ដោយ​ប្រណីតភាព និង​ស៊ី​វិ​ល័យ​ផង​ដែរ​៕
https://youtu.be/Qb8LnkmhHr4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ