រាជធានីភ្នំពេញ ៖ ស្របពេលសេដ្ឋកិច្ចជាតិកំពុងរីកចម្រើន និងបរិយាកាសវិនិយោគកាន់តែអំណោយផល ធ្វើឲ្យអាជីវកម្មតូចធំបានកើនឡើងជាបន្ដបន្ទាប់ ពិសេសបន្ទាប់ពីវត្តមានវិនិយោគិនចិនចូលមកបណ្ដាក់ទុនរកស៊ី ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យ ហាក់មានសន្ទុះកើនទាំងទីផ្សារ និងតម្លៃ ។
ដោយសារតែការរីកលូតលាស់នៃអាជីវកម្មថ្មីៗ ក៏បានធ្វើឲ្យតម្រូវការជួលទីតាំងកើនឡើងផងដែរ ហើយព្រោះតែការផ្គត់ផ្គង់មិនសមាមាត្រនឹងតម្រូវការ ធ្វើឲ្យទីតាំងនៅតំបន់មួយចំនួនចាប់ផ្ដើមឡើងថ្លៃឈ្នួលជាបន្ដបន្ទាប់ ដែលកំពុងប៉ះពាល់ដល់អ្នករកស៊ីមុខរបរមួយចំនួន ត្រូវបង្ខំចិត្តរើទីតាំង ព្រោះតែមិនអាចទប់ទល់នឹងថ្លៃឈ្នួលបាន ។ យ៉ាងណាក្ដី អ្នកជំនាញយល់ថា ការឡើងថ្លៃឈ្នួលនេះ វាជាចរន្ដនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ខណៈដែលប្រទេសជាតិកំពុងមានសុខសន្ដិភាព ស្ថិរភាពនយោបាយ គួបផ្សំនឹងច្បាប់វិនិយោគ និងគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាលដែលអំណោយផលដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ។
បើតាមម្ចាស់ហាងកាហ្វេយីហោ «កៅហេង៤» ដែលមានទីតាំងនៅក្បែរស្តុបដេអិន បានឱ្យដឹងថា សព្វថ្ងៃនេះតាមការសង្កេត មិនត្រឹមតែអ្នកវិនិយោគមកពីក្រៅប្រទេសទេដែលមកបណ្ដាក់ទុនរកស៊ី យុវជនខ្មែរក៏ចាប់ផ្ដើមមានគំនិតធ្វើអាជីវកម្មកាន់តែច្រើនឡើងដែរ ហើយបច្ចុប្បន្ន សហគ្រាស និងក្រុមហ៊ុន ក៏រីកលូតលាសច្រើនដែរ ។
លោក ថិច ណាម ម្ចាស់ហាងកាហ្វេរូបនេះ បានបន្ដថា ការកើនឡើងនៃអាជីវកម្មគ្រប់ប្រភេទនេះហើយ បានធ្វើឱ្យត្រូវការជួលទីតាំងកើនឡើងជាបន្តបន្ទាប់ ហើយតម្លៃជួលក៏ឡើងថ្លៃដែរ ដែលធ្វើឲ្យម្ចាស់អាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តរុះរើទៅទីតាំងថ្មី ព្រោះតែមិនអាចទប់ទល់នឹងថ្លៃឈ្នួលបាន ។ លោកមានប្រសាសន៍ថា ៖« បច្ចុប្បន្ននេះអ្នកជួលទីតាំងគេសម្រាប់ប្រកបរបររកស៊ី ក្រៅពីប្រឈមនឹងការប្រកួតប្រជែងកើនឡើងហើយ ក៏កំពុងប្រឈមនឹងបញ្ហាថ្លៃឈ្នួលទីតាំងដែរ ព្រោះតម្លៃជួលចេះតែឡើងថ្លៃ »។ លោកថា ៖« ទីតាំងដែលខ្ញុំជួលនេះ បើម្ចាស់ដីជួលឲ្យអ្នកផ្សេង មិនក្រោម២.៥០០ដុល្លារទេក្នុង១ខែ តែសព្វថ្ងៃ ដោយសារវាស្ថិតក្នុងកុង ខ្ញុំជួលតែ២.០០០ដុល្លារប៉ុណ្ណោះ ហើយប្រសិនបើចប់កុងត្រាទៅ ម្ចាស់ដីឡើងថ្លៃ ក៏ខ្ញុំមិនអាចទប់ទល់បានដែរ ទោះបីជាសព្វថ្ងៃ ខ្ញុំរកចំណូលបាន៥.០០០ដុល្លារក្នុង១ខែក៏ដោយ ព្រោះត្រូវការចំណាយសព្វបែបយ៉ាង »។
លោកបញ្ជាក់ថា ៖« ទីតាំងខ្ញុំជួលកុងត្រាជាមួយម្ចាស់ផ្ទះរយៈពេល៥ឆ្នាំ ដោយក្នុង១ខែ ថ្លៃឈ្នួល២.០០០ដុល្លារ ។ ក្រៅពីបង់ថ្លៃទីតាំងហើយ ត្រូវបើកប្រាក់ខែឲ្យបុគ្គលិក និងចំណាយផ្សេងៗទៀត គិតទៅមិនសល់ប៉ុន្មាននោះទេ ព្រោះការចំណាយលើទីតាំងខ្ពស់ពេក »។ ស្រដៀងគ្នានេះដែរ ម្ចាស់យានដ្ឋានជួសជុលរថយន្ត Western Motor Garage អ្នកស្រី រស់ ចាន់ស្រស់ បានលើកឡើងដែរថា ការបើកអាជីវកម្មដោយជួលទីតាំង បច្ចុប្បន្នគឺពិបាកក្នុងការរកប្រាក់ចំណេញណាស់ ព្រោះថ្លៃឈ្នួលឡើងថ្លៃខ្លាំងពេក ។
អ្នកស្រីបន្ដថា ៖« ទីតាំងអាជីវកម្មរបស់ខ្ញុំនេះ ខ្ញុំជួលតាំងពី១ខែ តម្លៃ៧០០ដុល្លារ តែសព្វថ្ងៃនេះឡើងដល់១.៥០០ដុល្លារទៅហើយ និងជិតផុតកុងត្រាទៀត »។ អ្នកស្រីចាន់ស្រស់ បន្ថែមថា ៖« នៅពេលធ្វើកុងត្រាថ្មី បើតម្លៃនៅតែបន្ដកើនឡើងទៀត ខ្ញុំនឹងរកមើលទីតាំងផ្សេងវិញ ដោយសារលទ្ធភាពរត់មិនរួច »។
ចំណែកលោក យូ ហេង ម្ចាស់យានដ្ឋានជួសជុលរថយន្ដមួយកន្លែងនៅតាមបណ្ដោយផ្លូវ២១៧ ឬផ្លូវចំការដូង បានឲ្យដឹងដែរថា លោកបានជួលទីតាំងនេះប្រមាណជាង១០ឆ្នាំហើយ តាំងពីផ្លូវមិនទាន់ធ្វើម្ល៉េះ ។
លោកលើកឡើងថា ៖« ខ្ញុំបានជួលទីតាំងនេះតាំងពីតម្លៃ៣០០ដុល្លារ រហូតដល់៥០០ដុល្លារក្នុង១ខែ ហើយឥឡូវនេះឡើងដល់៧០០ដុល្លារ តែខ្ញុំនៅតែជួល ព្រោះអតិថិជនស្គាល់កន្លែងយើងច្បាស់ និងមិនចង់រើទីតាំងទេ ប៉ុន្ដែដោយសារដាច់ឆ្នាំនេះ ថ្លៃឈ្នួលឡើងដល់១.៥០០ដុល្លារ ខ្ញុំរត់មិនរួច ទើបត្រូវបង្ខំចិត្តរើទីតាំងទៅតំបន់ព្រៃ.សវិញ »។ លោកបញ្ជាក់ថា ៖« ការរើទីតាំងពិតជាជួបការលំបាក ព្រោះទម្រាំអតិថិជនស្គាល់ ត្រូវប្រើពេលយូរ តែយ៉ាងណា ក៏កាត់បន្ថយការចំណាយច្រើនដែរ ព្រោះជាដីខ្លួនឯងផ្ទាល់ »។
អ្នកជំនាញផ្នែកអចលនទ្រព្យ មើលឃើញថា បច្ចុប្បន្ននេះ ការជួលដីឡូត៍ធំៗដែលអាចបើកអាជីវកម្មបានគឺមានច្រើន ហើយតម្លៃជួលក៏ថ្លៃជាមុនៗដែរ ព្រោះតម្រូវការទីផ្សារប្រែប្រួល ។
លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេរបស់កម្ពុជា និងជានាយកក្រុមហ៊ុន Century 21 Fortuna Investment បានមានប្រសាសន៍ថា ការកើនឡើងនៃតម្លៃជួលទីតាំងនេះ ដោយសារតែវាជាតម្រូវការទីផ្សារ និងការវិវត្តនៃសេដ្ឋកិច្ច ។ លោកបានលើកឡើងថា ៖« យើងដឹងហើយកាលណាតម្លៃដីកើនឡើង ការជួលទីតាំង ឬដីឡូត៍ ក៏កើនឡើងដែរ ។ ឧទាហរណ៍ជាក់ស្តែង ដីធ្លីនៅតំបន់វេងស្រេង ឬហួសពោធិ៍ចិនតុងតិចតួច វាលែងជាតំបន់រោងចក្រ ឬអាចបង្កើតជារោងចក្រទៀតហើយ ព្រោះដីតំបន់នោះឥឡូវក្នុង១ម៉ែត្រការ៉េ វាឡើងដល់២០០ទៅ៣០០ដុល្លារទៅហើយ ហើយក៏មិនអាចជួលតម្លៃ២ទៅ៣ដុល្លារក្នុង១ម៉ែត្រការ៉េដូចមុនបានដែរ ។ នេះហើយគឺជាការវិវត្តនៃចរន្ដសេដ្ឋកិច្ច »។
លោកបន្ដថា ចំណែក សហគ្រិនវ័យក្មេង ឬសហគ្រិនថ្មីៗមួយចំនួន នឹងពិបាកក្នុងការទប់ទល់ នឹងថ្លៃឈ្នួលទីតាំង ពិសេសនៅក្នុងក្រុងភ្នំពេញ ទើបពួកគាត់ងាកទៅរកកន្លែងណាដែលមានតម្លៃសមរម្យវិញ ។
ទោះជាយ៉ាងណា លោកក៏បានផ្ដល់ជាគំនិតថា ប្រសិនបើម្ចាស់អាជីវកម្មយល់ថា ទីតាំងនោះអាចជួលបាន ហើយអាចនឹងធ្វើឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើនទៅថ្ងៃអនាគត គួរតែកុងត្រាឲ្យបានយូរឆ្នាំបន្ដិច ដើម្បីជៀសវាងម្ចាស់ទីតាំងទារឡើងថ្លៃ ។
លោក វ៉ា វីរៈ មានប្រសាសន៍ថា ៖« ជាទូទៅ បើយើងយល់ថា តម្លៃជួលសមរម្យហើយ យើងគួរតែធ្វើកិច្ចសន្យារយៈពេលវែងបន្ដិច ព្រោះវាអាចការពារបានមួយផ្នែកដែរ។ មានកន្លែងខ្លះ គេធ្វើកិច្ចសន្យាដល់១៥ឬ២៥ឆ្នាំឯណោះ ហើយបើសិនយើងជួលរយៈពេល៣ឬ៥ឆ្នាំ វាអត់សូវល្អនោះទេ អាចមានហានិភ័យខ្ពស់ ព្រោះតម្លៃជួលទីតាំងអាចនឹងឡើងថ្លៃ ចំណែកអាជីវកម្មយើងក្នុងរយៈពេលខ្លី មិនទាន់លូតលាស់ផង ក៏ត្រូវរើទីតាំង ដែលនេះជាបញ្ហា »។ លោកថា ៖« យើងមិនអាចបន្ដុះម្ចាស់អចលនទ្រព្យបានទេ ព្រោះតម្លៃដី ឬអចលនទ្រព្យនៅលើទីផ្សារវាឡើងថ្លៃ។ អីចឹង តម្លៃជួលក៏ឡើងទៅតាមនោះដែរ »៕
ចែករំលែកព័តមាននេះ