រាជធានីភ្នំពេញ ៖ នៅលើសង្វៀន CTN ថ្ងៃសៅរ៍ ទី១៥ មិថុនាខាងមុខនេះ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាផែនដី ក្នុងប្រភេទទម្ងន់៧១គីឡូក្រាមបានឈានចូលដល់សប្តាហ៍ទី៤ ហើយ។ កីឡាករដែលជាបេក្ខភាពដណ្តើមខ្សែក្រវាត់សប្តាហ៍នេះមានចំនួន២គូ គឺ ខុន រាជ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ជួបជាមួយ ពៅ សក្តិសិទ្ធ មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ចំណែក វ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ជួបជាមួយ សាំង ស៊ីថា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។
រវាង ខុន រាជ និង ពៅ សក្តិសិទ្ធ ឆ្លងកាត់ការប្រកួតបាន១លើកម្នាក់រួចមកហើយ និងមានសំណាងរកបាន៣ពិន្ទុម្នាក់ដូចគ្នា លើកនេះមិនទាន់ដឹងថាខាងណាមានសំណាងរកបាន៣ពិន្ទុបន្ថែមទៀតនោះទេ ។ សម្រាប់ទស្សនៈអ្នកទស្សនាភាគច្រើន គឺគេមានជំនឿចិត្តលើ ខុន រាជ ច្រើនជាង ។ ខុន រាជ មានប្រវត្តិឡើងសង្វៀនមិនច្រើនដូច ពៅ សក្តិសិទ្ធ ទេ ប៉ុន្តែទាំងល្បិចប្រយុទ្ធ កម្លាំង និងកម្ពស់ គឺល្អជាង ជាពិសេសស្នៀតជើងរបស់គេតែម្តងអាចធ្វើការទាត់ចេញបានលឿន និងមានទម្ងន់ទៀតផង ខណៈស្នៀតកណ្តាប់ដៃរបស់គេក៏ល្អគួរសមណាស់ដែរអាចម៉ាត់ចេញបានយ៉ាងរហ័ស និងមិនសូវជាខុសគោលដៅប៉ុន្មានឡើយ ។
ចំណែកឯ ពៅ សក្តិសិទ្ធ វិញកម្លាំងរបស់គេរាងចុះខ្សោយជាងមុនបន្តិច រីឯល្បិចប្រយុទ្ធនៅល្អគួរសមអាចកំដរ ខុន រាជ បាន ។ ទោះបីយ៉ាងណា តាមការស្ទាបស្ទង់គូនេះមិនហ៊ានអួតក្អេងក្អាងមុនឡើយ ព្រោះទាំងសងខាងមានការកោតញញើតគ្នាទៅវិញទៅមក ។ វ៉ោយ សុធន និង សាំង ស៊ីថា វិញធ្លាប់ឆ្លងកាត់ការប្រកួតបាន១លើកម្នាក់ និងទទួលរងការបរាជ័យដូចគ្នា ។ សម្រាប់ការជួបគ្នាលើកនេះ គ្មាននរណាម្នាក់ហ៊ានអះអាងពីលទ្ធផលទុកមុនឡើយ ។ វ៉ោយ សុធន ពេលនេះទាំងកម្លាំងនិងល្បិចប្រយុទ្ធហាក់រាងចុះខ្សោយជាងមុនឆ្ងាយណាស់ ។
ចលនាវាយចេញរបស់គេមិនសូវជារហ័សរហួនប៉ុន្មានឡើយ និងអាចធ្វើការវាយចេញបានល្អតែ៣ទឹកដំបូងប៉ុណ្ណោះ ។ រីឯ សាំង ស៊ីថា វិញកម្លាំងរបស់គេនៅខ្លាំងជាង វ៉ោយ សុធន តែល្បិចប្រយុទ្ធមិនសូវជាល្អទេ ស្នៀតកែងនិងជង្គង់របស់គេប្រើការមិនសូវបានផលប៉ុន្មានឡើយ បានតែស្នៀតជើងបន្តិចប៉ុណ្ណោះ ។ ទោះបីយ៉ាងណា សាំង ស៊ីថា ក៏នៅមានការកោតញញើត វ៉ោយ សុធន ខ្លះដែរ ។ ក្រៅពីគូដណ្តើមខ្សែក្រវាត់២គូនេះទៅ នៅមានគូប្រកួតជាលក្ខណៈមិត្តភាពចំនួន៤គូទៀតដែលសុទ្ធសឹងជាជើងខ្លាំងធ្លាប់អង្រួនសង្វៀនឱ្យកក្រើកនាពេលកន្លងមកដូចជា កីឡាករ ម៉ុន រតនា មកពីក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ ជួបជាមួយកីឡាករ កង ពៅ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ។
កីឡាករ សៅ ប៊ុនធឿន មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ជួបជាមួយ យិន បូរី មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ។ កីឡាករ ឌុច ឌួង មកពីក្លិបសាលវ័ន្តកីឡា ជួបជាមួយកីឡាករ សាន រាជសីហ៍ មកពីក្លិបខ្លារខិនគុនខ្មែរ និងគូចុងក្រោយកីឡាករ កឿម សុវណ្ណឌឿត មកពីក្លិបមោងឫស្សីខេត្តបាត់ដំបង ជួបជាមួយកីឡាករ យិន បូរិន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ៕
ចែករំលែកព័តមាននេះ