ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​​ខ្សែ​​ក្រវាត់​​ស្រា​​បៀរ​​កម្ពុជា​​ពីរ​​ជំនាន់​​គ្រោង​​ដណ្តើម​​ខ្សែ​​ក្រវាត់​​គ្នា​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កីឡា​ករ​ជើង​ខ្លាំង​ពីរ​រូប គឺ​ ផល សោភ័ណ្ឌ ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្រា​​បៀរ​កម្ពុជា​​ប្រចាំ​​​ឆ្នាំ​​២០១២ ​និង​កីឡាករ ឯម ខ្លឹម​ខ្មៅ ជា​​ម្ចាស់​ខ្សែក្រវាត់​​​​​​ស្រា​​បៀរ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៣ ​ត្រូវ​គេ​អះ​អាង​ថា ​មាន​គម្រោង​ឡើង​ប្រកួត​​គ្នា​ហើយ ​ក្នុង​លក្ខខណ្ឌ​​ដណ្តើម​​ខ្សែ​ក្រវាត់​គ្នា​ទៅ​វិញ​ទៅ​មក​​​ជា​ផ្លូវ​​ការ ។ ផែន​ការ​នេះ​ មានន័យ​ថា ​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​​ទាំង​ពីរ​នឹង​មាន​​ម្នាក់​បាត់​បង់​​ខ្សែ​ក្រវាត់​ទាំង​ស្រុង

រាជធានីភ្នំពេញ ៖ កីឡា​ករ​ជើង​ខ្លាំង​ពីរ​រូប គឺ​ ផល សោភ័ណ្ឌ ដែល​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្រា​​បៀរ​កម្ពុជា​​ប្រចាំ​​​ឆ្នាំ​​២០១២ ​និង​កីឡាករ ឯម ខ្លឹម​ខ្មៅ ជា​​ម្ចាស់​ខ្សែក្រវាត់​​​​​​ស្រា​​បៀរ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៣ ​ត្រូវ​គេ​អះ​អាង​ថា ​មាន​គម្រោង​ឡើង​ប្រកួត​​គ្នា​ហើយ ​ក្នុង​លក្ខខណ្ឌ​​ដណ្តើម​​ខ្សែ​ក្រវាត់​គ្នា​ទៅ​វិញ​ទៅ​មក​​​ជា​ផ្លូវ​​ការ ។ ផែន​ការ​នេះ​ មានន័យ​ថា ​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​​ទាំង​ពីរ​នឹង​មាន​​ម្នាក់​បាត់​បង់​​ខ្សែ​ក្រវាត់​ទាំង​ស្រុង និង​ម្នាក់​ទៀត​​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​​​ស្រា​​បៀរ​កម្ពុជា​ទាំង​ពីរ​ជំនាន់តែ​ម្តង​ ។​

កន្លង​មក កីឡាករ​​ ផល​ សោភ័ណ្ឌ និង​កីឡាករ​​ ឯម ខ្លឹម​ខ្មៅ ​ធ្លាប់​​ជួប​គ្នា​រួច​ហើយ​ក្នុង​​លក្ខខណ្ឌ​​សាក​​ល្បង​​សមត្ថ​ភាព​គ្នា ប៉ុន្តែ​សម្រាប់​វេទិកា​ដណ្តើម​​​គ្នា​យក​ខ្សែ​ក្រវាត់​​​ដែលពួក​គេ​ក្តោបក្តាប់​ គឺ​មិន​​ទាន់​នោះ​ឡើយ​ ។​​​ ប្រភព​ពី​ស្ថានីយ​​​ទូរទស្សន៍​​បាយ័ន ​និង​ម្ចាស់​​​ស្ពន​ស៊័រ ​​ គឺ​ក្រុម​ហ៊ុន​​ស្រា​​បៀរ​កម្ពុជា​បាន​បញ្ជាក់​ថា ​បាន​រៀប​​​គម្រោង​​​ឱ្យ​ម្ចាស់​​ខ្សែ​ក្រវាត់​​ទាំង​ពីរ​ធ្វើការ​​ប្រកួត​​​​គ្នា​​​ហើយ ដើម្បី​ការ​ពារ​​ និង​ដណ្តើម​​​យក​​ខ្សែ​ក្រវាត់​គ្នាជា​លើក​ទី​១ ដែល​​អ្នក​​ទស្សនា​​​ភាគ​ច្រើ​ន​​​​ចង់​ឃើញ ។​​​

មន្រ្តី​ទូរទស្សន៍​បាយ័ន​​បាន​ប្រកាស​​​​ជា​សាធារណៈ​​ កាលពី​​​ថ្ងៃអាទិត្យ​ថា​ ជំនួប​​ដណ្តើម​​ខ្សែ​ក្រវាត់​​​​រវាង​កីឡាករ​​​ទាំង​ពីរ​​​នឹង​កើត​មាន​ឡើង​​​មិន​យូរ​មិន​ឆាប់​ឡើយ​ បន្ទាប់​ពី​​ការ​ទទួច​ដ៏​ស្រួច​ស្រាល់​​ឱ្យ​​ម្ចាស់​​ខ្សែ​ក្រវាត់​​​ទាំង​ពីរ​ប៉ះ​គ្នា ​ក្នុង​នាម​​ប្រកួត​​​ដណ្តើម​​​យក​ខ្សែ​​​ក្រវាត់ ​​គ្នា​​មក​ក្តោប​ក្តាប់ ។​​ ការ​ប្រកួត​នេះ​ ​នៅ​មិន​ទាន់​​​កំណត់​​ពី​កាល​បរិច្ឆេទ​​ឡើយ  ​ប៉ុន្តែ​ផែនការ​​ជាក់​ស្តែង​​នឹង​កើត​ឡើង​​​​បន្ទាប់ពី​​កីឡាករ​ ឯម ខ្លឹម​ខ្លៅ ​បញ្ចប់​​​ការ​​ប្រកួត​​អន្តរ​ជាតិ​​​នៅ​លើ​​សង្វៀន​​​រាជ​បុត្រ​​​នៃ​អាណាចក្រ​​​ខ្មែរ​​នៅ​ចុង​ខែ​នេះ ។ ​​

ប្រភព​​​​ពី​​មន្ត្រី​​ដដែល​​អះ​​អាង​ថា ​​ការ​ពិត​កីឡាករ​​ទាំង​ពីរ​​ ទូរទស្សន៍​​​​បាយ័ន​គ្រោង​​​ឱ្យ​​ប្រកួត​​​គ្នា​បែ​ប​នេះ​ តា​ំងពី​​​​​កីឡា​ករ​ ឯម ​ខ្លឹម​ខ្មៅ  ទើប​​នឹ​ង​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​​​ស្រា​​បៀរ​កម្ពុជា​ឆ្នាំ២០១៣ ​កាលពី​​ប៉ុន្មាន​​​ខែ​មុន​នោះ​ម៉្លេះ ​​ប៉ុន្តែ​​​ដោយ​សារ​​មើល​សន្ទុះ​​របស់​កីឡាករ​ ផល សោភ័ណ្ឌ​​ ថា​មិន​​ទាន់​ទៅ​​រួច​​ជាមួយ​​កីឡាករ​ ឯម ​ខ្លឹម​ខ្មៅ ​​នៅឡើយ​ ​ទើប​ការ​ប្រកួត​​នេះ​ចេះ​​តែ​ត្រូវ​​​ពន្យារ​ពេល​ ​។ យ៉ាង​ណាក៏ដោយ​ ការ​ប្រកួត​​​​ដ៏​សំខាន់​​មួយ​នេះ​នឹង​មិន​អាច​​​ពន្យា​​​រពេល​​ទៀ​ត​ឡើយ​ ​ដើម្បី​​បំពេញ​​តាម​​បំណង​​របស់​ម្ចាស់​​ស្ពន​ស៊័រ ​​គឺ​ក្រុម​ហ៊ុន​​ស្រា​​បៀរ​កម្ពុជា​​ ដែល​​ទទួច​​ឱ្យ​មាន​​​ការ​ប្រកួត​​ដ៏​សំខាន់​​មួយ​នេះ ។​

ការ​ប្រកាស​​នេះ កំពុង​​ធ្វើ​​ឱ្យ​កីឡាករ​​ ផល សោភ័ណ្ឌ​ ​បុក​ពោះ​បន្ទាប់​ពី​​គេ​ទើប​​​តែ​ចាញ់​​ក្រោម​ដៃ​​កីឡា​ករ ឯម ខ្លឹម​ខ្មៅ  ​ក្នុង​ព្រឹត្តិ​ការណ៍​​​​​ដណ្តើម​​ខ្សែ​ក្រវាត់​​​​​​​ស្រា​បៀរ​កម្ពុជា​​ឆ្នាំ​​២០១៣ កាលពី​​ពេល​ថ្មីៗ​ ។ ប៉ុន្តែ​​គេ​មិន​អាច​ប៉ាន់​​ស្មាន​ថា ​​ផល​ សោភ័ណ្ឌ​ ​នឹង​នៅ​​តែ​ចាញ់​​ក្រោម​​ដៃ​កីឡា​ករ​ ឯម ខ្លឹម​ខ្មៅ ​ដូច​​មុន​បាន​ទេ ដោយ​​សារ​តែ​​ការ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ ​គេជឿ​ថា ​ផល សោភ័ណ្ឌ​​​ ពិត​​ជា​មាន​​យុទ្ធ​សាស្រ្ត​​គ្រប់​គ្រាន់​​ដើម្បី​​ការ​ពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន​ ​និង​ដើម្បី​​ទប់​ទល់​​ចំពោះ​​គូសង​​​សឹក​ចាស់ ​ដែល ​ផល សោភ័ណ្ឌ​ ​ត្រូវ​ការ​​​សង​សឹក​​ដោយ​ខាន​មិន​​​បាន​នោះ ។​

គួរ​បញ្ជាក់​ថា ​ខ្សែ​​​ក្រវាត់​​ដែល​ ផល សោភ័ណ្ឌ​​​ កាន់​កាប់​ គឺ​ដណ្តើម​​បាន​ពី​​កីឡាករ វង្ស ណយ ​​​កាលពី​ក្នុង​ឆ្នាំ​២០១២ ខណៈ​ដែល​ការ​ប្រកួត​​​​ដណ្តើម​ខ្សែ​ក្រវាត់​​​ស្រាបៀ​រ​កម្ពុជា ​​ប្រចាំ​ឆ្នាំ​២០១៣ ​ក៏​គេ​​ជា​បេក្ខ​ភាព​​តែ​ម្នាក់​ ដែល​ប៊ិះ​​ដណ្តើម​​​​បាន​ខ្សែ​​ក្រវាត់​​នេះ​មួយ​ទៀត បើ​កុំ​តែ​​​ស៊យ​​ចាញ់​ពិន្ទុ​​ ឯម ខ្លឹម​ខ្មៅ ​​ដោយ​ប្រផិត​ប្រផើយ​​​នៅ​​​វគ្គ​​​ផ្តាច់​ព្រ័ត្រ ។ ​អញ្ចឹង​ហើយ ​ទើប​​គេ​យល់​ថា ​ព្រឹតិ្ត​ការណ៍​​​​​ប្រកួត​នេះ​ គឺ​ពិត​ជា​សំខាន់​​​​បំផុត​​សម្រាប់​​ជីវិត​​​​ជា​កីឡា​ករ​​​ប្រដាល់​​​​របស់​ពួក​គេ ៕