រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ជា ពិសី កាលពីវេលាមោ៉ង៣រសៀលថ្ងៃទី១១ មិថុនា បានប្រើប្រាស់កម្លាំងប្រមាណ៣០នាក់ ចុះទៅឃាត់ និងរុះរើសំណង់របស់លោកឧត្តមសេនីយ៍ឯក អន មុន្នី មន្ត្រីយោធានៅក្រសួងការពារជាតិ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ដែលបានសាងសង់អត់ច្បាប់ និងសង់លើដីឡូត៍តំបន់អភិវឌ្ឍន៍ឫស្សីកែវ នេះជាលើកទី៣ហើយ ដែលអាជ្ញាធរខណ្ឌឫស្សីកែវ ចុះឃាត់សំណង់របស់លោកឧត្តមេសនីយ៍ឯក អន មុន្នី ហើយលើកនេះ អាជ្ញាធរបានប្តេជ្ញាថា ត្រូវវាយកម្ទេចចោល តែត្រូវលោកឧត្តមសេនីយ៍ស្នើសុំទុកសំណង់ដូចដើមរង់ចាំឱ្យអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដោះស្រាយសិន ។
លោក ជា ពិសី អភិបាលរងខណ្ឌ បានឱ្យដឹងថា ការចុះអនុវត្តវិធានការរដ្ឋបាលនេះធ្វើឡើងតាមការណែនាំរបស់ លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ ដោយសារតែសំណង់នេះសាងសង់ដោយពុំមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ ហើយថែមទាំងសាងសង់ជាន់លើដីឡូត៍តំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីកំពុងដោះស្រាយ ។
លោក ជា ពិសី បានឱ្យដឹងថា សំណង់ដែលត្រូវវាយចោលនេះមានទំហំ១០មែ៉ត្រគុណ១៨មែ៉ត្រ ដែលកន្លងមកអាជ្ញាធរខណ្ឌឫស្សីកែវ បានចុះហាមឃាត់ចំនួន២លើកមកហើយ តែម្ចាស់មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនៅតែបន្តសាងសង់ដោយអត់ច្បាប់ ។ នេះជាលើកទី៣ ដែលអាជ្ញាធរចុះទៅដើម្បីអនុវត្តវិធានការវាយកម្ទេចសំណង់នេះចោល តែត្រូវបានលោកឧត្តមសេនីយ៍សំណូមពរសូមរក្សាទុកជាបណ្តោះអាសន្នសិនហើយសុខចិត្តបញ្ឈប់ការសាងសង់តទៅទៀតតាមការណែនាំរបស់ក្រុមការងារ រង់ចាំអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីដោះស្រាយចប់សិន ។
អ្វីដែលគួរចាប់អារម្មណ៍នោះ គឺនៅពេលក្រុមការងារចុះទៅដល់ លោក អន មុន្នី បានឱ្យដឹងថា គាត់ជាឧត្តមសេនីយ៍ឯកនៅក្រសួងការពារជាតិ ឯដីនេះគាត់ទិញដោយស្របច្បាប់តាំងពីឆ្នាំ១៩៩៩មកម៉្លេះ ហើយការសាងសង់របស់គាត់ពុំមានច្បាប់អនុញ្ញាតឡើយ ។ នៅរសៀលថ្ងៃដដែលនោះ ក្រុមការងារក៏បានចុះទៅឃាត់សំណង់មួយកន្លែងទៀតស្ថិតនៅក្បែរនោះដែរ មានម្ចាស់ឈ្មោះ ព្រុំ បូរ ដែលសង់អត់ច្បាប់ដូចគ្នា ៕
ចែករំលែកព័តមាននេះ