ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានត្រូវជនមិនស្គាល់មុខលបកាប់មួយដាវសាមូរ៉ៃរយះផ្ទៃមុខចាប់ពីបបូរមាត់រហូតដល់ថ្ងាស ខណៈកំពុងដេកយោលអង្រឹងនៅមុខផ្ទះ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១១ មិថុនា ។
ជនរងគ្រោះឈ្មោះ ចក់ សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ។ នៅក្នុងមន្ទីរពេទ្យនាព្រឹកថ្ងៃទី១២ មិថុនា ជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុខ្លួនគាត់កំពុងដេកយោលអង្រឹងនៅមុខផ្ទះ ហើយនៅម៉ោងប្រមាណជាង១០យប់ ស្រាប់តែមានជនមិនស្គាល់មុខដើេរមកពីក្រោយកាប់សំដៅក្បាលគាត់តែម្តងទាំងមិងដឹងខ្លួន ។ នៅក្នុងភូមិស្រែពោធិ៍នេះ គាត់មិនមានទំនាក់ទំនង និងស្គាល់អ្នកណាឡើយ ព្រោះទើបតែមកធ្វើជាកម្មករសំណង់បានជាងមួយខែប៉ុណ្ណោះ ។
លោក ប៊ុន រតនា នាយប៉ុស្តិ៍នគរបាលសង្កាត់ស្រះឫស្សីឱ្យដឹងថា ជនរងគ្រោះត្រូវជនសង្ស័យកាប់មួយដាវសាមូរ៉ៃពីក្រោយ ខណៈកំពុងដេកក្នុងអង្រឹងបណ្តាលឱ្យរយះចាប់ពីបបូរមាត់ រហូតដល់ថ្ងាសផ្នែកខាងលើរបួសធ្ងន់ និងត្រូវបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួច។
លោកនាយប៉ុស្តិ៍បន្តថា ជនរងគ្រោះទើបមកស្នាក់នៅធ្វើកម្មករសំណង់បានជាងមួយខែប៉ុណ្ណោះ ហើយលោកសន្និដ្ឋានថា អាចប្រហែលជាជនដៃដល់កាប់ច្រឡំមនុស្ស។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមដានក្តាប់មុខសញ្ញាជនសង្ស័យ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោស ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ៕
ចែករំលែកព័តមាននេះ