ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ ក្នុងចំណោម២នាក់ខណៈឡើងជិះទូកលេងដែលម្ចាស់គេចតទុកក្បែរច្រាំងស្ទឹងសង្កែ បានរអិលធ្លាក់ពីលើទូកបណ្តាលឱ្យលង់ស្លាប់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ មិថុនា ២០១៣ នៅខាងមុខវត្តកណ្តាល ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ។
កុមារារងគ្រោះឈ្មោះ ខេម ដារ៉ាជីម អាយុ៣ឆ្នាំ ស្នាក់នៅជាមួយជីដូនក្នុងវត្តកណ្តាល ក្នុងភូមិរំចេក៤ ដោយអាណាព្យាបាលទៅរកស៊ីនៅក្រុងប៉ោយប៉ែត ។ សាក្សីនិយាយថា ដំបូងគេឃើញកុមារារងគ្រោះរួមជាមួយក្មេងប្រុសម្នាក់ទៀតបានចុះទៅក្នុងស្ទឹង រួចនាំគ្នាឡើងជិះទូកដែលម្ចាស់ចតចោលក្បែរមាត់ស្ទឹង។ ពេលពួកគេទាំង២នាក់ព្យាយាមឡើងធ្វើឱ្យទូកឃ្លេងឃ្លោង ហើយកុមារារងគ្រោះទប់មិនជាប់ ក៏ធ្លាក់ទឹកធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ ខណៈឃើញដូច្នេះ មនុស្សធំ៤ទៅ៥នាក់បានចុះទៅជួយភ្លាមៗដែរ ប៉ុន្តែរកមិនឃើញក្មេងប្រុសនោះឡើយ ។ លុះប្រហែលកន្លះម៉ោងក្រោយមក ស្រាប់តែត្រូវគេប្រទះឃើញកុមារានោះលិចអណ្តែតៗនៅខាងក្រោមកន្លែងកើតហេតុប្រហែលជាង២០០ម៉ែត្រ ក៏បានចុះស្រង់ តែរូបគេបានស្លាប់បាត់ទៅហើយ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកស្ទឹងសង្កែបានឡើងខ្ពស់បន្តិច និងមានកម្លាំងទឹកហូរខ្លាំងទៀតផង ដោយសារតែនៅផ្នែកខាងលើនៃក្បាលស្ទឹងនៅឯស្រុកសំឡូតមានភ្លៀងធ្លាក់ខ្លាំង ។ ដោយសារល្បឿនទឹកហូរខ្លាំង ទើបពេលកុមារារងគ្រោះដែលធ្លាក់ទឹកត្រូវទឹកនាំទៅក្រោម ដែលជាហេតុមិនអាចរកឃើញនៅកន្លែងកើតហេតុ គឺគេប្រទះឃើញនៅចម្ងាយពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ គ្រាន់តែចន្លោះពេលកន្លះម៉ោងបុ៉ណ្ណោះ ៕
ចែករំលែកព័តមាននេះ