តម្រូវការប្រេងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍បានវ៉ាដាច់ប្រទេសអ្នកមានជាលើកដំបូងកាលពីខែមេសា នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយអាមេរិកកាលពីថ្ងៃអង្គារ ទី១១ មិថុនា ។ដោយសារមានកំណើនខ្ពស់នៅក្នុងប្រទេសចិន តម្រូវការប្រេងនៅខាងក្រៅក្លិបអង្គការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) របស់ប្រទេសអ្នកមាន បានកើនឡើងរហូតដល់ ៥០% អំឡុងពេល១ទសវត្សចុងក្រោយនេះ ពោលគឺវាបានឈានដល់៤៤,៥លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមេសា នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) ។
នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា ទស្សនវិស័យថាមពលរយៈពេលខ្លីបានឱ្យដឹងថា តម្រូវការប្រេងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ គឺខ្ពស់ជាងការប្រើប្រាស់នៅក្នុងប្រទេស OECD ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ។ ១០ឆ្នាំកន្លងទៅនេះ ប្រទេសកំពុងអភិវឌ្ឍន៍ប្រើប្រាស់ប្រេងត្រឹមតែ២/៣ប៉ុណ្ណោះ មិនច្រើនដូចប្រទេសអ្នកមានទេ ហើយប្រទេស OECD ក៏បានកាត់បន្ថយការប្រើប្រាស់ជាការឆ្លើយតបនឹងតម្លៃឡើងខ្ពស់ និងក្តីបារម្ភផ្នែកបរិស្ថាន ។ ប្រទេសកំពុងអភិវឌ្ឍន៍បានស្ថិតនៅលើគន្លងកំណើនមួយឆាប់រហ័សរួចហើយ កាលពីមុនវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ ប៉ុន្តែចាប់ពីឆ្នាំ២០០៨ មកយើងបានឃើញថាតម្រូវការប្រេងរបស់ OECD បានធ្លាក់ចុះយ៉ាងខ្លាំង ។
ប្រទេសអារ៉ាប៊ី សាអូឌីតដែលជាសម្ព័ន្ធមិត្តអាមេរិកយូរយារមកហើយនោះ បច្ចុប្បន្នបាននាំចេញប្រេងច្រើនទៅកាន់ប្រទេសចិន ដូចដែលខ្លួនបាននាំចេញទៅកាន់អាមេរិកដែរនោះ គឺការនាំចេញដែលមានចំនួនជាង១លានបារ៉ែលក្នុងមួយថ្ងៃ ។ ក្រុមហ៊ុនប្រេងចិនដែលគ្រប់គ្រងដោយរដ្ឋ ក៏បានដណ្តើមយកភាគហ៊ុនផលិតកម្ម និងអភិវឌ្ឍប្រេងអុីរ៉ាក់ក្រោយឆ្នាំ២០០៣ ច្រើនជាងក្រុមហ៊ុនប្រេងអន្តរជាតិ ។ប្រទេសផលិតប្រេងអាហ្វ្រិកខាងត្បូងមានដូចជា អង់ហ្គោឡា និងនីហ្សេរីយ៉ាធ្លាប់ជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតរបស់អាមេរិកខាងជើង ក៏កំពុងនាំចេញប្រេងទៅកាន់អាស៊ីច្រើនជាងមុនផងដែរ ៕
ចែករំលែកព័តមាននេះ