កីឡាករប្រដាល់អាមេរិក ធីម៉ូធី ប្រែ៊តលី នឹងឡើងសង្វៀនប្រកួតការពារខ្សែក្រវាត់ស្ថាប័ន WBOក្នុងប្រភេទទម្ងន់Welterweight របស់ខ្លួនប្រឆាំងនឹងកីឡាករម៉ិកស៊ិកចូអាន ម៉ានូអែល ម៉ាកហ្គេស នៅថ្ងៃទី១២ តុលាខាងមុខនេះ ។ ការប្រកួតនឹងត្រូវរៀបចំធ្វើនៅសង្វៀន Thomas &Mack Center ស្ថិតក្នុងទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ។
ប្រែ៊តលី វ័យ២៩ឆ្នាំ នៅក្នុងការប្រកួត៣១លើកកន្លងមកមិនដែលស្គាល់ពាក្យថាចាញ់ម្ដងណាទេ ។ នៅក្នុងចំនួននៃការឈ្នះនេះគឺមាន១២លើកដែលគេបានផ្ដួលដៃគូឱ្យសន្លប់ ។ គេបានក្លាយជាម្ចាស់ខ្សែក្រវាត់ស្ថាប័នWBO បន្ទាប់ពីឈ្នះប៉ាកគីអាវ ដោយពិន្ទុ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១២ ។ ក្រោយមកគឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ គេទទួលបានជោគជ័យទាំងស្រុងនៅក្នុងការប្រកួតការពារខ្សែក្រវាត់នេះជាលើកដំបូង ។
ម៉ាកហ្គេស ទោះបីមានវ័យចាស់បន្តិចក្ដីប៉ុន្តែនៅក្នុង៦២ប្រកួតគឺគេឈ្នះ៥៥លើក ផ្ដួលដៃគូឱ្យសន្លប់បានដល់ទៅ៤០លើក និងធ្លាប់ស្មើពិន្ទុមួយលើក ។ ប្រកួតលើកចុងក្រោយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំទៅមិញ គេផ្ដួលប៉ាក់គីអាវឱ្យសន្លប់ធំក្នុងទឹកទី៦ ៕
ចែករំលែកព័តមាននេះ