​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំង…បង្កើតជាអំពើឆោតល្ងង់​ ឃោរឃៅ និងព្រៃ​​ផ្សៃ​បំផុត


ខេត្តឧត្តរមានជ័យ ៖ ដោយសារ​ការ​ប្រចណ្ឌ​ខុស​តម្រា បុរស​ជា​ប្តី​ដែល​មានចិត្ត​ឃោរឃៅព្រៃផ្សៃ​និង​ឆោត ល្ងង់បាន​យក​ពូថៅ​កាប់​ក្បាល​ប្រពន្ធ​ និង​យក​ខ្សែភ្លើង​ឆក់​ថែម​ទៀត​ដើម្បីសម្លាប់ ។ ទោះជា​យ៉ាង​ណា​ បំណង​នេះ​ មិន​បានសម្រេច​ទេ ហើយ​ប្រពន្ធ​បាន​រត់គេច​ខ្លួន​ចេញពី​ក្នុងផ្ទះ​ទៅ​រក​បងប្អូន​ឲ្យ​ជួយ រីឯ​បុរសជា​ប្តី​រូប​នេះ​ក៏​បាន​យក​ខ្សែ​អង្រឹង​ចង.ក​ជាប់​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​ទៅ ។

រឿងរ៉ាវ​នៃ​អំពើ​ហិង្សា​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា នៅ​ភូមិ​កញ្ជ្រៀប ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ។ ស្ត្រី​ដែល​រង​គ្រោះ​ដោយសារ​ប្តី​កំណាច​នេះ ឈ្មោះ ឡិ​ញ សា
​រឿ​ន អាយុ​៤៨​ឆ្នាំ មានកូន​៤​នាក់​ (​ស្រី​២​នាក់​) រង​របួស​១​ពូ​ថៅ​ចំ​កណ្តាល​ក្បាល គ្រូពេទ្យ​ដេរ​៨​ថ្នេរ និង​រង​របួស​ដោយ​ខ្សែភ្លើង​ឆក់​ផង​ដែរ ។ ឯ​ប្តី​ដែល​ចង.ក​សម្លាប់​ខ្លួន​ឈ្មោះ ជូ សំណាង អាយុ​៥៦​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។

លោក ហាំ​ង មេ​ង អភិបាលស្រុក​បន្ទាយ​អំពិលបានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​មួយ​នេះ​ កន្លងមក​​គេ​សង្កេត​ឃើញ​តែង​កើត​មាន​ជម្លោះ​នឹង​គ្នាជា​ញឹកញាប់ ហើយ​នគរបាល​ស្រុក​តែង​នាំ​យកមក​ធ្វើការ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ឈ្លោះប្រកែក​គ្នា និង​ឈប់​ប្រើ​ហិង្សា​នៅ​ក្នុង​ក្រុម​គ្រួសារផង​ដែរ ។

លោក​បន្ត​ថា នា​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា តាម​របាយការណ៍​របស់​នគរបាល​ឱ្យ​ដឹង​ថា បុរសរូប​នេះ​បាន​និយាយ​ជាមួយ​ប្រពន្ធ​ថា យើង​ជិត​បែក​គ្នា​ហើយ ហើយ​ប្រពន្ធ​បាន​សួរ​ទៅ​វិញ​ថា ហេតុ​អី្វ​ដែល​ត្រូវ​យើង​បែក​គ្នា ? ព្រោះ​មិន​បានដឹង​ថា ប្តី​មាន​គម្រោង​បែប​នេះ​សោះ ស្រាប់តែ​នា​វេលា​ទៀប​ភ្លឺ​ក៏​កើតហេតុ​បែប​នេះ​តែ​ម្តង ។

តាម​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជម្លោះ​ប្តី-ប្រពន្ធ​នេះ​កន្លង​មក ព្រោះតែ​ការ​ប្រចណ្ឌ​នេះឯង ខណៈ​ឃើញ​ប្រពន្ធ​និយាយ​ជាមួយ​បុរស​ក្នុងភូមិ ។ នគរបាល​ស្រុក​បន្ទាយ​អំពិល​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត​មាន​រាយការណ៍​អំពី​ករណី​នេះនា​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា សមត្ថកិច្ចជំនាញ​បាន​ចុះ​ទៅ​ដល់ ធ្វើការ​ត្រួតពិនិត្យ​បង្ហាញថា បុរស​ម្នាក់​នេះ​ពិតជា​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន និង​បាន​ប្រគល់សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕ ​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ