ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​​ប៉ុស្តិ៍​​លេខ​​5​​ប្រចាំ​​សប្តាហ៍​​បន្ត​​ផ្អាក​​មិន​​កំណត់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​​ គម្រោងប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ ដែលធ្លាប់​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ នៅ​តែ​ផ្អាក​ដោយ​គ្មាន​ការ​កំណត់​ច្បាស់​លាស់​នៅ​ឡើយ ។

រាជ​ធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​​ គម្រោងប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ ដែលធ្លាប់​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ នៅ​តែ​ផ្អាក​ដោយ​គ្មាន​ការ​កំណត់​ច្បាស់​លាស់​នៅ​ឡើយ ។​ តម្រុយ​មិន​ផ្លូវ​ការ​អះ​អាង​ថា​ យ៉ាង​ហោច​ណាស់​ ក៏​ដល់​ចុង​ឆ្នាំ​២០១៣ ដែរ​ ទើប​កម្ម​វិធី​ប្រចាំ​សប្តាហ៍​ទាំង​អស់​អាច​ដំណើរ​ការ​ឡើង​វិញ​ បើ​ទោះ​ជា​កម្មវិធី​ប្រដាល់​អន្តរ​ជាតិ​ និង​ការ​ប្រកួត​លើ​សង្វៀន​បាកាស​អាច​បន្ត​ដំណើរ​ដោយ​ត្រដាប​ត្រដួស​ក៏​ដោយ ។​

មន្ត្រី​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ប្រាប់​កោះស​ន្តិ​ភាព​ឱ្យ​ដឹង​ថា​ អង់​តែន​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥​ នៅ​មិន​ទាន់​រុះ​រើ​ និង​រៀបចំ​ឡើង​ជា​ថ្មី​នៅ​ឡើយ​ទេ​ បន្ទាប់​ពី​មាន​ផែន​ការ​ធ្វើ​ឱ្យ​ប៉ុស្តិ៍​នេះ​ច្បាស់​ជាង​មុន​ត្រឹម​តែ​ក្នុង​រយៈ​ពេល​មួយ​ខែ ។ តាម​ការ​គូស​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ទំនង​ជា​ដល់​អំឡុង​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ​ទើប​អាច​រួច​រាល់​ ធ្វើ​ឱ្យ​គ្រប់​កម្មវិធី​បន្ត​ផ្ទាល់​នានា​បូក​រួម​ទាំង​វេទិកា​តន្ត្រី​ និង​ប្រដាល់​ប្រចាំ​សប្តាហ៍​ផង​ត្រូវ​ផ្អាក​ទាំង​អស់ ។​ មន្ត្រីដដែល​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​មហាជន​ទូទៅ​កំពុង​ទស្សនា​ប៉ុស្តិ៍​លេខ​៥​ ដោយ​ពឹង​លើ​ការ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ធំ​មួយ​ប៉ុណ្ណោះ​ ។

មន្ត្រី​ដដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា​ គ្រប់​កម្មវិធី​ទាំងអស់​នៅ​ប៉ុស្តិ៍​លេខ​៥​ នា​ពេល​នេះ​គឺ​ជា​កម្មវិធី​ចាស់ៗ​ដែលជ្រើស​យក​មក​ចាក់​ឡើង​វិញ​ប៉ុណ្ណោះ ដោយ​សារតែ​ប៉ុស្តិ៍​នេះ​មិន​អាច​ចំណាយ​ប្រាក់​ច្រើន​បន្ត​ផ្ទាល់​ពី​កម្មវិធី​ទាំងនោះ​បាន​ ដោយ​ពឹង​តែ​លើ​ប្រព័ន្ធ​ផ្សាយ​មិន​មែន​អង់​តែន​របស់​ខ្លួន ។​ យ៉ាង​ណា​មិញ​ សម្រាប់​កម្មវិធី​ប្រដាល់​ប្រចាំ​សប្តាហ៍​ និង​កម្មវិធី​ជ្រើស​រើស​ជើង​ឯក​នៅ​លើ​សង្វៀន​បាកាស​ ដែល​ជាប់​កុងត្រា​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិនបាន​ គឺ​មិន​អាចផ្អាក​ចោល​បាន​ទេ​ បន្ទាប់​ពី​ពឹង​ប្រព័ន្ធ​ផ្កាយ​រណប​របស់​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ឱ្យ​ជួយ​ផ្តល់​រូប​ភាព​នៅ​លើ​ប៉ុស្តិ៍​របស់​ខ្លួន​ ជំនួស​ឱ្យ​សភាព​ដំឡើង​អង់​តែន​ថ្មី ​។​

លោក​ ញៀន​ សុធី មន្ត្រី​ព័ត៌​មាន​ផ្នែក​កីឡា​ប្រដាល់​ប្រចាំ​ប៉ុស្តិ៍​លេខ​៥​ បញ្ជាក់​ថា​ ការ​ប្រកួត​មួយ​ខែ​ម្តង​រួម​មាន​ ប្រដាល់​អន្តរជាតិ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ មិថុនា​ ខណៈ​ដែល​ការ​ប្រកួត​លើ​សង្វៀន​បាកាស​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៤​ កក្កដា​ ដោយ​មិន​អាច​លុប​ចោល​បាន​ លើក​លែងតែ​កម្ម​វិធី​ប្រដាល់​ប្រចាំ​សប្តាហ៍ ។​ មូល​ហេតុ​ដែល​កម្ម​វិធីទាំង​ពីរ​នេះ​នៅ​តែ​អាច​បន្ត​ផ្ទាល់​ គឺ​ដោយ​សារ​ប៉ុស្តិ៍​លេខ​៥​ ទទួល​បាន​ការព្រមព្រៀង​ពី​ទូរ​ទស្សន៍​ជាតិ​ដែល​អាច​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ មាន​លទ្ធ​ភាព​បន្ត​ផ្ទាល់​កម្មវិធី​ទាំងពីរ​រហូត​ដល់​ថ្ងៃ​អង់​តែន​ទាំង​មូល​ត្រូវ​បាន​ដំឡើង​រួច​រាល់ ។​

លោក​មិន​ដឹង​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ដែល​ប៉ុស្តិ៍​មួយ​នេះ​អាច​ដំណើរ​ការ​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​បាន​វិញ​នោះ​ទេ​ ដោយ​គ្រាន់​តែ​អះ​អាង​ថា​ បើ​តាម​អ្នក​ជំនាញ​ប្រាប់​គឺ​រហូត​ដល់​ខែ​វិច្ឆិកា​ទើប​អាច​រួច​រាល់​ ។​ ការ​អះ​អាង​នេះ​មាន​ន័យ​ថា​ ហេតុ​ផល​រុះ​រើ​អង់​តែន​ថ្មី​ដើម្បី​កែប្រែ​រូប​ភាព​ព្រិល​ស្រអាប់​កំពុង​ធ្វើ​ឱ្យ​គ្រប់​កម្មវិធី​បន្ត​ផ្ទាល់​ប្រចាំខែ​ទាំងអស់​ត្រូវបាន​ផ្អាក​ ហើយ​បាត់​បង់​ប្រជា​ប្រិយ​ភាព​ដែល​មហា​ជន​ធ្លាប់​គាំទ្រ ។​

នេះ​ជា​ដំណឹង​ដ៏​អាក្រក់​មួយ​សម្រាប់​អ្នក​​ស្នេហា​កីឡា​ប្រដាល់​ប្រចាំ​សប្តាហ៍​របស់​បុ៉ស្តិ៍​លេខ​៥ ដែល​ភាគ​ច្រើន​ទទួល​ការ​សរសើេរ​ថា​ ប្រមូល​ផ្តុំ​ដោយ​គូ​ល្អ​ និង​មាន​សមត្ថ​ភាព ។​ ទោះ​យ៉ាង​ណា​ ស្ថាប័ន​នេះ​ក៏​បាន​ស្វះ​ស្វែង​ដំណើរ​ការ​ផ្សាយ​នៅ​គ្រប់​កម្ម​វិធី​ចាក់​ឡើង​វិញ និង​បន្ត​ផ្ទាល់​កម្មវិធី​ប្រដាល់​ប្រចាំ​ខែ​ចំនួន​ពីរ​ឱ្យ​នៅ​ដំណើរ​ការ​ផង​ដែរ​ ដែល​អ្នក​ទស្សនា​ពិត​ជា​ជក់​ចិត្ត​នៅ​ថ្ងៃ​ទី​២៧​ ចុងខែ​នេះ​ និង​ថ្ងៃ​ទី​៤​ កក្កដា​ខាង​មុខ​ ៕​