រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការអាក់ខានការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ និងសាកលអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក ហើយនោះនៅថ្ងៃសៅរ៍ទី១៥ មិថុនា សប្តាហ៍នេះ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣នឹងរៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតប្រដាល់សាជាថ្មីឡើងវិញ ដោយដាក់សុទ្ធតែកីឡាករជើងខ្លាំងចំនួន៥គូ ។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀតនោះ គឺក្នុងចំណោមកីឡាករខ្លាំងៗទាំងនោះក៏មានវត្តមានកីឡាករខុន ចាន់ថន មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ប្រកួតជាមួយកីឡាករ ឡៅ ស៊ីណាត មកពីក្លិបកងពលតូចលេខ៧០ ។
លោកឡោ វុទ្ធី គ្រូបង្វឹករបស់ខុន ចាន់ថន ឱ្យដឹងថា រវាងគូនេះមិនធ្លាប់ជួបគ្នាពីមុនមកទេ ហើយបើនិយាយពីល្បិចប្រយុទ្ធនៅលើសង្វៀនវិញគឺខុន ចាន់ថន នៅស្ទើរជាង ឡៅ ស៊ីណាត ឆ្ងាយណាស់ ប៉ុន្តែលោកក៏ចង់ដឹងដែរថា តើកូនសិស្សលោករូបនេះអាចតស៊ូជាមួួយឡៅ ស៊ីណាត បានឬ
អត់ ។ ខុន ចាន់ថន ចិត្តសឿងគ្រាន់បើ កម្លាំងខ្លាំង ឯស្នៀតដៃនិងស្នៀតជើងរបស់គេល្អ ប៉ុន្តែអន់ស្នៀតកែង និងជង្គង់បន្តិច ។ ចំណែកឯឡៅ ស៊ីណាត វិញជាកំពូលអ្នកប្រើស្នៀតកែងនិងជង្គង់បានយ៉ាងល្អបំផុត ដូច្នេះគូនេះល្អម្យ៉ាងម្នាក់អាចស៊ីសងគ្នាបាន មុននឹងចាញ់-ឈ្នះគ្នាច្បាស់ជាល្អមើលមិនខាន ។
ក្រៅពីគូចាប់អារម្មណ៍នេះទៅនៅមានកីឡាករពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន ជួបជាមួយកីឡាករហ៊ីម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ កីឡាករផន ប៊ុនម៉ៅ មកពីក្លិបអាជ្ញាធរជាតិអាវុធគីមី ជួបជាមួយកីឡាករអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ ។ កីឡាករពេជ្រ ម្ទេសខ្មាំង មកពីក្លិបអរុណរៈកីឡា ជួបជាមួយកីឡាករហ៊ុន ឈុនហេង មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន និងកីឡាករឈិត ង៉ុយ មកពីក្លិបអប្សារាគុនខ្មែរ ជួបជាមួយកីឡាករឡុង ប៊ុនហេង មកពីក្លិបសាលវ័ន្តកីឡា ៕
ចែករំលែកព័តមាននេះ