ខេត្តកណ្តាល ៖ ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាមកពីភូមិចំនួន៣ ក្នុងឃុំបែកចានប្រមាណជិត៥០០នាក់ត្រូវបានធ្វើឡើងនៅឃុំបែកចាន ស្រុកអង្គស្នួល នាថ្ងៃទី៩ មិថុនា ក្រោមវត្តមានចូលរួមពីសំណាក់លោក រស់ វណ្ណា អនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈដឹកនាំពង្រឹងមូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំក្រាំងម្កាក់ និងឃុំបែកចាន និងលោក ឆាយ ត្រលន់ អនុប្រធានក្រុមការងារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល និងមូលដ្ឋានជាច្រើនរូបទៀត ។
លោកប្រធានគណៈកម្មាធិការបក្សឃុំបែកចានបានឱ្យដឹងពីការងារដែលបានធ្វើនាពេលកន្លងមក ក្នុងនោះការងារអប់រំនយោបាយ សតិអារម្មណ៍របស់សមាជិកបក្សបានធ្វើជាប្រចាំ និងលើកផែនការសកម្មភាពការងារសម្រាប់អនុវត្តបន្តទៀតក្នុងបុព្វហេតុបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងឆ្ពោះទៅដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ ។
ក្នុងប្រសាសន៍សំណេះសំណាល លោក រស់ វណ្ណា បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាបក្សទាំង៣ភូមិ ដែលកន្លងមកតែងអនុវត្តបានតាមលក្ខន្តិកៈ និងកម្មវិធីនយោបាយរបស់គណបក្ស និងធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសលើការដឹកនាំអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។ ដើម្បីដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខនេះឱ្យទទួលបានជោគជ័យនោះ លោកបានជម្រាបជូននូវផែនការសកម្មភាព និងកម្មវិធីការងារ រួមនឹងវិធានការមួយចំនួនសម្រាប់ក្រុមការងារយកទៅអនុវត្ត ក្នុងនោះរួមមាន ការពង្រឹងបន្ថែមសមាជិកបក្សស្របតាមសភាពការណ៍ជាក់ស្តែង ត្រូវត្រួតពិនិត្យតាមដានរាល់លទ្ធផលការងារឱ្យបានជាប្រចាំ និងពិភាក្សាផ្តល់យោបល់រកឱ្យឃើញរាល់ចំណុចវិជ្ជមាន និងអវិជ្ជមានទាំងឡាយ ជាពិសេសការងារពង្រឹងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ-ឃុំមានសុវត្ថិភាពបានកាន់តែល្អប្រសើរថែមទៀត ។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់ត្រៀមខ្លួនជាស្រេចឱ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខនេះ ។ ក្នុងពិធីជួបជុំនេះដែរ លោកក៏បានចែកជូនវត្ថុអនុស្សាវរីយ៍ដល់សមាជិក សមាជិកាជិត៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ។
ក្នុងថ្ងៃដដែលនោះ លោក រស់ វណ្ណា រួមនឹងក្រុមការងារបាននាំយកនូវឥដ្ឋការ៉ូចំនួន៥៤០ម៉ែត្រការ៉េប្រគេនដល់ព្រះសង្ឃវត្តអង្គពពាយ តាមការបិណ្ឌបាតសម្រាប់ក្រាលឧបដ្ឋានសាលាថ្មី និងបាននាំយកសៀវភៅសម្រាប់សិស្សសិក្សាស្រាវជ្រាវចំនួន៤៧៧ក្បាលទៅឧបត្ថម្ភ និងតម្កល់ទុកក្នុងបណ្ណាល័យនៃវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ។ ជាមួយនេះបានចុះពិនិត្យការងារកែលម្អអគារសិក្សា អគាររៀនកាត់ដេរ និងទីធ្លាសាលា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលដ៏ខ្លីខាងមុខនេះ៕
ចែករំលែកព័តមាននេះ