រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចបង្កើតទីបញ្ជាការស្រាលនៅក្បែរទីតាំងទទួលអំណោយសប្បុរសធម៌របស់ Eat More បឹងកក់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ។

ឯកឧត្តម ឃួង ស្រេង អមដំណើរដោយអភិបាលរង មន្ត្រីសាលារាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌របស់ Eat More នៅតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ទីតាំងនេះ គឺជាកន្លែងទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទី បន្ទាប់ពីទាហានសៀមឈ្លានពានបូរណភាពទឹកដីកម្ពុជា ។ នៅពេលឯកឧត្តម ឃួង ស្រេង អញ្ជើញទៅពិនិត្យទីតាំងខាងលើ ម្ចាស់ទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ បានស្នើដល់រដ្ឋបាលរាជធានីភ្នំពេញ សុំកិច្ចសហការពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ បង្កើតទីបញ្ជាការស្រាលមួយនៅក្បែរទីតាំងនោះ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរៀបចំកន្លែងផ្ញើម៉ូតូជូនអ្នកស្ម័គ្រចិត្តមកចូលរួមរៀបចំវេចខ្ចប់សម្ភារៈ ស្បៀងអាហារ សម្រាប់ដឹកយកទៅជូនបងប្អូនវីរកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ។

ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរដែនដីពាក់ព័ន្ធ ត្រូវចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅបរិវេណទីតាំងទទួលអំណោយ និងជួយសម្រួលដល់ទីតាំងចតយានយន្តរបស់សប្បុរសជន តាមរយៈការបង្កើតទីបញ្ជាការស្រាលមួយកន្លែង ដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានទទួលជួយរថយន្តដឹកជញ្ជូនសម្ភារៈបរិក្ខារ ដែលទទួលបានពីសប្បុរសជនទៅសមរភូមិជួរមុខ ។

ដោយប្រកាន់ខ្ជាប់ពាក្យស្លោក «ពួកយើងនៅទីនេះ ដើម្បីរៀបចំស្បៀងសម្រាប់បងប្អូនភៀសសឹក និងវីរកងទ័ព ក្នុងស្មារតីខ្មែរជួយខ្មែរ» តាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយចាប់ទទួលអំណោយពីម៉ោង៧ព្រឹកដល់ម៉ោង១១យប់ជារៀងរាល់ថ្ងៃ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន រួមចំណែកជួយឧបត្ថម្ភដល់វីរកងទ័ពនៅសមរភូមិជួរមុខ ការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភៀសសឹក ។

ទីតាំទទួលអំណោយសប្បុរសជន Eat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ មានរោងដាក់ជាស្តង់ប្រក់កៅស៊ូជាច្រើន រៀបទៅតាមផ្នែកនីមួយៗ ចាំទទួលអំណោយពីសប្បុរសជនដែលបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ បន្លែ ផ្លែឈើ អង្ករ មី ទឹកបរិសុទ្ធ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ជាជាច្រើនមុខទៀត ។ ក្រុមយុវជនស្ម័គ្រចិត្តជាច្រើនក្រុម បានចូលរួមវេចខ្ចប់សម្ភារៈ ដើម្បីរៀបចំបញ្ជូនទៅសមរភូមិជូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក មកកាន់ទីតាំងមានសុវត្ថិភាព ។

គិតចាប់ពីពេលដែលចោរសៀមឈ្លានពានមកដល់ពេលនេះ ក្រុមយុវជនស្ម័គ្រចិត្តប្រមូលបានទាំងថវិកា និងសម្ភារៈផ្សេងៗជិត៣ពាន់តោន មានចំនួន១៧៧កុងតឺន័រ បានដឹកជញ្ជូនទៅជូនកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមបណ្ដាខេត្តរួចហើយ ៕


ចែករំលែកព័តមាននេះ