រាជធានីភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ទី៩ មិថុនាកន្លងទៅនេះ សង្វៀនទូរទស្សន៍បាយ័នចំនួនពីរកន្លែង បានរៀបចំឱ្យមានការប្រកួតសងសឹករវាងកីឡាករជើងខ្លាំង ឯម ខ្លឹមខ្មៅ និងកីឡាករ ផល សុផាត និងបើកការប្រកួតរវាងកីឡាករ អេ ភូថង និងកីឡាករជំនាន់ថ្មីមួយរូបធ្វើឱ្យគេភ្ញាក់ផ្អើល ។ ជាលទ្ធផល ឯម ខ្លឹមខ្មៅ អាចឈ្នះដោយពិន្ទុ រីឯកីឡាករ អេ ភូថង បានផ្តួលកីឡាករ ថៃ កយ៉ាន់ ស្រួលដូចបកចេក ។
នៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ កីឡាករ ឯម ខ្លឹមខ្មៅ មកពីក្លិបពោធិ៍សែនជ័យ ដ្បិតថាសង្គ្រុបលើកីឡាករ ផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញមិនឈ្នះដាច់ ប៉ុន្តែគេក៏អាចរំលេចចេញការវាយលុកចំគោលដៅបានល្អជាងគូប្រកួតដែរ បើធៀបនឹងពីរប្រកួតមុនដែល ឯម ខ្លឹមខ្មៅ ត្រូវបរាជ័យយ៉ាងអាម៉ាស់ជាប់គ្នានោះ ។ ទោះជាយ៉ាងណា ជ័យជម្នះរបស់គេហាក់មិនឈ្នះដាច់ឡើយ ដោយសារតែ ផល សុផាត នៅមានសមត្ថភាពធ្វើឱ្យគេផ្ងារជើងម្តងៗដូចគ្នាក្នុងការប្រកួតទាំង៥ទឹក។ នៅទឹកខ្លះ ឯម ខ្លឹមខ្មៅ ស្ទើរតែទប់ជំហរមិនជាប់នឹងកណ្តាប់ដៃរបស់ ផល សុផាត ផង ។
ឯម ខ្លឹមខ្មៅ ត្រូវគេមើលឃើញថាសប្បាយចិត្តយ៉ាងចម្លែកបន្ទាប់ពីប្រកាសថាឈ្នះដោយពិន្ទុ ដែលលទ្ធផលនេះកំពុងរុញឱ្យទឹកចិត្តរបស់គេកាន់តែមានសន្ទុះល្អថែមទៀត សម្រាប់ឱកាសដែលគេឡើងសង្វៀន រាជបុត្រនៃអាណាចក្រខ្មែរនៅចុងខែនេះដែលបានគ្រោងទុក ។ នៅសង្វៀនបឹងស្នោនោះដែរ កីឡាករ ផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានឫទ្ធិ បានវាយកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍កីឡា ដែលទើបតែរៀបការភរិយារួចថ្មីៗឱ្យលេចចេញលទ្ធផលឈ្នះពិន្ទុ ដោយនឹកស្មានមិនដល់ ។
លទ្ធផលនេះក៏មានន័យថា ផល សោភ័ណ្ឌ អាចសងសឹកជាមួយដៃគូចាស់ផងដែរ ដែលកាលពីមុនធ្លាប់ធ្វើឱ្យគេអាម៉ាស់ម្តង ។ កីឡាករ ពុទ្ធ ឆាយកុសល អ្នកប្រដាល់មកពីក្លិបពុទ្ធសេរីវង្សកីឡាដែលជាគូកក្រើកមួយគូដែរ ក៏បានក្លាយជាអ្នកចាញ់កីឡាករ ផាន់ សុវណ្ណ មកពីក្លិបមិត្តប៉ូលិសដោយពិន្ទុ ខណៈដែលកីឡាករ ផាន់ ពិសិដ្ឋ មកពីក្លិបគជសារកីឡា បានក្លាយជាអ្នកសន្លប់ក្រោមដៃកីឡាករ ម៉ន លីហួរ មកពីក្លិបព្រែកឯងកីឡា ។
នៅសង្វៀនបាយ័នស្ទឹងមានជ័យក្នុងថ្ងៃដដែលនោះដែរ កីឡាករ អេ ភូថង ដែលឡើងសង្វៀនជាថ្មីជាមួយកីឡាករ ថៃ កយ៉ាន់ មកពីក្លិបក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលការរិះគន់ខ្លះ និងការសរសើរខ្លះក្នុងចំណោមអ្នកទស្សនា ។
អ្វីដែលគេរិះគន់គឺកីឡាករមួយគូនេះមានលក្ខណៈដូចយកមនុស្សចាស់ឱ្យប្រកួតជាមួយកូនក្មេងដែលទើបឡើងសង្វៀនបាន៥ដង ។ អ្វីដែលគេសរសើរវិញគឺកីឡាករ អេ ភូថង នៅតែមានកម្លាំងស៊ុហ្វរហូតដល់៥ទឹក នឹងមានស្នៀតល្អបើទោះជាលោកខកខានឡើងសង្វៀនយូរក្តី ។ យ៉ាងណាមិញ ការផ្គូផ្គងរវាងពួកគេនៅតែមានការពេបជ្រាយច្រើនជាងការកោតសរសើរ ដោយភាគច្រើននៃអ្នកទស្សនាលើកឡើងថា នោះជាហ្គេមយក អេ ភូថង មកលេងសើច ។
មនុស្សមួយក្រុមក្នុងចំណោមអ្នករិះគន់និយាយថា វានឹងក្លាយជារឿងអាម៉ាស់បំផុត បើ អេ ភូថង ចាញ់ ថៃ កយ៉ាន់ ខណៈដែលលទ្ធផលគឺ អេ ភូថង បានផ្តួលឱ្យគូប្រកួតឱ្យសន្លប់ក្នុងទឹកទី៥ ក៏នៅតែមានអ្នកនិយាយថាមិនមែនជារឿងកិត្តិយសពិតប្រាកដ ៕
ចែករំលែកព័តមាននេះ