រាជធានីភ្នំពេញ ៖ ក្រុមខ្លាំងភ្នំពេញក្រោននៅតែរក្សាបានតំណែងលេខ៣នៅក្នុងតារាងដដែលបន្ទាប់ពីលេងស្មើ ១-១ ជាមួយក្រុមក្រសួងការពារជាតិក្នុងពេលជួបគ្នាកាលពីរសៀលថ្ងៃអាទិត្យទី៩ មិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងក្របខ័ណ្ឌបាល់ទាត់ពានរង្វាន់ Metfone Cambodian League 2013 ។
ក្រុមក្រសួងការពារជាតិដែលមានឱកាសបំប៉ោងសំណាញ់ភ្នំពេញក្រោនបាន១គ្រាប់មុនដែលធ្វើបានសម្រេចដោយកីឡាករមាឃ ឆដារ៉ាវុធ ពាក់អាវលេខ៨នៅនាទីទី៥ នោះត្រូវប្រធានក្រុមរបស់ភ្នំពេញក្រោនឃឹម បូរី ពាក់អាវលេខ៧តាមសងយកស្មើវិញនៅនាទីទី៥០ក្នុងតង់ទី២។ ក្រុមភ្នំពេញក្រោនពេលនេះនៅតែរក្សាតំណែងក្នុងក្រុមកំពូលតារាងទាំង៤បានយ៉ាងល្អ ព្រោះ១៣ប្រកួតកន្លងមកឈ្នះ ៦ ស្មើ៤ ចាញ់៣ មាន២២ពិន្ទុ ស្ថិតនៅលេខរៀងទី៣ ក្នុងតារាង ។ រីឯក្រុមក្រសួងការពារជាតិវិញ មិនអាចឡើងផុតពីលេខរៀងទី៨ ក្នុងតារាងបានឡើយ ដោយសារ១២ប្រកួតកន្លងមកនេះឈ្នះ២ ស្មើ៥ ចាញ់៥ មាន១១ពិន្ទុ ប៉ុណ្ណោះ ។
នៅថ្ងៃដដែលក្រុមខេត្តស្វាយរៀង បានលត់ក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាយ៉ាងចាស់ដៃក្នុងលទ្ធផល៩-០ ។ ក្រុមខេត្តស្វាយរៀងពេលនេះស្ថិតនៅលេខរៀងទី២ ក្នុងតារាងដោយសារការប្រកួតទាំង១៣លើករបស់គេកន្លងមកនេះឈ្នះ៨ ស្មើ ៣ ចាញ់២ មាន២៧ពិន្ទុ ។ រីឯក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវិញ ស្ថិតនៅបាតតារាង ដោយសារ១៣ប្រកួតកន្លងមកអត់ដែលស្គាល់ឈ្នះម្តងណាឡើយក្នុងនោះស្មើ១ ចាញ់១២ មាន១ពិន្ទុ គត់ដែលលទ្ធផលនេះ ប្រហែលជាមិនអាចគេចផុតពីការកាត់ចោលសម្រាប់រដូវកាលឆ្នាំក្រោយឡើយ ៕
ចែករំលែកព័តមាននេះ