រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ខ្មែររៀលអីុស្ទេតខាប់២០១៣ គ្រោងបើកការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី២២ មិថុនា រហូតដល់ថ្ងៃទី៣១ សីហា នៅទីលានបាល់ទាត់ My Team ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ គេនៅចាំបានថា កាលពីឆ្នាំ២០១២ ការប្រកួតបាល់ទាត់ខ្មែររៀលអីុស្ទេតខាប់លើកទី១បានធ្វើឡើងរួចម្តងមកហើយ ដែលកាលណោះតំណែងជាម្ចាស់ពានរង្វាន់បានទៅលើក្រុមរុក្ខកីឡា បន្ទាប់ពីបានយកឈ្នះលើក្រុមគ្រីស្ទានក្នុងលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
លោកគីម ហ៊ាង នាយកគ្រប់គ្រងក្រុមហ៊ុនខ្មែររៀលអីុស្ទេតឱ្យដឹងថា បច្ចុប្បន្នមានក្រុមបាល់ទាត់ចំនួន១០បានចុះឈ្មោះចូលរួមប្រកួតរួចហើយ ប៉ុន្តែលោកនឹងធ្វើការប្រកាសរកឱ្យបាន១៦ក្រុមចូលរួមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបិទប្រកាសថ្ងៃទី១៨ មិថុនា ខាងមុខនេះ ។ សម្រាប់ក្រុមបាល់ទាត់ដែលមានបំណងចូលរួមអាចធ្វើការទំនាក់ទំនងជាមួយលោកដែលជាអ្នករៀបចំការប្រកួតបានចាប់ពីពេលនេះទៅ ។
លោកបញ្ជាក់ថា ក្រុមបាល់ទាត់ទាំង១៦ នឹងត្រូវបែងចែកជា២ពូល ក្នុង១ពូលមាន៨ក្រុម ធ្វើការប្រកួតជាលក្ខណៈជម្រុះយក១ពូល៤ក្រុម បន្ទាប់មកក្រុមទាំង៤ក្នុងពូលនីមួយៗនឹងធ្វើការប្រកួតខ្វែងយក២ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តទៀត ។ ការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដោយពេលព្រឹកចាប់ផ្តើមពីម៉ោង៧និង៣០នាទី និងរសៀលចាប់ពីម៉ោង២និង៣០នាទី ។
លោកគីម ហ៊ាង បានបញ្ជាក់ឱ្យដឹងពីគោលបំណងរបស់លោកដែលផ្តួចផ្តើមគំនិតរៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតនេះឡើង គឺដោយសារតែរូបលោកស្រឡាញ់ និងចូលចិត្តវិស័យកីឡាបាល់ទាត់នេះ បើទោះជារូបលោកមានការជាប់រវល់ការងារយ៉ាងណាក៏ដោយ ក៏លោកនៅតែឆ្លៀតរកពេលលេងកីឡាបាល់ទាត់នេះដែរ ។ ការលេងបាល់ទាត់ធ្វើឱ្យយើងមានឱកាសបានជួបប្រាស្រ័យទាក់ទងគ្នា បង្កើនសាមគ្គីភាព ផ្សារភ្ជាប់នូវមិត្តភាព ឯសុខភាពផ្លូវកាយ និងផ្លូវចិត្តក៏ល្អដែរ ។
រីឯក្រុមបាល់ទាត់ដែលលោកប្រកូកប្រកាសឱ្យមកចូលរួមប្រកួតនាពេលនេះភាគច្រើនជាបុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ និងអង្គការនានា និយាយរួមពួកគេមិនមែនជាកីឡាករអាជីពទេ ។ ម្យ៉ាងវិញទៀតការប្រកួតនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា និងចង់ឱ្យយុវជនមួយចំនួនដែលកំពុងតែមានការភ្លើតភ្លើនសេពគ្រឿងញៀន និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗងាកមកលេងបាល់ទាត់វិញ ៕
ចែករំលែកព័តមាននេះ