សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រមូលឯកសារទាំងអស់ដែលគណបក្សប្រឆាំងបានរិះគន់មកលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ក៏ដូចជាសម្តីរបស់មេបក្សប្រឆាំងដែលនិយាយថា នៅពេលខ្លួនឈ្នះឆ្នោត នឹងប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ និងប្រទេសជាសមាជិកហត្ថលេខីទីក្រុងប៉ារីស ដើម្បីយកទឹកដីកម្ពុជាក្រោម និង កោះត្រល់ត្រឡប់មកវិញ ហើយបកប្រែភាសាផ្ញើជូនទៅកាន់ស្ថានទូតទំាងអស់ប្រចំាកម្ពុជា រាប់ទំាងអង្គការសិទ្ឋិមនុស្ស ដើម្បីឲ្យគេស្តាប់ថា ហេតុអ្វីបានជាសម្តេច ហ៊ានលើកហេតុផលថា បើគណបក្សប្រឆាំងឈ្នះឆ្នោត នឹងមានភាពច្របូកច្របល់ ហើយសង្គ្រាមនឹងអាចកើតមានឡើងនោះ ។
ប្រសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធឆ្លងសាលាធម្មសភា វត្តសុវណ្ណេសនារាម ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ មិថុនា ២០១៣នេះ។ សម្តេចបានបញ្ជាក់ទៀតថា បើសិនជាប្តឹងទៅតុលាការក្រុងឡាអេទទួលបានជោគជ័យនោះ អតីតព្រះមហាក្សត្រនរោត្តមសីហនុ ប្តឹងយូរហើយ មិនចំាបាច់ទុកដល់សព្វថ្ងៃទេ ។
ជាមួយគ្នានេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវឲ្យវិទ្យុ និង ទូរទស្សន៏ទំាងអស់ ចាក់ផ្សាយឡើងវិញនូវប្រសាសន៏របស់សម្តេចជាង៥ម៉ោងក្នុងរដ្ឋសភាដែលអន្តរាគមន៏ពាក់ព័ន្ឋបញ្ហាព្រំដែនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោត ៕
ចែករំលែកព័តមាននេះ