ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​សហ​ភាព​​សហ​ព័ន្ធ​​យុវ​ជន​​កម្ពុជា​​ខេត្ត​​ព្រៃ​​វែង​​លើក​​ពាន​​ 3G ​Football ​League​ 2013

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់​ទាត់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​ 3G Football League 2013 បន្ទាប់​ពី​បំបាក់​ក្រុម​កង​ទ័ព​ជើង​គោក​ (Army FC) ដោយ​លទ្ធ​ផល​៦​ទល់​៣​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧​ មិថុនា ឆ្នាំ​២០១៣​ នៅទីលាន​បាល់​ទាត់​ 3G ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ជើង​ឯក​ចំនួន​៣​លាន​រៀល​ ។​

រាជធានី​ភ្នំពេញ ៖ ក្រុម​បាល់​ទាត់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​បាន​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​ 3G Football League 2013 បន្ទាប់​ពី​បំបាក់​ក្រុម​កង​ទ័ព​ជើង​គោក​ (Army FC) ដោយ​លទ្ធ​ផល​៦​ទល់​៣​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧​ មិថុនា ឆ្នាំ​២០១៣​ នៅទីលាន​បាល់​ទាត់​ 3G ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ជើង​ឯក​ចំនួន​៣​លាន​រៀល​ ។​

លទ្ធ​ផល​នៃ​ការ​ប្រកួត​ក្នុង​តង់​ទី​១​ ក្រុម​ទាំង​ពីរ​មិន​មានអ្នក​ណា​ឈ្នះ​នោះ​ទេ​ គឺ​លទ្ធ​ផល​ស្មើ​គ្នា​១-១​ ដោយ​១​គ្រាប់​របស់​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​រក​បាន​ដោយ​កីឡាករ​ ហុក​ សុចិត្រា​ ពាក់​អាវ​លេខ​១៣​ នៅ​ប៉ុន្មាន​នាទី​ដំបូង ។​ ឯ​១​គ្រាប់​របស់​ក្រុម​ Army FC រក​បាន​នៅ​នាទី​ចុង​ម៉ោង​ដោយ​កីឡាករ​ពាក់​អាវ​លេខ​​១៧​ Therry Neou ។​

ឈាន​ចូល​ដល់​តង់​ទី​២​ ក្រុម​ទាំងពីរ​​បាន​លេងសម្រុក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ ទើប​មិន​យូរប​៉ុន្មាន​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​រក​បាន​គ្រាប់​បាល់​រហូត​ដល់​៥​គ្រាប់​ ខណៈ​ដែល​ក្រុម​ Army FC អាច​រក​​គ្រាប់​បាល់​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​នៅ​ពាក់​កណ្តាល​តង់​ទី​២។​
៥​គ្រាប់​របស់​ក្រុម​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​រក​បាន​ដោយ​កីឡាករ​ លន់​ ចំរើន​ ពាក់​អាវ​លេខ៧​ ចំនួន​២​គ្រាប់​ និង​៣គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ពាក់​អាវ​លេខ​១៣​ ហុក សុចិត្រា​ ។ ឯ​២​គ្រាប់​​របស់​ក្រុម​ Army FC រក​បាន​ដោយ​កីឡាករ​ពាក់​អាវ​លេខ​១៧​ Therry Neou និង​កីឡាករ​ពាក់​អាវ​លេខ​១៥​ David Quadrao ។​

សូម​បញ្ជាក់​ថា​ ព្រឹត្តិ​ការណ៍​ 3G Football League 2013 ពាន​រង្វាន់​បាល់​ទាត់​មិន​អាជីព​បង្កើត​ឡើង​នា​រដូវ​កាល​ដំបូង​នេះ​មាន​កីឡាករ​ចូល​រួម​ចំនួន​៨​​ក្រុម​គឺ​ ក្រុម​សហភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃ​វែង​, ក្រុម​កង​ទ័ព​ជើង​គោក​ (Army FC), ក្រុម​ Bayon W.FC, ក្រុម​ NPMEC, ក្រុម​ Victory FC, ក្រុម​ Home Sport, ក្រុម​ទួល​គោក​ FC និង​ក្រុម​ Inter Penh FC ។​

ចំណែក​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ គឺ​ក្រុម​សហភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្តព្រៃ​វែង​ទទួល​បាន​ពាន​មួយ​ និង​ប្រាក់​រង្វាន់​៣​លាន​រៀល ។​ ក្រុម​ចំណាត់​ថ្នាក់​លេខ​២​ Army FC ទទួល​បាន​ប្រាក់​រង្វាន់​១.៥០០.០០០​រៀល​ ចំណែក​ក្រុម​ NPMEC ដែល​ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ ទទួល​បាន​ប្រាក់​រង្វាន់​៧៥០.០០០​រៀល​ ។​ កីឡាករ​ជម្រើស​ជាតិ​ជើង​ចាស់​ និង​ជា​អតីតគ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ ហុក​ សុចិត្រា​ លេង​នៅ​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង​ ជា​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ សរុបចំនួន​៣២​គ្រាប់​ ខណៈ​ពាន​ Fair-Play ក៏​បាន​ទៅ​លើ​ក្រុម​របស់​លោក​ដែរ​ និង​ពាន​អ្នក​ចាំ​ទី​ល្អ​ប្រចាំ​កម្ម​វិធី​បាន​ទៅ​កីឡាករ​ Tim Kan Gas របស់​ក្រុម​ Bayon W.FC ។

​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​លោក​ឧត្តម​សេនីយ៍​ ខៀវ​ សាម៉េត​ អនុ​ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​ប្រគល់​ពាន​រង្វាន់​ និង​បំពាក់​មេដាយ​ដល់​ក្រុម​បាល់​ទាត់​ដែល​ទទួល​បាន​ជ័យ​ជម្នះ​ ។​ លោក ខៀវ​ ភារិទ្ធ​ អ្នក​រៀបចំពានរង្វាន់​នេះ​បាន​លើក​ឡើង​ក្រោយ​ការ​ប្រកួត​ថា​ ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​នេះ​ លោក​សង្កេត​ឃើញ​ក្រុម​មួយ​ចំនួន​ប្រសើរ​ជាងម​ុន​ ដោយ​មាន​ទម្រង់​លេង​ល្អ​ឡើងៗ​ ហើយ​ក្រុម​ខ្លះ​មាន​កីឡាករ​តិច​ តែ​ក្រោយ​មក​មាន​កីឡាករ​ច្រើន​ទៅៗ​ ។ អ្នក​គ្រប់​គ្រង​រូបនេះ​បាន​ផ្តាំ​ផ្ញើ​ទៅ​ដល់​ក្រុម​បាល់​ទាត់​ទាំង​អស់​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួច​រាល់​ ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត​លើក​ក្រោយ​ទៀត​ ព្រោះ​នឹង​មាន​ចំនួន​ក្រុម​កីឡា​ចូល​រួម​ច្រើន​ជាង​ឆ្នាំ​នេះ ។​

លោក​ ហែម​ ដារិទ្ធ​ ប្រធាន​ក្រុម​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​​បាន​ឱ្យ​ដឹង​ថា​ នេះ​ជា​ពាន​រង្វាន់​មួយ​ដែល​ក្រុម​របស់​លោក​មិន​ងាយ​នឹង​យក​បាន​ដោយ​ងាយៗឡើយ​ ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​ជាមួយ​នឹង​ក្រុម​យុវ​ជន​ដទៃ​ទៀត​ ដែល​គេ​ក៏​មាន​បទ​ពិសោធន៍​ប្រហាក់​ប្រហែល​នឹង​ក្រុម​របស់​លោក​ដែរ ។​ កីឡាករ​ដែល​ទាត់​ក្នុង​ក្រុម​របស់​លោក​ភាគ​ច្រើន​សុទ្ធតែ​ជា​យុវជន​នៅ​ខេត្ត​ព្រៃវែង​ ។ លោក​បន្ត​ថា​ ការ​ប្រកួត​ចាញ់​ឬ​ឈ្នះ​ជា​រឿង​ធម្មតា​ទេ​ តែ​បញ្ហា​សំខាន់​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​បច្ចេក​ទេស​ពី​គ្នាទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ​ ។

ម្យ៉ាង​វិញ​ទៀត​ ក្រុម​បាល់​ទាត់​យុវ​ជន​កម្ពុជា​ខេត្ត​ព្រៃវែង​ក៏​មាន​បំណង​ពង្រឹង​សមត្ថ​ភាព​បច្ចេក​ទេស​ក្នុង​ការ​លេង​ឱ្យកាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួត​បាល់​ទាត់​ក្នុង​កម្ម​វិធី​ផ្សេងៗ​នាពេល​ខាង​មុខ​ ៕​