ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិន​ ​ក្វាន់​​ង៉ុយ​​ និង​​ស៊ីថា​ ​សារ៉ាន់​ ​ត្រូវ​ការ​​3​​ពិន្ទុ​​ល្ងាច​​នេះ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៧​ មិថុនា​នេះ​ កីឡាករ​៦​រូប​ក្នុង​ពូល​A ដែល​មាន​ឈ្មោះ​ប្រកួត​ដណ្តើម​ជើង​ឯក​ខ្សែ​ក្រវាត់​របស់​ក្រុម​ហ៊ុន​ សេង​ ហុងហេង​ នឹង​ឡើង​បើក​ឆាក​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ដែល​មាន​ទីតាំង​នៅ​ស្ទឹង​មាន​ជ័យ ។​ ក្នុង​ចំណោម​កីឡាករ​ទាំង​៦​រូប​ កីឡាករ​ឈិន​ ក្វាន់​ង៉ុយ​ និង​ ស៊ីថា​ សារ៉ាន់​ បាន​បង្ហាញ​ការ​តាំង​ចិត្ត​ជាងគេ​ដើម្បី​ដណ្តើម​យក​៣ពិន្ទុ​សម្រាប់​ជុំ​ទី​៤​នេះ​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៧​ មិថុនា​នេះ​ កីឡាករ​៦​រូប​ក្នុង​ពូល​A ដែល​មាន​ឈ្មោះ​ប្រកួត​ដណ្តើម​ជើង​ឯក​ខ្សែ​ក្រវាត់​របស់​ក្រុម​ហ៊ុន​ សេង​ ហុងហេង​ នឹង​ឡើង​បើក​ឆាក​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ដែល​មាន​ទីតាំង​នៅ​ស្ទឹង​មាន​ជ័យ ។​ ក្នុង​ចំណោម​កីឡាករ​ទាំង​៦​រូប​ កីឡាករ​ឈិន​ ក្វាន់​ង៉ុយ​ និង​ ស៊ីថា​ សារ៉ាន់​ បាន​បង្ហាញ​ការ​តាំង​ចិត្ត​ជាងគេ​ដើម្បី​ដណ្តើម​យក​៣ពិន្ទុ​សម្រាប់​ជុំ​ទី​៤​នេះ​ បើ​ទោះ​ជា​ការ​តាំង​ចិត្ត​ស្ថិត​ក្នុង​ការ​ព្យាករ​បែប​ស្រពេច​ស្រពឹល​នៅ​ឡើយ​ក៏​ដោយ​ ។​

សម្រាប់​ការប្រកួត​ក្នុង​ជុំ​ទី​៤​នេះ​ កីឡាករ​ ឈិន​ ក្វាន់​ង៉ុយ​ អ្នក​ប្រដាល់​មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ នឹង​ជួប​ប្រកួត​ជាម​ួយ​កីឡាករ​ កែវ​ រំជោត​ មកពី​ក្លិប​ដំបង​គ្រញូង​ខេត្ត​បាត់​ដំបង​ ។​ សម្រាប់​គូ​នេះ​ កីឡាករ​ ឈិន​ ក្វាន់​ង៉ុយ​ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​កីឡាករ​បាត​តារាង​ ដោយ​សារ​តែ​គេ​ទើបតែ​ឈ្នះ​ក្នុង​ជុំ​ទី​៣​ ក្នុង​ចំណោម​៣​ប្រកួត​កន្លង​មក​ ។​ យ៉ាងណា​មិញ​ ជ័យ​ជម្នះ​របស់​គេ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារតែ​កីឡាករ​ដែល​ចាញ់​គេ​ គឺ​កីឡាករ​ ​កែវ​ វិរៈ​ ជើង​ខ្លាំង​មក​ពី​ក្លិប​គជ​សារ​កីឡា​ដែលធ្លាប់​ផ្តួល​គេ​ឯង​ឱ្យ​ចាញ់​ដល់​ទៅ​២​​ជុំ​ជាប់​គ្នា​ ។​

អ្វី​ដែល​គេ​ភ្ញាក់​ផ្អើល​គឺ​កីឡាករ​បាត​តារាង​ ឈិន​ ក្វាន់​ង៉ុយ​ ក្នុង​អំឡុង​២​ជុំ​ដំបូង​អាច​ផ្តួល​កីឡាករ​ កែវ វិរៈ​ ដែល​ជើង​ខ្លាំង​ដទៃ​ញាក់​សាច់​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ មិន​គួរ​ឱ្យ​ជឿ​ ។ លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​កីឡា​ករ​ ឈិន​ ក្វាន់​ង៉ុយ​ មាន​ទឹក​មាត់​ ហើយ​ក្លាយ​ជា​បន្លា​មួយ​ថ្មី​សម្រាប់​កីឡាករ​ កែវ​ រំជោត​ នៅ​ក្នុង​ជុំ​នេះ ។​ ឈិន​ ក្វាន់​ង៉ុយ​ អះ​អាង​ថា​ នឹង​ដណ្តើម​ឱ្យ​បាន​៣​ពិន្ទុ​នៅ​ល្ងាច​នេះ​ដើម្បី​ទប់​ខ្លួន​ឯង​កុំ​ឱ្យ​ធ្លាក់​ចេញពី​ការ​ប្រកួត​ខ្វែង​ ហើយ​ជំរុញ​ឱ្យ​ខ្លួន​ឯង​ចាក​ផុតពី​បាត​តារាង​ ។​

ដូចគ្នា​នឹង​ការ​អះ​អាង​នេះ​ កីឡាករ​ ស៊ីថា​ សារ៉ាន់​ មក​ពី​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ ដែល​ភ្លាត់​ឱ្យ​ចាញ់​ក្នុង​ជុំ​ទី​៣ ក្រោម​ដៃ​កីឡាករ​ សាន​ វិចិត្រ​ មក​ពី​ក្លិប​ផ្សារ​បឹង​ទំពុន ដោយ​មិន​នឹក​ស្មាន​ដល់​ ក៏​សម្តែង​ការ​តាំង​ចិត្ត​ដូច​គ្នា​ថា​នឹង​ប្រឹង​យក​៣ពិន្ទុ​សម្រាប់​ជុំ​នេះ​ផងដែរ ។​ កីឡាករ​ ស៊ីថា​ សារ៉ាន់​ នឹង​ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​ កែវ​ វិរៈ​ ដែល​ក្តាប់​៧​ពិន្ទុ​ក្នុងដៃ​រួច​ជា​ស្រេច​នៅក្នុងជុំ​ទី​៤​នេះ ។​

រវាង​កីឡាករ​ទាំង​ពីរ​នាក់​នេះ​គេ​មាន​ជំនឿ​ថា​ តឹង​តែង​បំផុត​សម្រាប់​ឱ្យ​កីឡាករ​ ស៊ីថា​ សារ៉ាន់​ យក​ឈ្នះ​ ប៉ុន្តែ​គេ​ក៏​មិន​ជឿ​ថា​ការតាំង​ចិត្ត​របស់​លោក​នឹងត្រូវ​រលត់​នោះ​ដែរ​ ក្នុងពេល​ដែល​ កែវ វិរៈ​ ទើប​តែ​ចាញ់​ក្រោម​ដៃ​កីឡាករ​ ឈិន​ ក្វាន់​ង៉ុយ​ ដែល​ត្រូវ​បរា​ជ័យ​ក្រោម​ដៃរបស់​លោក​កាល​ពី​ជុំ​ទី​២​បែប​នេះ។​ សម្រាប់​គូ​ទី​៣​ កីឡាករ​ សាន​ វិចិត្រ​ និង​កីឡាករ​ ម៉ាប់​ ឆាយ៉ា​ មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ដែល​ជាអ្នក​មាន​៧​ពិន្ទុ​ស្មើ​គ្នា​ នឹង​ប៉ះ​គ្នា​នៅ​លើ​រេញ​ ។ អញ្ចឹង​ហើយ​ទើប​ក្នុង​ចំណោម​កីឡាករ​ពិន្ទុ​កំពូល​ទាំង​ពីរ​នឹង​មាន​តែ​ម្នាក់​​ប៉ុណ្ណោះ​ក្តោប​បាន​១០​ពិន្ទុ​ ហើយ​ក្លាយ​ជាអ្នក​មាន​ឱកាស​ឡើង​ប្រកួត​ខ្វែង​ជា​មួយ​កីឡាករ​ពូល​B ក្នុង​ភាគ​រយ​ច្រើន​ជាង​គេ​ ។​

ភាព​ចាញ់​ឈ្នះ​រវាង​ពួក​គេបាន​ក្លាយ​ជា​ឱកាស​ឱ្យ​កីឡាករ​ ឈិន​ ក្វាន់​ង៉ុយ​ ស៊ី​ថា​ សារ៉ាន់​ និង​កីឡាករ​ កែវ​ រំជោត​ មាន​ឱកាស​ឡើង​ប្រកួត​ខ្វែង​ ប្រសិន​បើ​ពួក​គេ​អាច​ដណ្តើម​បាន​៣​ពិន្ទុ​សម្រាប់​ជុំ​នេះ ។​ ចាំ​មើល​មើល៍​ តើ​រវាង​កីឡាករ​ទាំង​៦​រូប​នេះ​ អ្នក​ណា​នឹង​ឆ្មក់​យក​បាន​៣​ពិន្ទុ​បន្ថែម​ ខណៈ​ដែល​កីឡាករ​ ឈិន​ ក្វាន់​ង៉ុយ​ និង​ ស៊ីថា​ សារ៉ាន់​ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ពិបាក​ឈ្នះ​បានប្តេជ្ញា​មិន​ឱ្យ​ចាញ់​បែប​នេះ​ ៕​