សម ថា​រ័​ត្ន នៅ​តែ​ចង់​ព្យាបាល​ឳ​ពុក​ឱ្យ​អស់​លទ្ធភាព


រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ស្ដេច​វី​យូ​ឡុ​ង លោក អ៊ុ ដា​រ៉ា ឪពុក​របស់​កីឡាការិនី​ល្បុក្កតោ កញ្ញា សម ថា​រ័​ត្ន នៅ​តែ​មិន​ទាន់​មាន​លទ្ធភាព​ព្យាបាល​ឱ្យ​បាន​ធូរស្រាល​នៅ​ឡើយ​ទេ ដោយ​លោក​នៅ​តែ​ស្ថិត​ក្នុង​ភាព​ពិការ និង​មាន​សុខភាព​មិន​ទាន់​រឹង​មាំ ព្រោះ​តែ​​ការ​ព្យាបាល​បាន​ត្រឹម​គ្រូខ្មែរ ស្របគ្នា​ដែល​ខាង​គ្រូពេទ្យ​ក៏​មិន​ហ៊ាន​ទទួល​វះកាត់ ។ យ៉ាងណាមិញ កីឡាការិនី សម ថា​រ័​ត្ន នៅ​តែ​មាន​បំណង​យក​ឪពុក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ទំនើប​ឱ្យ​អស់​លទ្ធភាព ដោយ​នាង​ប្រកាស​ថា នឹង​ប្រឹងរក​លុយ​ដើម្បី​សម្រេច​បំណង​នេះ​ផង​។

កាលពី​ពេល​កន្លង​ទៅ គេ​ឃើញ​កីឡាការិនី​ល្បុក្កតោ​រូប​នេះ តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​បង្ហោះ​ម្ដង​ជា​ពីរ​ដង​យ៉ាង​គួរ​ឱ្យ​សង្វេគ​ថា​«​អរគុណ​ឪពុក ដែល​បាន​សហការ​ជាមួយ​កូន​អំឡុង​ពេល​កូន​នៅ​មើលថែ ពេល​ដែល​ពុក​ស្ថិត​ក្នុង​ដង្ហើម​ផិតផើយ ប្រឹង​រស់​បន្តជីវិត​ដើម្បី​ជា​ជន​គំរូ​សម្រាប់​សង្គម​គ្រួសារ និង​ប្រទេស​ជាតិ និង​ឱ្យ​កូន​ៗ​បាន​មើល និង​រៀនសូត្រ​តាម ទោះបី​ពុក​មិន​បាន​សម្ដី​វោហារ​ស្ដីប្រដៅ​ដូច​ពុកគេ​ដទៃ តែ​ទ​ង្វើ​ដែល​ពុក​បាន​បង្ហាញ គឺ​មាន​ន័យ​ណាស់​ទៅ​ហើយ ។

ស្ថានភាព​គ្រួសារ​យើង​ពី​មុន​វេទនា តែ​ឥឡូវនេះ​ពួក​យើង​បាន​អង្គុយ​គ្រាន់ សង្ឃឹមថា​ថ្ងៃ​ខាង​មុខ ពួក​យើង​នឹង​បាន​ឈរ​យ៉ាង​ស្រស់ស្រាយ​ក្ដី​សុខ​បំផុត ។ ខ្ញុំ​រមែង​ត្រឡប់​ទៅ​មើល​​រូបថត និង​អនុស្សាវរីយ៍​របស់​ឪពុក​ដែល​ធ្លាប់​បាន​សាង ឈរ​ស្រក់​ទឹកភ្នែក សោក​ស្ដាយ នៅ​ពេល​ដែល​ពុក​ប្រញាប់​ធ្លាក់ខ្លួន​ឈឺ ទាំង​មិន​ទាន់​បាន​បង្រៀន​ឱ្យ​កូន​ៗ​ចេះ​បទ​ភ្លេង និង​និពន្ធ​អី​ផង ។ មិន​ដែល​ឮ​ពុក​អួត​ប្រាប់​កូន​មួយ​ម៉ាត់​ថា ឪ​ពី​មុន​ល្បី​ប៉ុណ្ណា​ដែរ​ណា​! អួត​មួយ​ម៉ាត់​ពីរ​អី​អត់​អា​លីង​»​។

នាង​បន្ត​ថា «​លោក​ឪលោក​ម៉ែ កូនសុំ​ទោស ដែល​មិន​បាន​ដើរ​តាម​ផ្លូវ​ឪ ឪ​បាន​ចំណូល​មិន​ឈឺ​សាច់​ដូច​កូន​មែន តែ​ឪ​ចុក​រោយ​ចង្កេះ ឈឺក្បាល ស្ត្រេ​ស ព្រោះ​ឪ​ប្រើ​ខួរក្បាល​គិត​​ច្រើន​»​។ ការ​លើក​ឡើង​របស់​នាង​ធ្វើ​ឱ្យ​ម្នាក់​ៗ​ចង់​ស្រក់​ទឹកភ្នែក ដោយសារ​តែ​លោក អ៊ុ ដា​រ៉ា ត្រូវ​គេ​ស្គាល់​ថា ជា​ស្ដេច​វី​យូ​ឡុ​ង​ល្បីឈ្មោះ​មួយ​រូប​ប៉ុន្តែ​ក្រោយ​ធ្លាក់ខ្លួន​ឈឺ បែរ​ជា​គ្មាន​ការ​ជ្រោមជ្រែង​ណាមួយ​ដែល​មិន​សម​នឹង​កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​សាង ។ នាង​ធ្លាប់​បង្ហោះ​យ៉ាង​កម្សត់​នា​ពេល​បន្តបន្ទាប់​ទៀត​ថា មក​ទល់​ពេល​នេះ ឪពុក​របស់​នាង​នៅ​តែ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​មិន​ច្រើន​ជាង​មុន​នោះ​ឡើយ ដោយសារ​តែ​ការ​ព្យាបាល​មិន​បាន​ដិត​ដល់ និង​ខ្វះ​លទ្ធភាព​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ពេទ្យ​ទំនើប គឺ​ទទួល​បាន​លទ្ធផល​មិន​ច្រើន ។

កញ្ញា​ថា លោក អ៊ុ ដា​រ៉ា ក្រៅពី​ពិការ​ដើរ​មិន​រួច ក៏​មាន​បញ្ហា​វង្វេងវង្វាន់​ដោយពេល​នៅ​ពេល​ធ្វើទុក្ខ​ផង​ដែរ តែ​លោក​នៅ​តែ​ទទួលទាន​អាហារ​បាន ជា​ពិសេស​នៅ​ពេល​នាង​ចំណាយពេល​បញ្ចុក​មើលថែ មុន​ពេល​នាង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ។ អ្វី​ដែល​នាង​កាន់តែ​សប្បាយចិត្ត​ទៅ​ទៀត​គឺ​លោក​មាន​កម្លាំងចិត្ត​ចង់​ជា ចង់​ទទួល​ការ​ព្យាបាល ដោយ​មិនសូវ​មាន​អារម្មណ៍​អស់សង្ឃឹម​ដូច​មុន ដែល​ធ្វើ​ឱ្យ​នាង​គិត​ថា បើ​មាន​លទ្ធភាព​យក​លោក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ទំនើប គឺ​ឪពុក​ពិតជា​កាន់តែ​ល្អ​ប្រសើរ​ផ្នែក​សុខភាព ។

យ៉ាងណាមិញ នាង​ថា ឪពុក​របស់​នាង​ដែល​មាន​បញ្ហា​ឆ្អឹង​រហូត​ដល់​ថ្នាក់​ពិការ​មិន​អាច​ដើរ​បាន គឺ​ខាង​វេជ្ជបណ្ឌិត​ក៏​មិន​ហ៊ាន​ទទួល​វះកាត់​នោះ​ដែរ ដោយសារ​តែ​អះអាង​ថា លោក​មាន​វ័យចាស់ ហើយ​ឆ្អឹង​ក៏​ពិបាក​ក្នុង​កា​រត​ភ្ជាប់ ។ ប៉ុន្តែ​នាង​ថា បើ​នាង​មាន​លុយ ឬ​មាន​សប្បុរសជន​ណា​ចេញ​មុខ​ជួយ​ដល់​ឪពុក​របស់​នាង ហើយ​អាច​ឱ្យ​នាង​មាន​ឱកាស​យក​ឪពុក​ទៅ​ព្យាបាល​ដិត​ដល់ គឺ​នាង​យល់​ថា​ឪពុក​នឹង​អាច​រឹង​មាំ ឬ​អាច​ដើរ​បាន​។

នាង​ថា ដ្បិត​ឪពុក​ស្ថិត​ក្នុង​សភាព​បែប​ហ្នឹង ហើយ​មានការ​បញ្ជាក់​ថា ស្ថានភាព​វះកាត់​នឹង​ពិបាកធ្វើ​ឡើង​យ៉ាងហ្នឹង តែ​នាង​នៅ​តែ​មិន​អស់ចិត្ត អ៊ីចឹង​ហើយ​ទើប​នាង​នៅ​តែ​បន្ត​ទទួល​ការងារ​សម្ដែង និង​ការងារ​ចេញ​ប្រកួត​ទាំង​ក្នុង និង​ក្រៅប្រទេស​ជា​ហូរហែ រាប់​ទាំង​ប៉ុន្មាន​ថ្ងៃមុន​នេះ​ផង ដើម្បី​អាច​មាន​កម្រៃ​បាន​ច្រើន​យក​មក​ផ្ទប់​ថ្លៃ​ព្យាបាល​ឪពុក និង​ក្រែង​មានការ​ជ្រោមជ្រែង​ណាមួយ ក្នុង​ការ​ជួយ​ដល់​ឪពុក​របស់​នាង​ឱ្យ​មាន​លទ្ធភាព​ព្យាបាល​ក្រៅពី​ពេទ្យ​ខ្មែរ​ដូច​សព្វថ្ងៃ​។

គួរ​បញ្ជាក់​ថា បិតា​វី​យូ​ឡុ​ង អ៊ុ ដា​រ៉ា ធ្លាប់​ល្បីឈ្មោះ​ខ្លាំង នៅ​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​៦០​។
លោក​បាន​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន ដូច​ជាប​ទរូ​បអូន​ហ្នឹងហើយ​, ថ្ងៃ​ណា​មាន​សង្ឃឹម​, ឈប់​ស្រឡាញ់​អូន​ទៅ​, នេះ​ឬ​ផល​បុណ្យ​, ស្រឡាញ់​អូន​ដល់​ណា និង​ចាស់​ជូរឯម ជា​ដើម ដែល​សុទ្ធតែ​ល្បី​មក​ដល់​ជំនាន់​ក្រោយ ។ មក​ដល់​ពេល​នេះ លោក​មាន​វ័យ​៧៩​ឆ្នាំ ដោយ​មាន​ជំងឺ​ឆ្អឹងត្រគាក​ខាងឆ្វេង​ហើយ​ដើរ​មិន​រួច​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ