ប្រទេសបារាំង និងជប៉ុន កាលពីថ្ងៃទី៧ មិថុនា បានបើកភាពជាដៃគូពិសេសមួយលើនយោបាយអន្តរជាតិ សេដ្ឋកិច្ច និងវប្បធម៌ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវរដ្ឋមួយរបស់ប្រធានាធិបតីបារាំង លោកហ្វ្រង់ស្វ័រ ហូឡង់ ដែលផ្តោតលើនយោបាយសេដ្ឋកិច្ចរបស់លោកអាបេ ដើម្បីអំពាវនាវដល់អឺរ៉ុបយកធ្វើគំរូសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ។
លោក ហ្វ្រង់ស្វ័រហូឡង់ និងនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ បញ្ជាក់ថា ចង់ប្រកាន់យកជំហររួមនានាលើបញ្ហាអន្តរជាតិធំៗ ផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយសម្រួលដល់កិច្ចសហការខាងឧស្សាហកម្ម ហើយបង្កើនកិច្ចសហប្រតិបត្តិការគ្នាខាងវប្បធម៌ ។ដោយប្រឈមមុខកាលពីខែមករាជាមួយការចាប់ចំណាប់ខ្មាំងនៅប្រទេសអាល់ហ្សេរី ឯទីតាំងរោងចក្រឧស្ម័ន IN AMENAS ប្រទេសទាំង២គ្រោងឱ្យមានការចរចា២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារប្រទេសនៃប្រទេសទាំង២ ។
លោកស៊ីនហ្សូអាបេគូសបញ្ជាក់ថា ប្រទេសទាំង២ត្រូវជាអ្នកនាំមុខគេ ដើម្បីសន្តិភាព និងសន្តិសុខ ។ កាលពីថ្ងៃទី៦ មិថុនា លោកអាបេបានអំពាវនាវដល់ប្រទេសបារាំង ជាមហាអំណាចខាងជើងទឹកមួយដែរ ឱ្យរួមសហការជាមួយជប៉ុន ពេលមានការផ្លាស់ប្តូរលក្ខខណ្ឌសន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលចង់និយាយដោយប្រយោលចំពោះប្រទេសចិន ដែលមានសកម្មភាពកាន់តែខ្លាំងក្នុងតំបន់ ដែលធ្វើឱ្យក្រុងតូក្យូមានការព្រួយបារម្ភ ៕
ចែករំលែកព័តមាននេះ