រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Boonsong Teriyapirom មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ទី៦ មិថុនាថា ការនំាចេញអង្កររបស់ថៃនៅក្នុងឆ្នាំនេះនឹងសម្រេចគោលដៅរបស់រដ្ឋាភិបាលចំនួន៨,៥លានតោន ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុកំពុងចងក្រងទិន្នន័យដែលទាក់ទងទាំងអស់ ស្តីពីគម្រោងសន្យាទិញអង្កររបស់រដ្ឋាភិបាល ដែលជាគោលនយោបាយដ៏ចម្រូងចម្រាសមួយរបស់គណបក្សភឿថៃ។
លោករដ្ឋមន្ត្រីថ្លែងថា គម្រោងអន្តរាគមន៍តម្លៃអង្ករសរុប១៧ត្រូវបានចាប់ផ្តើមតាំងតែពីឆ្នាំ២០០៣ ក្នុងនោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃពាក់ព័ន្ធតែ៣គម្រោងប៉ុណ្ណោះ ។ ក្រសួងរបស់លោកមានព័ត៌មានលម្អិត ស្តីពីគម្រោងតម្លៃអង្ករចាប់ពីចំណុចចាប់ផ្តើមដល់ចំណុចចុងក្រោយ ហើយគម្រោងទាំងនោះនឹងផ្តល់ឲ្យប្រជាជនបានដឹងគ្រប់ៗគ្នា ។ លោកមានទំនុកចិត្តថា គោលដៅនាំចេញអង្ករ៨,៥លានតោនសម្រាប់ឆ្នាំ២០១៣នឹងសម្រេចបានយ៉ាងពិតប្រាកដ ។
កាលពីថ្ងៃអង្គារទៅ៤ មិថុនា កន្លងទៅ នាយករដ្ឋមន្ត្រីថៃ យីងឡាក់ថ្លែងថា របាយការណ៍ឥណទានអវិជ្ជមានរបស់ស្ថាប័នផ្តល់ចំណាត់ថ្នាក់ឥណទាន Moody’s Investor Sevice ស្តីពីគម្រោងសន្យាទិញអង្ករគឺខុស ហើយរដ្ឋាភិបាលនឹងចេញការពន្យល់របាយការណ៍នោះថាហេតុអ្វី ។ លោកស្រីនាយករដ្ឋមន្ត្រីថ្លែងថា ព័ត៌មានចុងក្រោយស្តីពីគម្រោងនេះនឹងត្រូវបានគេប្រើដើម្បីបដិសេធទស្សនៈភ្នាក់ងារឥណទានមួយនេះ ។
កាលពីថ្ងៃចន្ទទី៣ មិថុនា Moody’s បានព្រមានថា ការខាតបង់ដែលបានកើតឡើងពីអ្វីដែលខ្លួនបានហៅថា គម្រោងទិញអង្ករនឹងធ្វើឲ្យរដ្ឋាភិបាលថៃកាន់តែពិបាកសម្រេចគោលដៅ លំនឹងថវិការបស់ខ្លួននៅក្នុងឆ្នាំ២០១៧ ហើយជាកត្តាអវិជ្ជមាននៅក្នុងការកំណត់ចំណាត់ថ្នាក់ឥណទានរបស់ថៃ ៕
ចែករំលែកព័តមាននេះ