នាយករដ្ឋមន្ត្រីថ្មីប៉ាឡេស្ទីន លោករ៉ាមី ហាមដាល់ឡាហ៍ និងរដ្ឋាភិបាលរបស់លោក បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងកាលពីថ្ងៃទី៦ មិថុនា នៅមុខប្រធានាធិបតីលោកម៉ាមូដអាល់បាស់ ។លោកហាមដាល់ឡាហ៍ត្រូវបានលោកប្រធានាធិបតីអាប់បាស់ចាត់តាំងឱ្យបង្កើតរដ្ឋាភិបាលថ្មីមួយកាលពីថ្ងៃទី២ មិថុនាកន្លងមកនេះ ។ រដ្ឋាភិបាលថ្មីនោះមានសមាជិក២៤រូប ក្នុងនោះភាគច្រើនជារដ្ឋមន្ត្រីនៃរដ្ឋាភិបាលមុនដឹកនាំដោយលោក សាឡាមហ្វៃយ៉ាដ ។ ទំនាក់ទំនងរវាងលោកប្រធានាធិបតីអាប់បាស់ និងអតីតនាយករដ្ឋមន្ត្រីលោកហ្វៃយ៉ាដ មានភាពកករល្អក់ ក្រោយពីលោកហ្វៃយ៉ាដយល់ព្រមលើការសុំលាលែងរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុដោយពុំពិគ្រោះយោបល់ជាមួយប្រធានាធិបតី ។
ក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលត្រួតត្រាជ្រោយហ្គាហ្សាចាប់តាំងពីឆ្នាំ២០០៧មក ក្រោយការវាយបណ្តេញកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីយល់ថា រដ្ឋាភិបាលរបស់លោកហាមដាល់ឡាហ៍គឺខុសច្បាប់ ។ក្រោមការជួយឧបត្ថម្ភរបស់អេហ្ស៊ីប និងរបស់ប្រទេសកាតា ក្រុមហាម៉ាស់ និងក្រុមហ្វាតាហ៍របស់លោកអាប់បាស់សម្រេចបានកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នាមួយដើម្បីបញ្ចប់ការបែកបាក់គ្នារវាងចលនាប៉ាឡេស្ទីនសំខាន់ទាំង២នោះ ក៏ប៉ុន្តែក្រុមទាំង២នៅពុំទាន់អាចអនុវត្តកិច្ចព្រមព្រៀងគ្នានេះដែលគ្រោងឱ្យបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយដើម្បីរៀបចំការបោះឆ្នោត ៕
ចែករំលែកព័តមាននេះ