ខេត្ដកំពង់ធំ ៖ អ្នកបើកបរម្នាក់បានចតរថយន្ដ ហើយដើរឆ្លងថ្នល់ត្រូវរថយន្ដដឹកដីបុកស្លាប់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៦ មិថុនា នៅចំណុចភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។ តាមការរៀបរាប់ប្រាប់ពីប្អូនប្រុសបង្កើតជនរងគ្រោះឈ្មោះ ជា ចាំ អាយុ៣១ឆ្នាំ និយាយថា បងរបស់គាត់ឈ្មោះ ជា ចូវ អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃម្រី ឃុំផាន់ញើម ស្រុកប្រសាទបល្ល័ង្ក ជាម្ចាស់រថយន្ដកូរ៉េ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3A-0232 ដឹកភ្ញៀវពីខេត្ដកំពង់ធំទៅស្រុកប្រាសាទបល្ល័ង្ក ។ ពេលធ្វើដំណើរដល់ចំណុចកើតហេតុ បងប្រុសគាត់បានឈប់រថយន្ដ រួចដើរឆ្លងថ្នល់ ក៏ត្រូវរថយន្ដដឹកដីបុកស្លាប់នៅនឹងកន្លែងតែម្ដង ។
រថយន្ដដឹកដី ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ធំ3A-0467 បើកបរដោយបុរសឈ្មោះ ឡន សូមុន្នី អាយុ២២ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ត្រូវសមត្ថកិច្ចប៉ុស្ដិ៍អាចារ្យលាក់ ចាប់បញ្ជូនទៅអធិកាដ្ឋាននគរបាលក្រុងស្ទឹងសែនភ្លាមៗ ព្រោះអ្នកភូមិកំពុងតែមិនពេញចិត្ដនឹងរថយន្ដដឹកដីទាំងនេះ ដែលបើកបរលឿនក្នុងទីប្រជុំជន មិនគិតពីសុវត្ថិភាព ជាក់ស្ដែងពេលនេះបុកមនុស្សស្លាប់តែម្ដង ។ ក្រោយកើតហេតុ បន្ទាប់ពីវាស់វែងរួច សមត្ថកិច្ចយករថយន្ដដឹកដីទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ