ប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា លោកបណ្ឌិត ជាម យៀប បានប្រកាសនៅក្នុងសម័យប្រជុំវិសាមញ្ញរដ្ឋសភានៅព្រឹកថ្ងៃទី០៧ មិថុនា ២០១៣នេះថា លោកនឹងចូលរួមក្នុងមហាបាតុកម្មជាមួយសមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហម និងមហាជនជាច្រើនទៀត ប្រឆាំងនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលនិយាយថា គុតទួលស្លែងជាកន្លែងសិប្បនិម្មិត ។
ការចូលរួមធ្វើមហាបាតុកម្មនេះដែរ ត្រូវបានលោក ជាម យៀប លើកហេតុផលថាគឺក្នុងនាមជាពលរដ្ឋមួយរូប ដែលបានបាត់បង់ក្រុមគ្រួសារចំនួន៣៧នាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។
គួរបញ្ជាក់ថា នៅថ្ងៃទី០៩ មិថុនា ២០១៣ សមាគមជនរងគ្រោះក្នុងរបបខ្មែរក្រហម និង មហាជនចំនួន២ម៉ឺននាក់ ដឹកនំាដោយលោក ជុំ ម៉ី នឹងធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចំាកម្ពុជា និងមានមនុស្ស២ពាន់នាក់ នឹងហែក្បួនទៅកាន់ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដែលស្ថិតនៅខណ្ឌទួលគោក ប្រយោជន៏ដើម្បីទាមទារឲ្យលោក កឹម សុខា សុំទោសនូវអ្វីដែលលោក កឹម សុខា ត្រូវបានគេស្រង់សម្តីថា លោកបាននិយាយថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិតនោះ ។ នេះបើតាមការប្រកាសក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី០៤ មិថុនា របស់លោក ជុំ ម៉ី ។
មហាបាតុកម្មនេះ ក៏បានការអនុញ្ញាតិជាផ្លូវការឲ្យធ្វើផងដែរពីសំណាក់ក្រសួងមហាផ្ទៃ នេះបើតាមការបញ្ជាក់បា្រប់តាមទូរស័ព្ទពីលោក ជុំ ម៉ី នៅព្រឹកថ្ងៃទី០៧ មិថុនានេះ។
គួរកត់សម្គាល់ផងដែរថា នេះជាសមាជិកសភាទី២ហើយ ក្នុងនាមជាពលរដ្ឋ ដែលប្រកាសចូលរួមក្នុងមហាបាតុកម្មនៅថ្ងៃអាទិត្យខាងមុខ បន្ទាប់ពីលោក ឈាង វ៉ុន សមាជិកសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា បានប្រកាសចូលរួមដូចគ្នានេះកាលពីថ្ងៃទី០៦មិថុនាម្សិលមិញ ៕
ចែករំលែកព័តមាននេះ