ខេត្តកំពត ៖ ការបោះបង្គោលបែងចែកភូមិសាស្ត្រ រវាងខេត្តកំពតនិងខេត្តកែប តាំងពីឆាំ្ន២០០៨ រហូតមកដល់ឆាំ្ន២០១៨ អាជ្ញាធរខេត្តទាំង២ នៅមិនទាន់បានប្រកាសជាផ្លូវការប្រាប់ប្រជាពលរដ្ឋនៅឡើយទេថា ពួកគាត់ជាពលរដ្ឋខេត្តកំពត ឬខេត្តកែបនោះទេ ដោយសារតែមិនមានការប្រកាស់ជាផ្លូវការនៅឡើយ ។
ទោះបីជាបែបណា ការបោះបង្គោលកាត់ដីខេត្តកំពតចំនួន២ឃុំ គឺឃុំកូនសត្វ ស្រុកទឹកឈូ និងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដែលត្រូវកាត់ចូលទៅខេត្តកែប ក៏មិនទាន់ជាផ្លូវការដែរ គ្រាន់តែបោះបង្គោលចោលហើយក៏ស្ងាត់ទៅ ។ ដោយសារតែភាពមិនច្បាស់លាស់នេះ ធ្វើឱ្យអាជ្ញាធរខេត្តទាំង២ពិបាកធ្វើការ ព្រោះតែភ្នំមួយនៅចំណុចកណ្ដាលកំពុងរងការកាយយកដីលក់យ៉ាងអនាធិបតេយ្យ ហើយពេលអាជ្ញាធរទាំង២ខេត្តចុះពិនិត្យឃើញថាត្រួតគ្នាដែរ ។
លោក យ៉ុង លី អាយុ៥៥ឆាំ្ន នៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច និយាយថា ការបោះបង្គោលព្រំភូមិសាស្ត្រខេត្ត២នេះមិនទាន់ជាផ្លូវការទេ ។ ចំណែកគ្រួសារគាត់ មិនចង់ផ្លាស់ឈ្មោះភូមិកំណើតចាស់ទៅរស់នៅខាងខេត្តកែបនោះទេ ។ លោក ចាប់ ម៉ៅ មេភូមិកណ្ដាលទួល និយាយថា ប្រជាពលរដ្ឋភាគច្រើនមិនចង់ផ្លាស់ទៅនៅខេត្តកែបទេ ។ ម្យ៉ាងទៀត ដោយសារតែការកំណត់ព្រំប្រទល់ភូមិសាស្ត្រមិនទាន់ច្បាស់លាស់ ទើបគ្រាន់តែភ្នំគេកាយយកដីលក់រាល់ថ្ងៃ អាជ្ញាធរខេត្តទាំង២ចុះត្រួតពិនិត្យ២ផ្សេងគ្នា ។
លោក អូន ខន អភិបាលស្រុកកំពង់ត្រាចមានប្រសាសន៍ថា លោកគ្រោងបង្កើតគណៈកម្មការស្រុកទាំង២ គឺស្រុកដំណាក់ចង្អើរនិងស្រុកកំពង់ត្រាច ពិភាក្សាគ្នាកំណត់ពីភូមិសាស្ត្រគ្រប់គ្រងឲ្យបានជាក់លាក់ ងាយស្រួលធ្វើការ ។
លោកមេភូមិចម្ការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ដែលមានភូមិសាស្ត្រជាប់នឹងឃុំកំពង់ត្រាចស្រុកកំពង់ត្រាច ក៏បានត្អូញត្អែរពិបាកធ្វើការដែរព្រោះមិនទាន់បែងចែកភូមិសាស្ត្រឱ្យបានច្បាស់លាស់ សូម្បី
តែគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក៏សមត្ថកិច្ចនៅប្រចាំគ្នាដែរ ។ មិនអាចស្វែងរកការបំភ្លឺបានទេ ជុំវិញការមិនប្រាកដប្រជានៃទីតាំងភូមិសាស្ត្រទាំង២នេះ ។
កាលពីអតីតកាល ភូមិសាស្ត្រនេះស្ថិតនៅក្នុងខេត្តកំពតតែមួយទេ ហើយក្រុងកែបគ្រាន់តែជាតំបន់កម្សាន្តឆ្នេរសមុទ្រមួយនៅក្នុងភូមិសាស្ត្រខេត្តកំពតប៉ុណ្ណោះ និងទើបតែកាត់ចេញពីគ្នាដោយដំឡើងក្រុងកែបទៅជាខេត្តកែប កាលពីឆ្នាំ២០០៨កន្លងមកនេះ ៕

ចែករំលែកព័តមាននេះ