រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៧ មិថុនានេះ កីឡាករ៦រូបក្នុងពូលA ដែលមានឈ្មោះប្រកួតដណ្តើមជើងឯកខ្សែក្រវាត់របស់ក្រុមហ៊ុន សេង ហុងហេង នឹងឡើងបើកឆាកនៅលើសង្វៀនទូរទស្សន៍បាយ័នដែលមានទីតាំងនៅស្ទឹងមានជ័យ ។ ក្នុងចំណោមកីឡាករទាំង៦រូប កីឡាករឈិន ក្វាន់ង៉ុយ និង ស៊ីថា សារ៉ាន់ បានបង្ហាញការតាំងចិត្តជាងគេដើម្បីដណ្តើមយក៣ពិន្ទុសម្រាប់ជុំទី៤នេះ បើទោះជាការតាំងចិត្តស្ថិតក្នុងការព្យាករបែបស្រពេចស្រពឹលនៅឡើយក៏ដោយ ។
សម្រាប់ការប្រកួតក្នុងជុំទី៤នេះ កីឡាករ ឈិន ក្វាន់ង៉ុយ អ្នកប្រដាល់មកពីក្លិបមកុដរាជសីហ៍ នឹងជួបប្រកួតជាមួយកីឡាករ កែវ រំជោត មកពីក្លិបដំបងគ្រញូងខេត្តបាត់ដំបង ។ សម្រាប់គូនេះ កីឡាករ ឈិន ក្វាន់ង៉ុយ ត្រូវគេមើលឃើញថាជាកីឡាករបាតតារាង ដោយសារតែគេទើបតែឈ្នះក្នុងជុំទី៣ ក្នុងចំណោម៣ប្រកួតកន្លងមក ។ យ៉ាងណាមិញ ជ័យជម្នះរបស់គេបានបង្កឱ្យមានការភ្ញាក់ផ្អើលដោយសារតែកីឡាករដែលចាញ់គេ គឺកីឡាករ កែវ វិរៈ ជើងខ្លាំងមកពីក្លិបគជសារកីឡាដែលធ្លាប់ផ្តួលគេឯងឱ្យចាញ់ដល់ទៅ២ជុំជាប់គ្នា ។
អ្វីដែលគេភ្ញាក់ផ្អើលគឺកីឡាករបាតតារាង ឈិន ក្វាន់ង៉ុយ ក្នុងអំឡុង២ជុំដំបូងអាចផ្តួលកីឡាករ កែវ វិរៈ ដែលជើងខ្លាំងដទៃញាក់សាច់ឱ្យសន្លប់ក្នុងទឹកទី៤ មិនគួរឱ្យជឿ ។ លទ្ធផលនេះបានធ្វើឱ្យកីឡាករ ឈិន ក្វាន់ង៉ុយ មានទឹកមាត់ ហើយក្លាយជាបន្លាមួយថ្មីសម្រាប់កីឡាករ កែវ រំជោត នៅក្នុងជុំ
នេះ ។ ឈិន ក្វាន់ង៉ុយ អះអាងថា នឹងដណ្តើមឱ្យបាន៣ពិន្ទុនៅល្ងាចនេះដើម្បីទប់ខ្លួនឯងកុំឱ្យធ្លាក់ចេញពីការប្រកួតខ្វែង ហើយជំរុញឱ្យខ្លួនឯងចាកផុតពីបាតតារាង ។
ដូចគ្នានឹងការអះអាងនេះ កីឡាករ ស៊ីថា សារ៉ាន់ មកពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលភ្លាត់ឱ្យចាញ់ក្នុងជុំទី៣ ក្រោមដៃកីឡាករ សាន វិចិត្រ មកពីក្លិបផ្សារបឹងទំពុន ដោយមិននឹកស្មានដល់ ក៏សម្តែងការតាំងចិត្តដូចគ្នាថានឹងប្រឹងយក៣ពិន្ទុសម្រាប់ជុំនេះផងដែរ ។ កីឡាករ ស៊ីថា សារ៉ាន់ នឹងជួបប្រកួតជាមួយកីឡាករ កែវ វិរៈ ដែលក្តាប់៧ពិន្ទុក្នុងដៃរួចជាស្រេចនៅក្នុងជុំទី៤នេះ ។ រវាងកីឡាករទាំងពីរនាក់នេះគេមានជំនឿថា តឹងតែងបំផុតសម្រាប់ឱ្យកីឡាករ ស៊ីថា សារ៉ាន់ យកឈ្នះ ប៉ុន្តែគេក៏មិនជឿថាការតាំងចិត្តរបស់លោកនឹងត្រូវរលត់នោះដែរ ក្នុងពេលដែល កែវ វិរៈ ទើបតែចាញ់ក្រោមដៃកីឡាករ ឈិន ក្វាន់ង៉ុយ ដែលត្រូវបរាជ័យក្រោមដៃរបស់លោកកាលពីជុំទី២បែបនេះ។
សម្រាប់គូទី៣ កីឡាករ សាន វិចិត្រ និងកីឡាករ ម៉ាប់ ឆាយ៉ា មកពីក្លិបខ្លារខិនមានឫទ្ធិ ដែលជាអ្នកមាន៧ពិន្ទុស្មើគ្នា នឹងប៉ះគ្នានៅលើរេញ ។ អញ្ចឹងហើយទើបក្នុងចំណោមកីឡាករពិន្ទុកំពូលទាំងពីរនឹងមានតែម្នាក់ប៉ុណ្ណោះក្តោបបាន១០ពិន្ទុ ហើយក្លាយជាអ្នកមានឱកាសឡើងប្រកួតខ្វែងជាមួយកីឡាករពូលB ក្នុងភាគរយច្រើនជាងគេ ។ ភាពចាញ់ឈ្នះរវាងពួកគេបានក្លាយជាឱកាសឱ្យកីឡាករ ឈិន ក្វាន់ង៉ុយ ស៊ីថា សារ៉ាន់ និងកីឡាករ កែវ រំជោត មានឱកាសឡើងប្រកួតខ្វែង ប្រសិនបើពួកគេអាចដណ្តើមបាន៣ពិន្ទុសម្រាប់ជុំនេះ ។ ចាំមើលមើល៍ តើរវាងកីឡាករទាំង៦រូបនេះ អ្នកណានឹងឆ្មក់យកបាន៣ពិន្ទុបន្ថែម ខណៈដែលកីឡាករ ឈិន ក្វាន់ង៉ុយ និង ស៊ីថា សារ៉ាន់ ដែលត្រូវគេមើលឃើញថាពិបាកឈ្នះបានប្តេជ្ញាមិនឱ្យចាញ់បែប
នេះ ៕
ចែករំលែកព័តមាននេះ