រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៣ ដែលចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១ មិថុនា នៅអាងហែលទឹកស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនោះ មកដល់ល្ងាចថ្ងៃទី៥ មិថុនា បានបញ្ចប់ជាស្ថាពរហើយពិធីបិទការប្រកួតត្រូវបានរៀបចំធ្វើក្រោមអធិបតីភាពពលោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងគណៈប្រតិភូកីឡាជាច្រើននាក់ទៀត ។
លោកប៊ូ ជុំសេរី មានប្រសាសន៍ក្នុងឱកាសនោះថា លោកមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតនេះ ។ ឆ្លងតាមគណៈកម្មការរៀបចំការប្រកួតឱ្យដឹងថា ការប្រកួតក្នុងឆ្នាំនេះមានលក្ខណៈល្អប្រសើរ ដោយក្មួយៗកីឡាករ កីឡាការិនីទាំងអស់គោរពតាមបទបញ្ជាបច្ចេកទេស មានក្រមសីលធម៌ក្នុងការប្រកួត ។ លោកសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំងអស់ឱ្យព្យាយាមហ្វឹកហាត់បន្តទៀតដើម្បីក្លាយជាកីឡាករ កីឡាការិនីដ៏ឆ្នើមក្នុងប្រទេស និងមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសដណ្តើមមេដាយជូនជាតិមាតុភូមិយើង ។
ចំពោះលទ្ធផលដែលទទួលបានក្នុងការប្រកួតនេះគឺ៖
ក្របខ័ណ្ឌក-១វិញ្ញាសាហែល១០០ម៉ែត្រសេរីបុរស-នារី លេខ១បានទៅលើកីឡាករម៉ាក់ស៊ីម៉ូ ចំរើនយូរីមកពីក្លិបគមនាគមន៍ និងកីឡាការិនីហែម ថុនវិទិនី មកពីវិទ្យាល័យជម្ពូវ័ន្ត ។ វិញ្ញាសាហែល១០០ម៉ែត្ររបៀបកង្កែបបុរស-នារី លេខ១បានទៅលើកីឡាករហែម ថុន ពន្លឺ មកពីក្លិបគមនាគមន៍ និងកីឡាការិនី ហែម ថុនវិទិនី មកពីវិទ្យាល័យជម្ពូវ័ន្ត ។ វិញ្ញាសាហែល១០០ម៉ែត្រផ្ងារបុរស-នារី លេខ១បានទៅលើកីឡាករម៉ាក់ស៊ីមូ៉ ចំរើនយូរី មកពីក្លិបគមនាគមន៍ និងកីឡាការិនីសេង សម្ផស្ស មកពីវិទ្យាល័យជម្ពូវ័ន្ត ។
វិញ្ញាសាហែល១០០ម៉ែត្ររបៀបមេអំបៅនារី លេខ១ បានទៅលើកីឡាការិនីហែម ថុនវិទិនី មកពីវិទ្យាល័យជម្ពូវ័ន្ត ។ វិញ្ញាសាហែល២០០ម៉ែត្ររបៀបសេរីបុរសលេខ១បានទៅលើកីឡាករម៉ាក់ស៊ីម៉ូ ចំរើនយូរី មកពីក្លិបគមនាគមន៍ ។ វិញ្ញាសាហែល២០០ម៉ែត្រ ៤របៀបបុរស-នារី លេខ១បានទៅលើកីឡាករម៉ាក់ស៊ីម៉ូ ចំរើនយូរី មកពីក្លិបគមនាគមន៍ និងកីឡាការិនី ហែម ថុនវិទិនី មកពីក្លិបជម្ពូវ័ន្ត ។ វិញ្ញាសាហែល២០០ម៉ែត្ររបៀបកង្កែបបុរស លេខ១បានទៅលើកីឡាករហែម ថុនពន្លឺ មកពីក្លិបគមនាគមន៍ ។
វិញ្ញាសាហែលបណ្តាក់១០០ម៉ែត្រ ៤ដងរបៀបសេរី លេខ១បានទៅលើក្លិបអនុវិទ្យាល័យទឹកល្អក់ , លេខ២ក្លិបគមនាគមន៍ និងលេខ៣ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ ក្របខ័ណ្ឌក-២ វិញ្ញាសាហែល៥០ម៉ែត្រសេរីបុរស-នារី លេខ១បានទៅលើកីឡាករយិន ដាវីន មកពីវិទ្យាល័យជម្ពូវ័ន្ត និងកីឡាការិនីអេមី លីហ្គាហ្គឺ មកពីក្លិប ICAN ។ វិញ្ញាសាហែល១០០ម៉ែត្ររបៀបកង្កែបបុរស-នារី លេខ១បានទៅលើកីឡាករគុណ ណារ៉ាក់ មកពីក្លិប ICAN និងកីឡាការិនី សុខ ស្រី វលក្ខណ៍ មកពីក្លិបគមនាគមន៍ ។
វិញ្ញាសាហែល១០០ម៉ែត្រ របៀបសេរីបុរស-នារី លេខ១បានទៅលើកីឡាករសៅ រដ្ឋា មកពីវិទ្យាល័យជម្ពូវ័ន្ត និងកីឡាការិនីទេស លក្ខិណា មកពីក្លិបអូឡា VLK កំពង់ចាម ។ វិញ្ញាសាហែល១០០ម៉ែត្រផ្ងារបុរស-នារី លេខ១បានទៅលើកីឡាករសុខ ចាន់ហេង មកពីវិទ្យាល័យជម្ពូវ័ន្ត និងកីឡាការិនីសុខ ស្រីវលក្ខណ៍ មកពីក្លិបគមនាគមន៍ ។ វិញ្ញាសាហែល២០០ម៉ែត្រផ្ងារបុរស លេខ១បានទៅលើកីឡាករសុខ បញ្ញា មកពីវិទ្យាល័យជម្ពូវ័ន្ត ។
វិញ្ញាសាហែល២០០ម៉ែត្ររបៀបកង្កែបបុរស លេខ១បានទៅលើកីឡាករគុណ ណារ៉ាក់ មកពីក្លិប ICAN ។
វិញ្ញាសាហែលបណ្តាក់សេរី១០០ម៉ែត្រ លេខ១បានទៅលើក្លិបគមនាគមន៍ លេខ២ និងលេខ៣ បានទៅលើវិទ្យាល័យជម្ពូវ័ន្ត ។ សូមបញ្ជាក់ថា ក្លិបដែលបានចូលរួមប្រកួតមានចំនួន១២រួមមាន ក្លិបអូឡា VLK ខេត្តកំពង់ចាម, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា , ក្លិបគមនាគមន៍ , ក្លិបសាលាNISC , ក្លិបវិទ្យាល័យជម្ពូវ័ន្ត , ក្លិបអង្គការមិត្តសម្លាញ់ , មិត្តយុវជនគុម្ពឫស្សី , ក្លិបសាលាICAN , ក្លិបខេត្តកណ្តាល ,ក្លិបសាលា ALIS ,ក្លិបវិទ្យាល័យទឹកល្អក់ , និងក្លិបអង្គការអរុណរះ ដោយមានកីឡាករ កីឡាការិនីសរុបចំនួន២៤០នាក់ ក្នុងនោះកីឡាការិនី៦១នាក់ , កីឡាករ១៧៩នាក់ ៕
ចែករំលែកព័តមាននេះ