រាជធានីភ្នំពេញ ៖ ក្រុមក្រសួងការពារជាតិដែលបច្ចុប្បន្នស្ថិតនៅលេខរៀងបន្ទាប់ពីក្រុមបាតតារាង ពេលនេះអាចមានសំណាងគេចផុតពីតំបន់ដែលត្រូវកាត់ចោល ក្រោយពីប្រកួតឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល២-០ នៅជុំទី២កាលពីរសៀលថ្ងៃពុធទី៥ មិថុនា នៅពហុកីឡដ្ឋានជាតិ ក្នុងក្របខ័ណ្ឌបាល់ទាត់ Metfone Cambodian League ២០១៣ ។
ក្រុមក្រសួងការពារជាតិដែលកំពុងតែធ្លាក់កូដយ៉ាងខ្លាំងនោះ ពេលនេះបានស្ទុះឡើងមកនៅលេខរៀងទី៨ ក្នុងតារាងជាបណ្តោះអាសន្ន ព្រោះការប្រកួតទាំង១១លើករបស់ក្រុមនេះគឺឈ្នះ២ ស្មើ៤ ចាញ់៥ មាន១០ពិន្ទុ ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិវិញពេលនេះមិនបារម្ភពីការធ្លាក់ក្នុងតំបន់កាត់ចោលនោះទេ ប៉ុន្តែការសម្លឹងរកតំណែងក្នុងក្រុមកំពូលតារាងទាំង៤គឺនៅមិនទាន់អាចទៅរួចទេ ។
ទោះបីបរាជ័យក្រោមស្នាដៃក្រុមក្រសួងការពារជាតិនាពេលនេះ ក៏គេនៅតែរក្សាបានតំណែងលេខរៀងទី៦ ក្នុងតារាងដដែល ព្រោះ១២ប្រកួតកន្លងមកគេឈ្នះ៤ ស្មើ៤ និងចាញ់៤ មាន១៦ពិន្ទុ ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែមានជំនឿចិត្តក្នុងការស្វែងរកតំណែងក្នុងក្រុមកំពូលតារាងទាំង៤នៅឡើយ ។ រីឯក្រុមចម្ការកៅស៊ូបឹងកេតវិញ ពេលនេះទោះបីបានត្រឹមយកស្មើ២-២ ជាមួយក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្តី ប៉ុន្តែគេនៅតែអាចរក្សាតំណែងជួរមុខក្នុងតារាងដដែល ។
ក្រុមចម្ការកៅស៊ូបឹងកេតពេលនេះលេងបាន១១ប្រកួតមិនដែលចាញ់ និងស្គាល់ស្មើ១ប្រកួត មាន៣១ពិន្ទុ ។ ចំណែកឯក្រុមសាកលវិទ្យាល័យអាស៊ី អឺរ៉ុបវិញ បានធ្លាក់មកនៅលេខរៀងទី៩ នៃតារាងដោយសារតែការប្រកួតទាំង១២លើកកន្លងមកនេះស្គាល់ឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងនោះស្មើ៥ និងចាញ់៦ ប្រកួត ប៉ុន្តែមិនទាន់ដឹងថា ក្រុមនេះអាចគេចផុតពីតំបន់កាត់ចោល ឬយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ