ខេត្តកណ្តាល ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនមួយ ពណ៌ឈាមជ្រូកលាយស ពាក់ស្លាកលេខបាត់ដំបង 3A-1236 ខណៈបើកលឿនជ្រុលទៅបុកម៉ូតូមា៉កឌ្រីមសង់សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រុងព្រះសីហនុ 1A-9523 កៀបជាប់ក្រោមរថយន្តអូសប្រមាណជិត២០០ម៉ែត្រ បណ្តាលឱ្យអ្នកបើកម៉ូតូរលាត់ដៃជើង បាក់ប្រអប់ជើងខាងស្តាំរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៥ មិថុនា តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ស្ថិតក្នុងភូមិ គគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ។ ជនរងគ្រោះឈ្មោះ បូម សំបួរ ភេទប្រុស អាយុ៣២ឆ្នាំ ជាជាងសំណង់ រស់នៅភូមិព្រែកជ្រៃ ឃុំព្រែកឫស្សី ស្រុងល្វាឯម ខេត្តកណ្តាល ។
សាក្សីឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឌ្រីមពីត្បូងទៅជើងស្របទិសជាមួយរថយន្ត ខណៈមកដល់ចំណុចកើតហេតុ ម៉ូតូបត់ទៅខាងឆ្វេងដៃធ្វើឱ្យរថយន្តដែលបើកក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូកៀបជាប់ក្រោមរថយន្តអូសជិត២០០ម៉ែត្រ ទើបអ្នកបើករថយន្តរត់បាត់ ។ រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចនៃការិយាល័យនគរបាលចរាចរផ្លូវគោកយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករង់ចាំដោះស្រាយតាម ក្រោយ ៕
ចែករំលែកព័តមាននេះ