ទិវាយុវជនបានដាក់ចេញប្រធានបទ «បេតិកភណ្ឌរស់ ប្រាសាទ បរិស្ថាន និងប្រជាជន («ទេព» ដូចជា ទេវៈ ឬទេព្តា)» ។ បរិស្ថាន គឺផ្តោតជាពិសេសទៅលើ ព្រៃឈើ និងទឹក ។ នៅក្នុងឧទ្យានអង្គររបស់យើង ប្រាសាទ បរិស្ថាន (ព្រៃឈើ និងទឹក) និងប្រជាជន បានស្ថិតនៅយ៉ាងសុខដុមរមនាជាមួយគ្នា មិនអាចញែកដាច់ពីគ្នាបានទេ ។ នេះគឺជាលក្ខណៈពិសេសនៃអង្គរ ។
ប្រាសាទ ៖ តាមការចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ផ្ទៃតំបន់ដែលត្រូវការពារមានផ្ទៃដីស្មើនឹង៤០.១០០ហិកតា ។ នៅក្នុងនោះមានស្ថានីយបុរាណវិទ្យា និងប្រវិត្តិសាស្ត្រចំនួនដល់ទៅ៩១ ដែលសុទ្ធសឹងតែល្អប្រណីត វិសេសវិសាល កសាងឡើងពីរាជស្តេចមួយអង្គទៅមួយអង្គទៀតជាបន្តបន្ទាប់ ក្នុងនោះមានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ។ល។ អ្នកខ្លះនិយាយថា ប្រាសាទអង្គរវត្តបានក្លាយជាបេតិកភណ្ឌពិភពលោក នោះជាការច្រឡំទេ ព្រោះអង្គរវត្តគ្រាន់តែជាប្រាសាទមួយប៉ុណ្ណោះ គួរនិយាយថា ឧទ្យានអង្គរ ។
ព្រៃឈើ ៖ ប្រាសាទទាំងនោះ ស្ថិតនៅក្នុងបរិស្ថានធម្មជាតិដ៏ធំល្វឹងល្វើយ គឺមានព្រៃឈើដែលគ្របដណ្តប់លើផ្ទៃវាលរាប ក៏ដូចជាលើភ្នំជាច្រើន ដូចមានភ្នំគូលែន ភ្នំបាខែង ភ្នំបូក ។ល។ ព្រៃឈើក្នុងឧទ្យានអង្គរមានផ្ទៃប្រមាណ៤.៥០០ហិកតា គឺស្មើនឹង១១,៥០% នៃផ្ទៃដីទាំងមូល ។ ព្រៃឈើមិនមែនគ្រាន់តែជាប្រភពបង្កបង្កើតឱ្យមានភ្លៀងប៉ុណ្ណោះទេ គឺមានតួនាទីពិសេសសម្រាប់ប្រាសាទ ធ្វើជារនាំងការពារប្រាសាទ ទប់ទល់នឹងខ្យល់ខ្លាំងដែលបក់បោក និងជាម្លប់សម្រាប់ការពារប្រាសាទទៀតផង ។ គ្រប់ភ្ញៀវទេសចរ ដែលបានមកទស្សនាឧទ្យានអង្គរ តែងតែចងចាំជានិច្ចនូវប្រាសាទតាព្រហ្ម ដែលមានដើមឈើធំដុះលើតួប្រាសាទ ។
ទឹក ៖ កាលណាគេនិយាយពីអង្គរ គេតែងតែនឹកដល់បារាយណ៍ខាងលិច ហៅបារាយណ៍ទឹកថ្លា ដែលមានទំហំ៨គីឡូម៉ែត្រ គុណ២,២គីឡូម៉ែត្រ ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ ។ បារាយណ៍ខាងកើត ខាងត្បូង និងខាងជើង បានរីងស្ងួតប្រមាណ៥០០ឆ្នាំមកហើយ ។ ទើបតែនៅឆ្នាំ២០០៩ ដែលអាជ្ញាធរអប្សរា បានជួសជុលប្រឡាយបង្ហូរទឹកបញ្ចូលបារាយណ៍ខាងជើង ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាលឡើងវិញ ។ មិនតែប៉ុណ្ណោះទៀតសោត មានប្រឡាយតូចធំរាប់មិនអស់ ដែលរត់កាត់ឧទ្យានអង្គរទាំងមូល ដូចសរសៃឈាមក្នុងសារពាង្គកាយយើងដូច្នេះដែរ ។ បណ្តាញធារាសាស្ត្រដ៏មហាធំធេងនេះ គឺសម្រាប់ប្រើប្រាស់បញ្ចៀសទឹកមិនឱ្យលិចលង់ដល់ប្រាសាទ និងក្រុងសៀមរាបសព្វថ្ងៃ ។ ជាក់ស្តែងគឺស្ទឹងសៀមរាប ត្រូវបានបង្វៀងទៅស្ទឹងរលួស និងស្ទឹងពួក ពេលណាដែលមានទឹកច្រើនហួសប្រមាណ ។
មិនតែប៉ុណ្ណោះបុព្វការីជនរបស់ខ្មែរយើង បានកសាងកសិណទឹកព័ទ្ធជុំវិញប្រាសាទសំខាន់ៗ ដើម្បីស្តុកទឹកនាពេលរដូវប្រាំង ដើម្បីថែរក្សាដីខ្សាច់ដែលជាគ្រឹះប្រាសាទឱ្យមានសំណើមជានិច្ច ព្រោះខ្សាច់សើមមានសមត្ថភាពទ្រទ្រង់ទម្ងន់ប្រាសាទឱ្យមានលំនឹងកុំឱ្យស្រុត ឬទ្រេតរលំ ។ នេះជាបច្ចេកទេសខ្ពស់បំផុតក្នុងការសាងសង់សំណង់ដំធំធេង និងដ៏ល្អឆើតមានអច្ឆរិយភាពខ្ពង់ខ្ពស់ ។
ប្រជាជន ៖ តំបន់ជុំវិញប្រាសាទសុទ្ធតែជាភូមិ ដែលមានប្រជាជនរស់នៅតៗគ្នាតាំងពីបុរាណកាលមកដល់សព្វថ្ងៃ ដែលផ្តល់លក្ខណៈពិសេសដល់ឧទ្យានអង្គរឱ្យទៅជាមរតករស់រវើក (Living Heritage) ។
អ្នកស្រុកទាំងនេះត្រូវបានគេចាត់ទុកជាបេតិកភណ្ឌដែរ ដោយអ្នកទាំងនោះថែរក្សាបេតិកភណ្ឌអរូបី មានទំនៀមទម្លាប់ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំថ្ងៃតាំងពីយូរលង់មកហើយ ។ ភាសានិយាយ ក៏ជាមរតកមួយដែរ ដូចអ្នកភូមិប្រដាកមានសំនៀងប្លែកពីអ្នកភូមិឯទៀតៗ ។ មានពាក្យពេចន៍ខ្លះក៏ប្លែកពីគេឯងដែរ ។ នាពេលបច្ចុប្បន្ន មានប្រជាជនប្រហែល១២០.០០០នាក់ ដែលរស់នៅក្នុងភូមិចំនួន១១២ ក្នុងផ្ទៃឧទ្យានអង្គរ ។ មិនមែនប្រាសាទអង្គរវត្តទេ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ១៩៩២នោះ គឺរមណីយដ្ឋានអង្គរទាំងមូល ដែលក្នុងនោះមានស្ថានីយបុរាណវិទ្យានិងប្រវត្តិសាស្ត្រចំនួនដល់ទៅ៩១ឯណោះ។ ប្រាសាទអង្គរវត្ត គ្រាន់តែជាប្រាសាទមួយក្នុងចំណោមនោះប៉ុណ្ណោះ ។
នៅក្នុងបញ្ជីបេតិកភណ្ឌ គេបានកំណត់ផ្ទៃដីដែលត្រូវការពារមាន៣កន្លែងគឺ ៖
-តំបន់កណ្តាល ដែលមានប្រាសាទជាច្រើនដូចជា អង្គរវត្ត បាយ័ន នាគព័ន្ធ ។ល។ មានផ្ទៃ៣៥.១០០ហិកតា ។
-តំបន់ខាងជើង ដែលមានប្រាសាទបន្ទាយស្រី មានផ្ទៃ២.០០០ហិកតា ។
-តំបន់ខាងត្បូង ហៅតំបន់រលួស ដែលមានប្រាសាទព្រះគោ បាគង និងលលៃ ។ល។ មានផ្ទៃ៣.០០០ហិកតា ។ បូកសរុបទាំងអស់ស្មើនឹង៤០.១០០ហិកតា ។
ផ្ទៃដី៤០.១០០ហិកតានេះ អាចហៅថា ឧទ្យានអង្គរ ដែលអាជ្ញាធរការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា «អាជ្ញាធរអប្សរា» មានកាតព្វកិច្ចការពារថែរក្សា និងអភិវឌ្ឍដោយចីរភាព» ៕
ចែករំលែកព័តមាននេះ