នឹកឃើញដល់សមុទ្រ ប្រជាជនកម្ពុជានឹងឃើញដល់សម្រស់ខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងជាតំបន់ទេចរណ៍ដ៏សំខាន់ទីពីររបស់ប្រទេសកម្ពុជាបន្ទាប់ពីខេត្តសៀមរាប ។

ប៉ុន្តែភាពទាក់ទាញរបស់ខេត្តនេះបានចាប់ធ្វើដំណើរចេញពីបេះដូងប្រជាជនកម្ពុជាជាបណ្តើរហើយ ខណ:ដែលខេត្តសមុទ្រមួយនេះបានមកដល់ចំណុចប្រែប្រួលមួយ ។ នោះគឺការចាប់ផ្តើមចាកចេញពីឋានសួគ៌ទេសចរណ៍សម្រាប់ប្រជាជនកម្ពុជានិងជនបរទេសហើយបានក្លាយជាទីកន្លែងមួយដែលមានវត្តមានជនជាតិចិនច្រើនជាងគេ ក្នុងចំណោមខេត្តនានានៅកម្ពុជា ហើយវាក៏ជាកន្លែងដែលមានកាស៊ីណូច្រើនជាងគេបំផុតផងដែរ ។
សញ្ញាប្រកាសអាសន្នមួយបានបង្ហាញឡើង នៅពេលដែលចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្លាក់ចុះនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយសារតែពួក គេយល់ថាអ្វីៗបានឡើងថ្លៃហួស ហេតុទាំងម្ហូបអាហារនិងសណ្ឋាគារព្រមទាំងផ្ទះសំណាក់ បន្ទាប់ពីជនជាតិចិន បានសម្រុកចូលទៅរស់នៅនិង រកស៊ីនៅក្នុងខេត្តសមុទ្រមួយនេះ ។ ការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ គេនឹងឃើញសកម្មភាពសាង សង់សណ្ឋាគារ និង កាស៊ីណូ យ៉ាងគគ្រឹកគគ្រេងដោយជនជាតិចិន ហើយសូម្បីតែមុខរបរតូចៗក៏មានជនជាតិចិនរកស៊ីផងដែរ ដោយរួមទាំងផ្សារតាមផ្ទះលក់របស់របរប្រើប្រាស់រហូតដល់ហាងកាត់សក់តូចតាច ។

តាមឆ្នេរសមុទ្រ សំណង់សណ្ឋាគារខ្ពស់ៗនិងកាស៊ីណូកំពុងតែត្រៀមខ្លួនកើតមានបន្ថែមទៀត ខណ: ដែលនៅកណ្តាលទីក្រុងកាស៊ីណូមិនតិចជាង៤០ឡើយកំពុងតែបង្ហាញខ្លួន និងរកស៊ីយ៉ាងគគ្រឹកគគ្រេងនៅទីនោះ ។ នេះបើយោងតាមការអះអាងរបស់មន្ត្រីក្រសួងទេសចរណ៍ ។ ប្រភពក្រៅផ្លូវការមួយទៀតបានឱ្យដឹងថាចំនួនកាស៊ីណូអាចមានដល់ជិត១០០ ។ ទោះបីជាតួលេខមួយណាក៏ដោយកាស៊ីណូដែលភាគច្រើនបំផុត ដំណើរការដោយជនជាតិចិនកំពុងតែធ្វើឱ្យប្រែប្រួលមុខមាត់ខេត្តព្រះសីហនុពីខេត្តទេសចរណ៍សមុទ្រដ៏ស្រស់ស្អាតទៅជាឋានសួគ៌កាស៊ីណូ ។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ភ្ញៀវទេសចរជនជាតិចិនចំនួន១,២លាននាក់ បានទៅលេងខេត្តព្រះសីហនុកាលពីឆ្នាំ២០១៧ ដោយកើនឡើងរហូតដល់ជាង៥០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៦ ។ ការចូលស្នាក់នៅតាមសណ្ឋាគារផ្កាយប្រាំនៅខេត្តព្រះសីហនុនឹងនាំដល់ចំណាប់អារម្មណ៍ដ៏ពិតប្រាកដ ដោយសម្បូរដោយជនជាតិចិនស្នាក់នៅ ខណ:ដែលភ្ញៀវទេសចរបរទេសផ្សេងទៀតកំពុងដកខ្លួនថយបណ្តើរៗ ។ វត្តមានរបស់ជនជាតិចិនផ្តល់ទាំងក្តីរីករាយនិងការភ័យខ្លាច ។ រឿងដែលរីករាយ គឺសេដ្ឋកិច្ចកំពុងតែរស់រវើកហើយការបណ្តាក់ទុនធំៗជាច្រើន ដោយជនជាតិចិនកំពុងតែធ្វើឱ្យលុយដុល្លារហូរចូលខេត្តព្រះសីហនុយ៉ាងគំហុក ។ ទន្ទឹមជាមួយគ្នានោះការងារ ជាច្រើនបានកើតមាន ពិសេសសម្រាប់អ្នកធ្វើការងារសំណង់ ធ្វើការតាមសណ្ឋាគារ តាមកាស៊ីណូ និងតាមកន្លែងកម្សាន្ត ។ កំណើននៃការសាងសង់បានធ្វើឱ្យមានប្រជាជនកម្ពុជាជាច្រើន នាំគ្នាទាំងគ្រួសារទៅធ្វើការនៅទីនោះ ដោយបានទទួលកម្រៃជាងកន្លែងផ្សេង ។
កម្មករសំណង់ម្នាក់នៅទីនោះបានឱ្យដឹងថា គាត់ធ្វើការបានកម្រៃរហូតដល់១១ដុល្លារក្នុងមួយថ្ងៃ ហើយប្រពន្ធរបស់គាត់ធ្វើការនៅក្នុងហាងមួយដោយទទួលបានប្រាក់ខែចំនួន២៥០ដុល្លារ ។ ក្រៅពីនេះ អ្នករស់នៅក្រុងព្រះសីហនុមួយចំនួន ក៏បានក្លាយទៅជាអ្នកមាន ដោយសារតែតម្លៃដីឡើងថ្លៃកប់ពពក ហើយការជួលអគារឱ្យជនជាតិចិនក៏បានថ្លៃជាខ្លាំង ។ មុខរបររបស់ប្រជាជនកម្ពុជាមួយចំនួនដូចជាភោជនីយដ្ឋាន និងហាងតូចៗ បានចាប់ផ្តើមបិទទ្វារដោយសារតែមិនអាចមានលទ្ធភាពបង់ថ្លៃជួលដីដែលឡើងថ្លៃកប់ពពក ។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនក៏ចាប់ផ្តើមមានការបារម្ភអំពីបញ្ហាសង្គមដែលនឹងកើតមានច្រើនដោយសារវត្តមានជនជាតិចិននិងកាស៊ីណូដ៏ច្រើននៅក្នុងក្រុងព្រះសីហនុ ។ បុគ្គលិកអង្គការសិទ្ធិមនុស្សម្នាក់និយាយថា «កាលណាមានល្បែងស៊ីសង វានឹងមានបញ្ហាជាច្រើន ។ វាអាចធ្វើឱ្យពលរដ្ឋខ្មែរ មួយចំនួនដែលរស់នៅទីនោះលង់ខ្លួនក្នុងល្បែងស៊ីសងហើយអំពើចោរកម្ម ប្លន់ និងចាប់ជម្រិតក៏អាចនឹងកើតមានដោយសារតែល្បែងស៊ីសង » ។

តាមច្បាប់កម្ពុជា ប្រជាជនកម្ពុជាមិនត្រូវបានអនុញ្ញាតឱ្យចូលលេងតាមកាស៊ីណូឡើយ ។ ប៉ុន្តែការចុះអង្កេតផ្ទាល់របស់អ្នកយកព័ត៌មាន«កោះសន្តិភាព» បានបង្ហាញថាមិនមានការត្រួតពិនិត្យត្រឹមត្រូវឡើយ ។ អ្នកយកព័ត៌មាន«កោះសន្តិភាព»បានចូលដល់កាស៊ីណូជាច្រើន នៅក្រុងព្រះសីហនុ ដោយគ្មានការឆែកឆេរហើយនៅក្នុងការស៊ីណូក៏មានជនជាតិខ្មែរមួយចំនួនកំពុងអង្គុយលេងល្បែងផងដែរទោះបីជាភ្ញៀវភាគច្រើនជាជនជាតិចិនក៏ដោយ ។
ការរកស៊ីរបស់ជនជាតិចិនក៏មានលក្ខណ:ជាខ្សែសង្វាក់ទេសចរណ៍ ដូចជាការបើកសណ្ឋាគារ ការបើកភោជនីយដ្ឋាន ការបើកខារាអូខេ និងសេវាកម្មកម្សាន្តផ្សេងទៀត ព្រមទាំងបររកស៊ីគ្រប់ប្រភេទ ។ ចំណែកជនជាតិចិនក៏ចូលចិត្តទិញ ប្រើសេវា និងស្នាក់នៅកន្លែងណាដែលដំណើរការដោយជនជាតិចិនដូចគ្នា ។ និន្នាការបែបនេះនឹងធ្វើឱ្យប្រជាជនកម្ពុជា ពិបាកនឹងទទួលបានផលប្រយោជន៍ អតិប្បរិមាពីកំណើនភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា ដោយសារតែលុយបានចេញពីហោប៉ៅមួយរបស់ចិនចូលហោប៉ៅមួយទៀតរបស់ចិនតែប៉ុណ្ណោះ ។

ទន្ទឹមជាមួយគ្នានោះ ក្នុងអារម្មណ៍ទូទៅរបស់ប្រជាជនកម្ពុជា ក្រុងព្រះសីហនុលែងក្លាយជាកន្លែងគួរឱ្យទាក់ទាញសម្រាប់ពួកគេធ្វើដំណើរទៅកម្សាន្តទៀតហើយ ដោយហេតុផលការចំណាយខ្ពស់ និងវត្តមានច្រើនហួសហេតុរបស់ជនជាតិចិន ។ ស្ថានភាពក្រុងព្រះសីហនុ ពេលនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ ជាពិសេសដើម្បីធានាថាវាជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ប្រជាជនកម្ពុជា ទៅកម្សាន្តលេង ហើយវាក៏ជាប្រភព ចំណូលដ៏សំខាន់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាកម្ពុជា ។ ខេត្តព្រះសីហនុត្រូវតែរក្សាកេរ្តិ៍ឈ្មោះដើមរបស់វា ជាតំបន់ទេសចេរណ៍សមុទ្រដ៏ស្រស់ស្អាតនិងទាក់ទាញបំផុត ។
បច្ចុប្បន្ននេះវាមិនគួរត្រូវបានធ្វើឱ្យប្រែប្រួលហួស ហេតុទៅជាឋានសួគ៌ល្បែងស៊ីសងឡើយ ។ អាជ្ញាធរខេត្ត និងរដ្ឋាភិបាលកំពុងតែចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងខេត្តព្រះសីហនុ ។ ការគ្រប់គ្រងគួរយកចិត្តទុកដាក់ ជាពិសេសដល់ការគ្រប់គ្រងកាស៊ីណូ ការអភិវឌ្ឍវិស័យទេសចរណ៍ ការគ្រប់គ្រងជនអន្តោប្រវេសន៍ ការការពារមុខរបរចិញ្ចឹមជីវិតតូចរបស់ពលរដ្ឋកម្ពុជា ដែលរស់នៅទីនោះ ៕

ចែករំលែកព័តមាននេះ