ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រានហានបន្ទាយសំរ៉ែដែលពុកផុយខ្លាំងកំពុងត្រូវបានអ្នកជំនាញអប្សរាពង្រឹងរចនាសម្ព័ន្ធ និងគ្រឹះឡើងវិញ

1 នាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​រាន​ហាន​ខាង​មុខ​ប្រាសាទបន្ទាយ​សំ​រ៉ែ ជ្រុង​ខាងលិច​ឆៀង​ខាងត្បូង ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​រាន​ហាន​ខាង​មុខ​ប្រាសាទបន្ទាយ​សំ​រ៉ែ ជ្រុង​ខាងលិច​ឆៀង​ខាងត្បូង ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា ចាប់តាំងពី​ដើម ឆ្នាំ​២០២៥​មក ក្រុម​អ្នកបច្ចេកទេស​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​រាន​ហាន​ខាង​មុខ​ប្រាសាទបន្ទាយ​សំ​រ៉ែ នៅ​ជ្រុង​ខាងលិច​ឆៀង​ខាងត្បូង ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធ​នៃ​រាន​ហាន​នេះ​ឱ្យ​រឹង​មាំ​ឡើង​វិញ ។

លោក ឡុ​ង ណា​រី អ្នកជំនាញ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​និង​បុរាណវិទ្យា បានឱ្យ​ដឹង​ថា រាន​ហាន​ខាង​មុខ​ប្រាសាទបន្ទាយ​សំ​រ៉ែ ជ្រុង​ខាងលិច​ឆៀង​ខាងត្បូង​នេះ បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​ថ្មបាយក្រៀម​ផ្នែក​ខាងក្រោម​បាន​ពុក​ផុយ​ខ្លាំង សសរ​ខ្លះ​ពុក​ផុយ និង​ក្រៀក​ខុស​ពី​ទីតាំង​ដើម ធ្វើ​ឱ្យ​រចនា​សម្ពន្ធ​មិន​រឹង​មាំ​។

ហេតុ​ដូច្នេះ អ្នកជំនាញ​ចាំបាច់​ត្រូវ​ពង្រឹង​គ្រឹះ និង​រចនា​សម្ពន្ធ​ឱ្យ​រឹង​មាំ​ឡើង​វិញ ដោយ​កាយ​យក​ល្បាយ​ដី​ស្អុយ និង​ថ្ម​ដែល​ខូចខាត​ចេញ ដើម្បី​បន្ថែម​ថ្ម​ថ្មី​ខ្លះ​ៗ បន្ទាប់​មក គឺ​បិត​បាយអរ​នៅ​តាម​កម្រាល និង​ព្យាបាល​កន្លែង​ដែល​មាន​ប្រហោង​ឬ​ស្នាម​ប្រេះ ដើម្បី​ការពារ​កុំឱ្យ​ទឹក​ជ្រាប​ចូល​បន្ត​ទៀត​។

អ្នកជំនាញ​បន្ថែម​ថា តាម​ផែនការ​គម្រោង​ជួសជុល​អភិរក្ស​រាន​ហាន​ខាង​មុខ ជ្រុង​ខាងលិច​ឆៀង​ខាងត្បូង​នៃ​ប្រាសាទបន្ទាយ​សំ​រ៉ែ​នេះ ចំណាយ​ពេលវេលា​ចំនួន​១​ឆ្នាំ ប៉ុន្តែ​ដោយ​រដូវវស្សា​ឆ្នាំ​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន ធ្វើ​ឱ្យ​ដំណើរការ​ជួសជុល​មាន​ភាព​យឺតយ៉ាវ​។

ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​កំពុង​ព​ន្លឿ​ន​ការងារ​នេះ ដោយ​ស​ង្ឈឹ​ម​ថា អាច​រួចរាល់​តាម​ផែនការ​គ្រោងទុក ឬ​យឺត​ជាង​នេះ​បន្តិច​។

លោក ឡុ​ង ណា​រី បាន​បញ្ជាក់​បន្ថែម​ថា គម្រោង​ជួសជុល​នេះ អនុវត្ត​តែ​ចំពោះ​តួ​នៃ​រាន​ហាន​ប៉ុណ្ណោះ ចំណែក​បង្កាន់ដៃ​នាគ​នៅ​ផ្នែក​ខាងលើ ជា​គម្រោង​អនុវត្ត​នៅ​ឆ្នាំ​បន្ទាប់​។

សូម​បញ្ជាក់​ថា រាន​ហាន​ខាង​មុខ​ប្រាសាទបន្ទាយ​សំ​រ៉ែ ជ្រុង​ខាងលិច​ឆៀង​ខាងត្បូង​នេះ ជួសជុល​ដោយ​ក្រុម​និស្សិត​ជា​សិក្ខា​ម ដែល​ទទួល​បានការ​បណ្តុះបណ្តាល រយៈពេល​២​ឆ្នាំ​កន្លះ​មក ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ស្ថាប័ន​GIZ របស់​អា​ល្លឺ​ម៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ